អត្ថបទ៖ Neath

ថ្វីត្បិតយុទ្ធនាការមនុស្សធម៌របស់ក្រុមហ៊ុន Chamatharn ដែលត្រូវបានបញ្ចប់តាំងពីថ្ងៃទី 23 ខែមិថុនា ឆ្នាំ2021 កន្លងទៅថ្មីៗមែនក្ដី ដោយគេឃើញយុទ្ធនាការនេះត្រូវបានធ្វើឡើងចំនួន 13 ទីតាំងក្នុងរាជធានីភ្នំពេញ និង 1 ទីតាំងចុងក្រោយស្ថិតនៅក្នុងសង្កាត់ សិត្បូ ក្រុងតាខ្មៅ សរុបចំនួន 14 ខណ្ឌដែលក្រុមហ៊ុនមួនេះបានពាំនាំជំនួយជាថ្នាំពេទ្យទៅប្រគល់ជូនរដ្ឋបាលខណ្ឌនីមួយៗ។ ធាតុពិតខណ្ឌមានជ័យ ក៏ជាទីតាំងគោលដៅមួយក្នុងចំណោមខណ្ឌទាំង14 នៅក្នុងរាជធានីភ្នំពេញ ប៉ុន្តែដោយសារបញ្ហារីករាលដាលនៃជម្ងឺកូវីដនៅក្នុងខណ្ឌមានជ័យផ្ទាល់ទើបរដ្ឋបាលខណ្ឌមានការផ្អាក និងពន្យាពេលក្នុងការជួបសំណេះសំណាល និងទទួលអំណោយ។

ទោះជាយ៉ាងណាក៏ដោយបេសកកម្មនេះក៏ត្រូវបានធ្វើឡើងម្ដងទៀតនាព្រឹកថ្ងៃទី 25 ខែមិថុនា ដដែល ដោយលោក ពេជ្រ កែវមនី អភិបាលខណ្ឌមានជ័យ បានអនុញ្ញាតិឱ្យក្រុមហ៊ុន Chamatharn ព្រមទាំងថ្នាក់ដឹកនាំរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ 5 បានចូលជួបសំណេះសំណាល និងសាកសួរសុខទុក្ខ សារជាថ្មីនៅក្នុងពិធីប្រគល់អំណោយព្រមគ្នាតែម្ដងនេះ។ នៅក្នុងកម្មវិធីនេះផងដែរគេសង្កេតឃើញមានការប្រារព្ធធ្វើឡើងយ៉ាងស្ងៀមស្ងាត់បំផុត ដោយពុំមានជួបជុំមនុស្សកុះករនោះឡើយ ដោយឈរលើគោលការណ៍រក្សាគម្លៀតរបស់រាជរដ្ឋាភិបាល 3 កុំ និង 3 ការពារ ដើម្បីរក្សាសុវត្ថិភាពរៀងៗខ្លួន។

លោក ពេជ្រ កែវមនី អភិបាលខណ្ឌមានជ័យបានមានប្រសាសន៍ថា លោកពិតជាមិននឹកស្មានដល់ថាខណ្ឌមានជ័យបានក្លាយទៅជាតំបន់ក្រហមនៃការរីករាលដាលខ្លាំងជាងគេនៃជម្ងឺកូវីដរហូតឈានដល់មានការបិទខ្ទប់ក្នុងសង្កាត់មួយចំនួនដើម្បីសុវត្ថិភាព។ លោកសង្ឃឹមថាជម្ងឺនេះនឹងរសាត់ទៅបាត់ក្នុងពេលឆាប់ៗ ដើម្បីឱ្យប្រទេសជាតិ ពិសេសប្រជាជននៅក្នុងខណ្ឌក្រោមឱវាទរបស់លោកបានវិលមកក្នុងភាពមានសេរីភាពក្នុងការដើហើរ និងប្រកបអាជីវកម្មដូចដើម។ លោកថាអំណោយជាថ្នាំសង្គ្រោះបឋមទាំងនេះពិតជាមានគុណតម្លៃ និងពិតជាកំពុងត្រូវការជាចាំបាច់បំផុតនៅក្នុងខណ្ឌរបស់លោកដើម្បីយកទៅប្រើប្រាស់ចំពោះពលរដ្ឋដែលកំពុងសម្រាកព្យាបាលជម្ងឺកូវីដ និងបុគ្គលិកក្នុងអង្គភាពផងដែរ។

លោកក៏បានថ្លែងអំណរគុណនូវទឹកចិត្តមនុស្សធម៌របស់លោក Apichart Duang-Art តំណាងក្រុមហ៊ុន Chamatharn Co.,Ltd ( EVA Premium Ice ) និងថ្នាក់ដឹកនាំទាំងអស់របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ5 ដែលមិនបោះបង់ក្នុងការពាំនាំជំនួយមកជួយដល់សាលាខណ្ឌមានជ័យ ដែលកំពុងទទួលរងនូវវិបត្តិកូវីដខ្លាំង ទោះបីមានការពន្យាពេលក្នុងការទទួលជំនួយក៏ដោយ។ លោកបន្តថា អំណោយដែលលោកទទួលបាន លោកនឹងបន្តចែកជូនឱ្យដល់ដៃអ្នកត្រូវការប្រើប្រាស់ជាចាំបាច់ ពិសេសដល់អ្នកជម្ងឺកូវីដដែលកំពុងធ្វើការព្យាបាលនៅតាមទីតាំងសង្គ្រោះនីមួយៗ។

LEAVE A REPLY

Please enter your comment!
Please enter your name here