យោងតាមលិខិតដែលបានបង្ហោះ បញ្ជាក់ថា លោកស្រី ម៉ាត់ ម៉ារី ដែលគេស្គាល់ថាគឺជា អនុប្រធានទទួលបន្ទុកទំនាក់ទំនងសាធារណៈ និង យេនឌ័រសមាគមសហព័ន្ធ អ្នកសារព័ត៌មានសម្រាប់សន្តិភាពនិងអភិវឌ្ឍន៍ ត្រូវបានថ្នាក់ដឹកនាំសមាគមមួយនេះ សម្រេចបញ្ចប់មុខតំណែងជាផ្លូវការហើយ ក្រោយពេលលោកស្រីផ្ទុះរឿងឆបោកលុយ ហើយត្រូវបានចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ សុខុម សុជាតា ចេញលិខិតអោយចូលបំភ្លឺ ពីបទឆបោក។
ជាមួយនឹងការបែកធ្លាយលិខិតដែលបានបង្ហោះនេះ បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលលោកស្រី និង ស្វាមី គឺសុទ្ធតែជាបុគ្គល ដែលមានមុខមាត់ និង កិត្តិយសនៅក្នុងសង្គម តែបែរជាមានរឿងអាស្រូវមិននឹកស្មានក្នុងពេលនេះ ដែលបណ្ដាលអោយលោកស្រី បាត់បង់ទាំងកិត្តិយស និង មុខតំណែង នៅក្នុងសមាគមសហព័ន្ធអ្នកសារព័ត៌មានម្រាប់សន្តិភាព និង អភិវឌ្ឍន៍ នាពេលនេះ។
យ៉ាងណាមិញ ក្រោយលិខិតទាំងនេះ ត្រូវបានចែកចាយ គេមិនដែលឃើញលោកស្រីប្រតិកម្ម ឬ ចេញមុខបំភ្លឺ អោយមហាជនអស់ចិត្តឡើយ ទើបគេកំពុងតែចាំការបកស្រាយ ដើម្បីអោយដឹងថា នៅពីក្រោយការបញ្ចប់មុខតំណែង និង ត្រូវតុលាការចេញលិខិតអោយចូលខ្លួនបំភ្លឺរឿងឆបោកនេះ តើមានការពិតកម្រិតណា។
ជាមួយនឹងមន្ទិលនេះ ក៏សង្ឃឹមថា លោកស្រី និង ក្រុមគ្រួសារចេញមុខស្រាយចម្ងល់ ដើម្បីអោយអង្គភាពយើង ទទួលបាននូវព័ត៌មានដែលពិត និង ច្បាស់ការផងដែរ៕