ខណៈដែលមានផេកមួយសរសេររៀបរាប់ឈ្មោះកីឡាករមួយចំនួន ដោយរួមមានទាំងឈ្មោះ ឡុង សុភី ថាជាកីឡាករឡើងប្រកួតយកលុយនោះ កីឡាកររូបនេះនៅតែបង្ហោះប្រតិកម្ម ដោយលោកយល់ថាការរាយឈ្មោះអ្នកប្រដាល់ ហើយថាប្រកួតមិនកើត ដោយរួមមានទាំងលោកផង គឺជារឿងពិបាកទទួលយក។ លោកថាការរិះគន់ដែលមានន័យស្ថាបនា គឺលោកពេញចិត្ត តែបើការរិះគន់ជារបៀបបំបាក់ទឹកចិត្ត គឺលោកសុំមិនទទួលយក។

ប្រតិកម្មរបស់លោកគឺបានកើតឡើងបន្ទាប់ពីមានផេកមួយបានសរសេរដោយចំហរថា”ថ្ងៃនេះ សូមបញ្ចេញឈ្មោះកីឡាករ ដែលវ៉ៃលំៗ យកតែលុយ ដូចខាងក្រោម ១. សោម វិឆ័យ ២.ឡុង សុភី ៣. សូត្រ ខេវិន ៤.អេវិរៈ ភូថង ៥. យ៉េន ឌីណា ៦.សួន ចាន់នី ៧.ពុធ ឆាយរិទ្ធី ៨.វង្ស វិឆ័យ”។ បន្ថែមពីលើការបង្ហោះ គេឃើញមានការបញ្ចេញមតិជាច្រើនជុំវិញភាពអសមត្ថភាពរបស់កីឡាករដែលបានរៀបរាប់ឈ្មោះ ខណៈដែលអ្នកខ្លះបានទាំងរិះគន់ថា កីឡាករទាំងនោះ គឺឡើងប្រកួតយកតែលុយ ហើយមិនគិតពីកិត្តិយស និង មុខមាត់នោះផង។ យ៉ាងណាក៏ដោយក្នុងចំណោមកីឡាករទាំងអស់ដែលត្រូវម្ចាស់អាក់ខោននេះរិះគន់ គឺមានតែកីឡាករ ឡុង សុភី ម្នាក់ប៉ុណ្ណោះ ដែលហ៊ានចេញមុខតបត។ លោកបានបង្ហោះវាយបកទៅកាន់អ្នករិះគន់នោះថា តើការបង្ហោះបែបនេះគឺជាការអោយតម្លៃអ្នកប្រដាល់ដែរ ឬទេ? លោកបានបន្តទៀតថា តើអ្នកប្រដាល់ណាម្នាក់ដែលឡើងរេញ មិនចង់ឈ្នះ ហើយតើអ្នកប្រដាល់ណាមួយដែលមិនស្រលាញ់កិត្តិយស និង មុខមាត់”។ លោកបានសរសេររបៀបឌីទៅកាន់ការបង្ហោះនោះបន្ថែមពីលើការបកស្រាយថា”បើមិនអោយវ៉ៃយកលុយ តើអោយវ៉ៃយកអ្វីទៅបងប្អូន? ចង់ដឹងតិច ថាកីឡាករយើងទាំងអស់គ្នា ប្រកួតយកលុយ ឬ យកកន្លែង បងប្អូនខ្ញុំមិនយល់ ចង់សួរអោយច្បាស់ បងប្អូន ចង់សួរបងប្អូនថាមើលប្រដាល់ប៉ុន្មានឆ្នាំហើយ ហើយបានប៉ុន្មានជំនាន់ហើយ បងប្អូនរៀបរាប់ខ្ញុំផង។ តើកីឡាករខ្មែរមួយណា ដែលប្រកួតមិនយកលុយ ជួយប្រាប់ផង សុំទោសដែលខ្ញុំសួរត្រង់ពេក”។ ជាមួយនឹងអ្នក Coment ថា កីឡាករណាក៏ចង់បានលុយដែរ តែត្រូវស្រលាញ់កិត្តិយសផងដែរ គឺមិនអាចឡើងប្រកួតលំៗបានទេ។ កីឡាករ ឡុង សុភី បញ្ជាក់ថា គ្មានកីឡាករណាមួយ ដែលឡើងប្រកួតហើ ហើយចង់អោយមហាជនជេរ ឬ មាក់ងាយទេ ប៉ុន្តែការប្រដាល់គឺវាមិនមែនជារឿងងាយស្រួលទេ ជួនកាលគូប្រកួតមិនមែនជាអ្នកខ្លាំងទេ ប៉ុន្តែនៅពេលប៉ះគ្នា បែរជាគេមានតិចនិចប្រកួតល្អជាង ដែលពិបាកចូលចុះ។ លោកបកមកវិញថា ប្រសិនបើដឹងថា គូរប្រកួតគេមានស្នៀតខ្លាំង ហើយដឹងថាពិបាកវាយសម្រុកហើយ តើអោយកីឡាករទាំងនោះត្រូវប្រកួតប្ដូរ ដើម្បីទទួលបានការសើរនោះទេ ក្នុងពេលដែលមានរបួសស្នាម ឬរបួសធ្ងន់ គឺជាផលប៉ះពាល់តែម្យ៉ាងរបស់កីឡាករ។ លោកថាអ្នកប្រដាល់ឡើងប្រកួតចង់បានលុយ តែទន្ទឹមនឹងការចង់បានលុយ ក៏ចង់បានមុខមាត់ និង កិត្តិយសផងដែរ គឺមិនមែនឡើងប្រកួតចង់បានតែលុយដូចការលើកឡើងទេ។ លោកថាកីឡាករមិនមែនចេះតែប្ដូរជីវិត នូវគ្រប់ការប្រកួតនោះទេ គឺត្រូវមើលស្ថានការណ៍ផងដែរ ហើយបើស្ថានការណ៍ខ្លះ វាយចូលមិនកើត គឺមានតែការវាយទប់ប៉ុណ្ណោះ មិនមែនចេះតែរុលដើម្បីបានការសរសើរ ហើយចុងក្រោយក៏បាត់បង់អាជីព ព្រោះតែរបួសធ្ងន់ធ្ងន់បានទេ។ ម្យ៉ាងនៅក្នុងបរិយាកាសនេះ សូម្បីតែលោកក៏ហ្វឹកហាត់មិនសូវជាប់លាប់នោះដែរ ដូច្នេះប្រសិនបើវាយសំរុកដោយមិនមើលមុខក្រោយ គឺពិតជាមិនចេះស្មានកម្លាំង។ លោកទទូចអោយអ្នកលេងហ្វេសប៊ុក កុំបំបាក់ទឹកចិត្តអ្នកប្រដាល់ដោយពាក្យបន្ដុះបង្អាប់ តែសូមអោយកែតម្រូវដោយការលើកទឹកចិត្ត និង ជួយស្វែងយល់ពីមូលហេតុ ដែលធ្វើកីឡាករនោះ វាយមិនអស់ដៃនៅក្នុងការប្រកួតនោះជាជំនួសវិញ។

ជាមួយនឹងការបកស្រាយរបស់ ឡុង សុភី ត្រូវបានគេមើលឃើញថា គឺឆ្លុះបញ្ចាំងពីទស្សនៈរបស់កីឡាករទាំងអស់ដែលត្រូវបានគេរៀបរាប់ខាងលើ ហើយក៏ពន្យល់បកស្រាយ ជុំវិញមូលហេតុកីឡាករល្បីឈ្មោះមួយចំនួន សុខចិត្តបរាជ័យទាំងអាម៉ាស់ ហើយមិនធ្វើការប្រកួតប្ដូរផងដែរ។ លោក ឡុង សាលវ័ន្ត ជាគ្រូបង្វឹករបស់ ឡុង សុភី ធ្លាប់បានបញ្ជាក់ថា វាមិនចម្លែកនោះទេ សម្រាប់កីឡាករ ដែលប្រកួតល្អ១០០ដង ហើយប្រកួតមិនបានល្អម្ដង ឬ ពីរដង ហើយក៏រងការរិះគន់។ លោកថា កីឡាករខ្មែរ អ្នកខ្លះឡើងប្រកួតហូបមី ហូបត្រីខនោះទេ ដូច្នេះមានហេតុផលច្រើនណាស់ ដែលធ្វើអោយកីឡាករខ្មែរឆាប់ធ្លាក់ដៃ និង ប្រកួតមិនបានល្អ ដែលអ្នកទស្សនាភាគច្រើនគួរតែយល់។ ជាក់ស្ដែងដូចកូនសិស្សលោកខ្លះ ត្រូវធ្វើសំណង់ផ្សំ និង ធ្វើការជាសន្តិសុខអត់ងងុយបន្ថែមនោះទេ ដោយសាតែពឹងលើប្រដាល់តែមួយមុខគឺពិបាករស់។ លោកថាកុំប្រដូចអ្នកប្រដាល់នៅបរទេស ព្រោះនៅស្រុកគេ គូឯកមួយៗ គេបានខ្ទង់ម៉ឺន គេអាចយកលុយមកទ្រទ្រង់ជីវភាពគេបាន ប៉ុន្តែកីឡាករខ្មែរ គឺភាគតិចណាស់ ដែលបានលុយពីការប្រកួតសុទ្ធសាធ ដើម្បីរស់ស្រួល។ ក្នុងនោះសូម្បីតែកីឡាករឡើងប្រកួតញឹកពេក ក៏ត្រូវឈឺខ្លួន និង មានរបួសចាស់មិនចេះអស់ផងដែរ គឺមិនមែនស្រួលដូចអ្នកថានោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here