ក្នុងរយៈពេលចុងក្រោយ គេកត់សម្គាល់ថា តារាសម្ដែង និងជាពិធីការិនី អ្នកនាង រៀម ច័ន្ទបរមី កាន់តែមានសម្រស់ផូរផង់យ៉ាងខ្លាំង ដោយអាចនិយាយបានថា ក្រមុំវ័យក្មេងមួយចំនួនសុំខ្មាស់នោះផង បើទោះជាអ្នកនាងមិនមែនជានារីវ័យ១៨ឆ្នាំ។ អ្នកគាំទ្រមិនតិចទេ យល់ថា នាងស្អាតប្លែក និង កាន់តែមានសាច់ឈាមភ្លឺថ្លា បន្ទាប់ពីជីវិតសិល្បៈរបស់នាង និង មុខជំនួញដែលនាងប្រឹងប្រែង ចាប់ផ្ដើមជោគជ័យ។

បើទោះជា រៀម ច័ន្ទបរមី មិនសូវស្រវាស្រទិញការសម្ដែងភាពយន្តដើម្បីបង្កើតស្នាដៃអោយបានច្រើន តែគេនៅតែមើលឃើញថា មេម៉ាយស្រស់ស្អាតរូបនេះឡើងកូដ ដោយនាងមានមុខគ្រប់កម្មវិធីតូចធំ និង ត្រូវគេកត់សម្គាល់ថាបានក្លាយជាអ្នកសិល្បៈ ដែលអ្នកសិល្បៈស្គាល់ច្បាស់ដូចថ្ងៃ ដែលខុសប្លែកពីសិល្បការិនីខ្លះ ដែលមិនសូវមានអ្នកសិល្បៈភាគច្រើនស្គាល់ទូលំទូលាយនោះ។ ស្ទើរតែគ្រប់កម្មវិធីដែលមានការជួបជុំពីអ្នកសិល្បៈ គឺ រៀម ច័ន្ទបរមី កម្របាត់មុខ ដោយគ្រប់កម្មវិធីដែលនាងបង្ហាញខ្លួនម្ដងៗ គឺលែងខ្លួនស្រស់ស្អាត និងលូយឆាយ មិនចាញ់តារាល្បីៗ លេងខ្លួនទាំងពួងឡើយ។ នេះជាលទ្ធផលដែលនាងតស៊ូអស់រយៈពេលច្រើនឆ្នាំ ដែលនាងតែងលើកឡើងថា គឺចង់ស្មើមុខស្មើមាត់នៅក្នុងចង្កោមអ្នកសិល្បៈ ក្រោយពេលហក់ចូលនោះ។ ជាក់ស្ដែងចាប់តាំងពីនាងបានឈរជើងជាពិធីការិនីក្នុងកម្មវិធី My Idol ជាមួយលោក MC វុទ្ធី គឺរឹតតែធ្វើអោយតារាស្រីរូបនេះលេចធ្លោ និងមានមុខខ្លាំងឡើង ជាពិសេសក្នុងទីផ្សារថតម៉ូដ ថតឃ្លីបរឿងខ្លី និងថតពាណិជ្ជកម្មជាដើម លើកលែងតែការថតរឿងដែលចំណាយពេលយូរៗ ដែលគេកម្រឃើញនាងទទួល។ យ៉ាងណាមិញ រៀម ច័ន្ទបរមី បានលើកឡើងថា មូលហេតុដែលនាង មិនខ្វល់ទទួលសម្ដែងរឿងភាគ ដែលត្រូវចំណាយពេលយូរៗ និង ចុះខេត្តឆ្ងាយៗ មិនមែនដោយសារតែមានបុរសជាគូស្នេហ៍ណាម្នាក់ហាមឃាត់នោះទេ ប៉ុន្តែគឺបណ្ដាលមកពីការងារដកឃ្លាមិនរួច នាពេលចុងក្រោយប៉ុណ្ណោះ។ នាងថា រាល់ថ្ងៃត្រូវរវល់នឹងការងារជាពិធីការិនីផង ថតម៉ូដផង ហើយត្រូវកុងត្រាថតរឿងអប់រំខ្លីៗ ជាច្រើនផ្សេងទៀត ទើបនាងតែងតែឆ្លើយបដិសេធរាល់ពេលមានសំណើរអោយនាងថតរឿង។ ម្យ៉ាងមកពីនាងត្រូវកុងត្រាថតផ្សព្វផ្សាយអោយក្រុមហ៊ុនមួយចំនួន ដែលចាំបាច់ត្រូវនៅថែទាំសាច់ឈាមកុំអោយត្រូវក្ដៅ និងប្រែប្រួលសម្រស់នោះផង ទើបទទួលថតឆ្ងាយៗមិនទាន់កើត។ ប៉ុន្តែសម្រាប់សកម្មភាពសប្បុរសធម៍ គឺអោយតែដឹង បើទោះជាត្រូវទៅដល់ណា ក៍នាងតស៊ូផងដែរ ដោយសារក្ដីស្រលាញ់។

គួរបញ្ជាក់ផងដែរថា អ្នកនាង រៀមច័ន្ទបរមី មិនត្រឹមតែជាតារាសម្ដែង និងជាពិធីការិនីដែលកំពុងតែមានកេរ្តិ៍ឈ្មោះបោះសំឡេងប៉ុណ្ណោះទេ ប៉ុន្តែក៏មានទឹកដមសំឡេងជាអ្នកចម្រៀងម្នាក់ផងដែរ។ កន្លងមកនាងធ្លាប់ទៅសម្ដែងនៅប្រទេសអូស្រ្តាលី និង កាន់តែចេះរៀបចំខ្លួនបានស្អាតទាក់ភ្នែក ក្រោយពេលឡើងកូដ និងបានថែមថយផ្នែកខ្លះលើផ្ទៃមុខ និង ដងខ្លួន។ តារាស្រីដែលធ្លាប់មានប្រវត្តិជូរចត់នៅលើទឹកដីកំពត ក្រោយជំពប់រឿងបែកបាក់ស្នេហ៍គ្រាមុនរូបនេះ ក៏ក្លាយជានារីសំបូរស្នេហ៍មិនធម្មតាដែរ ថ្វីត្បិតតែអ្នកនាងមិនទាន់ក្លាហានលាតត្រដាងរឿងរ៉ាវស្នេហាអោយមហាជនបានស្គាល់នៅឡើយ។ អ្នកនាងធ្លាប់បានបង្ហើបថា ចូលដល់វ័យនេះ បុរសដែលនាងសំឡឹងឃើញមិនអត់នោះទេ ប៉ុន្តែដរាបណាមិនទាន់ប្រាកដប្រជា គឺនាងមិនទាន់ចង់ប្រកាសនោះទេ តែបើឈានដល់មង្គលការ គឺនឹងរៀបការអោយផ្អើលមហាជនតែម្ដង។ នាងក៏បដិសេធថា មិនមានទំនាក់ទំនងអ្វីពិសេសជាមួយលោក MC វុទ្ធី ដែលជាដៃគូពិធីករ និងជាដៃគូវិនិយោគលើផលិតផលអនឡាញរួមគ្នានោះផងដែរ បើទោះជានាង និង លោកស្និទ្ធស្នាលគ្នាខ្លាំង និងតែងបង្ហាញវត្តមានទៅណាមកណា តែជាមួយគ្នា៕




LEAVE A REPLY

Please enter your comment!
Please enter your name here