តួអង្គម្ដាយ ញឹម សុខា ធ្លាក់ខ្លួនគ្មានលុយចូលពេទ្យ ក្រោយបណ្ដាផលិតកម្មមិនបើកប្រាក់អោយ

0

ពិតជាខ្លោចចិត្តយ៉ាងខ្លាំង ដែលតួអង្គម្ដាយមួយរូប គឺអ្នកស្រី ញឹម សុខា ត្រូវបានផលិតករមួយចំនួនបង្កប្រាក់កម្រៃ ដោយអ្នកស្រីថតចប់ស្ទើរតែគ្រប់កន្លែងទៅហើយ តែបែរជាមិនព្រមបើកលុយអោយ ស្របពេលដែលជីវភាពរបស់អ្នកស្រីក៏កាន់តែយ៉ាប់ ហើយជម្ងឺក្រពះធ្ងន់ធ្ងរកំពុងធ្វើទុក្ខ។

រៀបរាប់ទាំងទឹកភ្នែកប្រាប់ផ្ទះតារាធីវី កាលពីថ្ងៃទី១ធ្នូ ឆ្នាំ២០២០ អ្នកស្រីបានលើកឡើងថា នៅពីក្រោយស្ថានភាពសម្ដែង អ្នកស្រីគ្រាន់តែជួលផ្ទះគេរស់នៅ របៀបមួយថ្ងៃរស់មួយថ្ងៃប៉ុណ្ណោះ ដោយមុខរបរប្រចាំថ្ងៃគឺមានតែការសម្ដែងកុនតែមួយមុខ។ ចំណែកកូនៗបើទោះជាប្រឹងរកផ្ទប់ ក៏បានត្រឹមតែមួយរស់ប៉ុណ្ណោះ។ អ្នកស្រីថា ខ្លួនប្រឹងថតទាំងឈឺទាំងជា ដោយរាល់ពេលថតម្ដងៗ គឺត្រូវជិះ Pass App ឬ សុំគេដោយសារហើយចំណូលដែលបានមកវិញ គឺពិបាកផ្គត់ផ្គង់ជីវភាពយ៉ាងខ្លាំង។ ថ្ងៃខ្លះអ្នកស្រីត្រូវទៅថតមិនមាន សូម្បីតែលុយហូបចំណីតាមផ្លូវនោះផង គឺមានតែលុយធ្វើដំណើរប៉ុណ្ណោះ ជាពិសេសនៅពេលដែលខាងផលិតករយឺតយ៉ាវក្នុងការបើកប្រាក់កម្រៃអោយម្ដងៗ។

នៅក្នុងពេលនេះ អ្នកស្រីថា ជីវភាពមិនត្រឹមតែយ៉ាប់ប៉ុណ្ណោះទេ ជំងឺក្រពះធ្ងន់ធ្ងរដែលត្រូវទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ ក៏មិនមានប្រាក់ទៅដែរ ទើបបានត្រឹមតែដេកយំក្នុងផ្ទះ ព្រោះតែក្រពះធ្វើទុក្ខ។ អ្នកស្រីបានទៅជួបគ្រូពេទ្យនិងទិញថ្នាំព្យាបាលអស់ជាង១០ម៉ឺនរៀលម្ដងហើយ ប៉ុន្តែមិនទាន់ធូរស្រាល ទើបចង់ទៅព្យាបាលម្ដងទៀត ប៉ុន្តែបែរជាសុំគេបើកលុយពីក្រុមផលិតករណាក៏មិនបាន។ អ្នកស្រីថា ពិតជាសង្វេគចិត្តណាស់ ដែលខំថតកុនមិនស្គាល់យប់ថ្ងៃ ហើយគេហៅទៅថតទាំងឈឺក៏មិនហ៊ានប្រកែក ប៉ុន្តែចុងក្រោយ គ្រាន់តែសុំបើកលុយដើម្បីព្យាបាលខ្លួនបន្តិចបន្តួច ក៌ផលិតករថាមិនទាន់មាន ដែលធ្វើអោយអ្នកស្រីពិបាករស់ជាងស្លាប់។ អ្នកស្រីថា មួយថ្ងៃ អ្នកស្រីថតបានត្រឹមតែ40$ និង 50 $ ប៉ុណ្ណោះ ដោយសរុបផលិតមិនទាន់បើក ក៏មានចំនួនច្រើនរយដុល្លារនោះដែរ។ អ្នកស្រីថា មានតែការលើកដៃអង្វរករចំពោះផលិតករប៉ុណ្ណោះ ក្រែងអាចបង្វិលលុយប្រាក់កម្រៃបានខ្លះ ហើយអាចទៅព្យាបាលខ្លួនដែលកំពុងធ្វើទុក្ខនៅក្នុងពេលនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here