មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោក ម៉ោល ចាន់ណា អគ្គនាយកក្រុមហ៊ុន CK គម្រោងផ្ទះ និងដីឡូតិ៍នៅត្បូងឃ្មុំ និង ជានាយកគ្រប់គ្រងមួយរូបនៃគម្រោង CL HanChey Resort នៅកំពង់ចាម បានរៀបរាប់នៅលើបណ្ដាញសង្គមពីការធ្វើស៊ីរបស់បុគ្គលមួយ ដែលធ្វើអោយលោកបង់ខាតប្រាក់មួយពព្រិចភ្នែក ខណៈដែលរូបភាពឆបោកដោយស្របច្បាប់នេះ ក៏មានអ្នកលង់ខ្លួនដូចគ្នាដែរ មិនតិចនាក់រួចមកហើយ។

លោក ម៉ោល ចាន់ណា បានលើកឡើងថា បុគ្គលម្នាក់អះអាងថាខ្លួនចង់ទិញដីនៅក្នុងគម្រោងរបស់លោក ហើយក្រោយពីឆាតសួរនាំ បុគ្គលនោះអួតថា នឹងទិញដីក្នុងគម្រោងលោករហូតដល់២០ប្លង់នោះផង ដោយស្នើអោយលោកឡើងមកភ្នំពេញ ដើម្បីយកប្លង់អោយលោកជ្រើសរើស។ ដោយសារតែមានការបង្ខំខ្លាំងពេក ហើយមានការខលអន្ទងដដែលៗផង លោកក៏សម្រេចចិត្តឡើងមកភ្នំពេញតែម្នាក់ឯង ហើយយកប្លង់អោយមករើសដល់ផ្ទះ ដោយផ្ទះរបស់បុគ្គលនោះ គឺស្ថិតនៅក្បែរស្ពានដែកចម្ការដូង។ ទៅដល់ទីនោះ បុរសដែលអះអាងថាជាថៅកែ បានស្វាគមន៏លោក មោល ចាន់ណា និង ប្រាប់អោយលោករង់ចាំសិន ព្រោះអ្នករើសឡូតិ៍បានគឺទាល់តែជាកូនប្រុសរបស់លោក ដែលមិនទាន់មកដល់។ ក្នុងការរង់ចាំនោះ បុរសជាម្ចាស់ផ្ទះ បានបបួលលោក មោល ចាន់ណា អោយលេងបុកប៊ីយ៉ាជាមួយខ្លួន ហើយបើទោះជាលោក ចាន់ណា ឆ្លើយថា មិនចេះ ក៏លោកប្រឹងអូស និង បង្រៀនទាល់តែអាចយល់បាន។ បន្ទាប់ពីបង្រៀនអោយចេះលេងខ្លះៗ បុរសនោះក៏បបួលលេងភ្នាល់ ដោយលេងត្រឹមតែមួយស៊ិក២០០០រៀលប៉ុណ្ណោះ ហើយនឹកឃើញថា លុយតិចលោកក៏លេងកំដរ។ ក្នុងការលេងដំបូងៗនោះ លោក មោល ចាន់ណា គឺជាអ្នកលេងឈ្នះរហូត ហើយក៏ចេះតែបង្កើនប្រាក់ភ្នាល់។ លោក មោល ចាន់ណា បន្តថា បើទោះជាលោកសុំឈប់ក៏បុគ្គលនោះនៅតែស្នើអោយលេងត ដោយអាងថាខ្លួនចាញ់ ហើយបើទោះជាលោក ចង់ប្រគល់លុយឈ្នះអោយវិញក៏នៅតែមិនព្រម។ បន្តិចក្រោយមក ក៏មានបុរសម្នាក់ផ្សេងទៀត ចូលមកលេង ហើយសុំលេងជាមួយដែល ហើយលោក ម៉ោល ចាន់ណា គឺនៅតែឈ្នះ។ មិនយូរប៉ុន្មាន បុរសម្ចាស់ផ្ទះក៏ធ្វើជានិយាយថា ចូលហ៊ុនគ្នា ហើយលេងជាមួយអ្នកមកថ្មីតែម្ដងទៅ កុំអោយពិបាកលេងគ្នា៣នាក់។ ក្នុងពេលដំបូង លោក ចាន់ណា ខ្លួនឈ្នះរហូត ដោយបុរសដែលទើបមកក្រោយ ចេះតែសុំដំឡើងចំនួនភ្នាល់គុណនឹង២រហូត ដោយអះអាងថា ខ្លួនបានចាញ់ ចឹងសុំលេងត្រឹមតែដើមមកវិញ។ បើទោះជាលោកប្រឹងប្រកែក មិនឡើង ក៏អ្នកទាំងពីរួមគ្នារំអុក និង មិនអោយឈប់លេង ដែលពិបាកធ្វើអោយលោកឈប់កណ្ដាលទី។ បន្ទាប់មកចំនួនភ្នាល់ក៏ចាប់ឡើងមួយស៊ិចដល់រយដុល្លារ ហើយនៅពេលកើនទៅៗនោះហើយ ដែលលោកបានចាញ់ ដោយភាគីម្ចាស់ផ្ទះក៏អស់១២០០ដុល្លារ ហើយលោកក៏អស់១២០០ដុល្លារ ត្រឹមតែកន្លះម៉ោង។ លោក មោល ចាន់ណា បញ្ជាក់ថា ភាគីម្ចាស់ផ្ទះ និង បុរសម្នាក់ទៀត រួមគ្នាធ្វើស៊ីលោកប៉ុណ្ណោះ ដោយធ្វើពុតជាចូលហ៊ុនខាងលោក ហើយជំរុញអោយលោកចេះតែបន្តលេង ដោយពេលឈ្នះក៏មិនអោយឈប់ ហើយពេលចាញ់អស់១២០០ដុល្លារតែលោកម្នាក់ឯងទៅហើយ ក៏នៅតែមិនអោយឈប់។ យ៉ាងណាមិញលោកថា លោកបានប្រើល្បិចសុំគេមកនោមនៅខាងក្រៅ ហើយបានលួចរត់ បើកុំរត់ទាន់មិនដឹងថា នឹងត្រូវគេបង្ខាំងដោយមនោគមន៍អោយចាញ់អស់ប៉ុន្មាននោះទេ។ លោកថាក្រោយការបង្ហោះ គឺមានអ្នករងគ្រោះដូចលោក ប្រមាណជា៣នាក់ បានចូលមករៀបរាប់ពីការបង់ខាតដូចគ្នា ដោយអ្នករងគ្រោះផ្សេងទៀត ក៏អះអាងថា ស្ថិតក្នុងរូបភាពចង់ទិញដី ហើយអោយយកប្លង់ និង គម្រោងទៅអោយមើលបែបនេងដូចគ្នា។ លោកថានេះជាល្បិចធ្វើស៊ី ហើយបើអ្នកមិនឆ្លាត គឺពិតជាអស់ពីខ្លួន ហើយអស់ដោយស្របច្បាប់ ព្រោះតែជនទាំងពីរប្រើឈាមត្រជាក់រួមគ្នាគៀបស៊ី។ លោកថាតាំងពីដំបូង បើទោះជាលោកប្រកែកមិនលេង ក៏អូសទាល់តែបានលេង ហើយលេងដំបូងគឺលេងលេងប៉ុណ្ណោះ ហើយលេងយូរក៏ចេះតែកើន ដោយទោះជាមិនព្រម ក៏អូសទាល់តែព្រម។ លោកថាអ្នកទៅដល់ទីនោះ គឺមិនខុសពីកូនចៀមនោះទេ ព្រោះពួកគេពូកែអូសក្រឡា ហើយនិយាយស្ដីដូចជាបក្សពួកផ្សេងគ្នា។ ហើយលោកក៏មិនដឹងថាក្នុងជំនួបគ្រានោះ តើមានត្រូវថ្នាំតាមរយៈទឹកដែលយកមកទទួលនោះឬ ក៏អត់ទេ ដោយសារតែលោកហាក់ស្របៗតាម ដូចមិនមែនខ្លួនឯង៕

LEAVE A REPLY

Please enter your comment!
Please enter your name here