មានការភ្ញាក់ផ្អើលមិនតិចឡើយ បន្ទាប់ពីពិធីករ Vj តា​ប៊ុ​យ ដែល​គេ​សង្ស័យ​ថា​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង បាន​បើករថយន្ត​ទៅ​បុក​ជាមួយ​រថយន្ត​តូ​យ៉ូ​តា​ព្រូស​ដែល​កំពុង​ឈប់​រង់ចាំ​ភ្លើងស្តុប​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​រង​ការ​ខូចខាត ហើយ​មិន​ព្រម​ឈប់​ដោះស្រាយ បែរជា​បន្ថែម​ល្បឿន​បើក​រត់គេច ក៏​ត្រូវ​ម្ចាស់​រថយន្ត​រង​គ្រោះ រួម​នឹង​ប្រជាពលរដ្ឋ​ជួយ​ដេញ​ឃាត់ បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ដងផ្លូវ កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រំលង​អ​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​ផ្សារ​ទំនើប​បាយ័ន ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។យោងតាមការចុះផ្សាយរបស់កាសែតកោះសន្តិភាព រថយន្ត​បង្ក​របស់ តាប៊ុយ ជា​ប្រភេទ​រថយន្ត​ម៉ាក Rang Rover ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2BK-8809 រង​ការ​ខូចខាត​ខ្ទេច​មួយ​កំណាត់​ខាងឆ្វេង និង​បែក​ធុង​ទឹក ដែល​បើកបរ​ដោយ​អតីត​ពិធីករ និង​ជា​អ្នក​រៀបចំ​កម្មវិធី​នៅ​ស្ថានីយទូរទស្សន៍ CNC មានឈ្មោះ​ថា Vj តា​ប៊ុ​យ ។

បើ​តាម​ប្រភព​ពី​ម្ចាស់​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AH-7048 បើកបរ​ដោយ​បុរស​ម្នាក់ រួម​ដំណើរ​ដោយ​នារី​៣​នាក់​ទៀត បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បើករថយន្ត​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​វង្ស ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ចំណុច​ភ្លើងស្តុប​លោត​ពណ៌​ក្រហម គាត់​ក៏​ឈប់​រថយន្ដ​រង់ចាំ​ភ្លើងស្តុប​។
ម្ចាស់​រថយន្ត​រង​គ្រោះ​ខាងលើ​បន្ត​ថា ភ្លាម​ៗ​នោះ ក៏​មាន​រថយន្ត​បង្ក​ខាងលើ ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ពីក្រោយ​មក​ក្នុង​ល្បឿន​លឿន ក៏​មក​បុក​រថយន្ត​របស់​គាត់​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​បែក​ស្តុ​ប និង​ក្រ​ពិត​រួញ​ស្រុញ​មួយ​កំណាត់​ក្រោយ ចំណែក​រថយន្ត​បង្ក​វិញ បែក​ស្តុ​ប​ខាងឆ្វេង ក្រ​ពិត​កាង និង​បែក​ធុង​ទឹក រង​ការ​ខូចខាត​ដូច​គ្នា ។ បន្ទាប់​ពី​បង្កហេតុ​រួច រថយន្ដ​បង្ក​មិន​ព្រម​ឈប់​ដោះស្រាយ​នោះ​ទេ និង​បន្ថែម​ល្បឿន​បើក​រត់គេច​ខ្លួន​ទៀត លុះ​មក​ដល់​មុខ​ផ្សារ​ទំនើប​បាយ័ន ក៏​ត្រូវ​ម្ចាស់​រថយន្ត​តូ​យ៉ូ​តា​ព្រូស តាម​មក​ឃាត់​ជាប់ បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ដងផ្លូវ​តែ​ម្តង​។ក្រោយ​ពេល​កើតហេតុ ម្ចាស់​រថយន្ត​បង្ក​គ្រប់គ្រង​ស្មារតី​ខ្លួនឯង​លែង​បាន ក៏​ដើរ​ចាប់​ទាញ​ទូរស័ព្ទ​គេ​ពេញ​ដងផ្លូវ ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​នាំ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ស្រះ​ចក រួច​ទាក់ទង​ហៅ​សាច់ញាតិ ដើម្បី​មក​ដោះស្រាយ​ជំនួស ដោយ​ខាង​រថយន្ត​បង្ក​សងការ​ខូចខាត​ទៅ​កាន់​រថយន្ត​តូ​យ៉ូ​តា​ព្រូស​ចំនួន​500​ដុល្លារ ដើម្បី​បញ្ចប់រឿង​នៅ​ប៉ុស្តិ៍​នគរបាល​ស្រះ​ចក​តែ​ម្តង ៕
ខ្លឹមសារទាំងស្រុង ដកស្រង់ពីកោះសន្តិភាព

LEAVE A REPLY

Please enter your comment!
Please enter your name here