នៅថ្ងៃទី១៧ កញ្ញា នេះ ពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបិណ្ឌធំ ខណៈដែលនៅក្នុងថ្ងៃនោះ ផលិតករភាពយន្តរឿង”កុមារី ២៥ វគ្គ៣” ដែលជាស្នាដៃរបស់ផលិតករល្បីឈ្មោះ គឺអ្នកស្រី ពាន់ ភួងបុប្ផា ក៏ប្រកាសដាក់បញ្ចាំងលក់សំបុត្រជាផ្លូវការផងដែរ។ ការប្រកាសនេះនឹងធ្វើអោយអ្នករស់នៅភ្នំពេញ ហើយមិនមានដំណើរទៅស្រុក នឹងក្លាយជាគោលដៅក្នុងការទៅទស្សនារឿងតែម្ដង ដោយសារតែភាពយន្តមួយនេះ ជោគជ័យតាំងពីវគ្គ១ និង វគ្គ២ រួចមកហើយ។

អ្នកគាំទ្រ មិនតិចទេ ដែលសាទរចំពោះការប្រកាសដាក់បញ្ចាំងរឿង”កុមារី ២៥ វគ្គ៣” ចំថ្ងៃភ្ជុំបិណ្ឌ។ នេះជាស្នាដៃ ដែលមានយុវវ័យ និង អ្នកទស្សនាតាមរោងកុន រង់ចាំយ៉ាងអន្ទះសារ ជាពិសេសគឺចង់ទស្សនាការសម្ដែងរបស់ អ្នកនាង នី មុល្លិកា ជាថ្មី ដែលជាអតីតតារាសម្ដែងល្បីល្បាញ និង ជាតួឯកក្នុងភាពយន្តនេះតាំងពីវគ្គទី១។ នេះជាភាពយន្តខ្នាតធំ បែប កំប្លែងរឿង និងជាស្នាដៃក្រោមការសហការផលិតរបស់ផលិតកម្ម កងចក្រ ភីកឈ័រ និង ផលិតកម្ម អិមស៊ីអិនវីភីកឈ័រ ដែលត្រូវគេស្គាល់ថា ជាផលិតកម្មមានគុណភាព និង ស្ដង់ការ ក្នុងការផលិតភាពយន្ត។ រឿង“កុមារី២៥ ឆ្នាំវគ្គ៣” បានប្រកាសថ្ងៃចាក់បញ្ចាំងជាផ្លួវការហើយគឺនៅថ្ងៃទី 17 កញ្ញា 2020​ ដែលចំនឹងថ្ងៃភ្ជុំបិណ្ឌធំតែម្តង។ តាមការឲ្យដឹងពីក្រុមការងារផលិតបានបញ្ជាក់ថា ភាពយន្តនេះត្រូវបានសម្រិតសម្រាង លើគុណភាពជាពិសេស ទាំងរូបភាព សំលេង និង សាច់រឿងសម្រាប់ទស្សនិកជន ដែលធ្លាប់គាំទ្រស្នាដៃរបស់អ្នកស្រីពាន់ ភួងបុប្ផា ក៏ដូចជាហ្វេនរបស់ភាពយន្តរឿងកុមារី ២៥ ឆ្នាំវគ្គមួយ និង វគ្គ២កន្លងមក។


ចំពោះវគ្គថ្មីនេះគឺប្រជុំសុទ្ធតែតារាល្បីៗរួមមាន អ្នកនាង នី មុល្លិកា, លោក ញ៉ែម សុគន្ធ, នាយក្រូច, នាយជីវ័ន្ត, និង តារាជាច្រើនរូបទៀតដែលធ្វើអោយផ្ទៃរឿងទាំងមូលពោរពេញ ដោយសំណើច លាយឡំនឹងឈុតកំសត់ ព្រមទាំងបានបង្កប់នូវសារអប់រំល្អៗក្នុង​សាច់រឿងផងដែរ។ មិនតែប៉ុណ្ណោះភាពយន្តនេះក៏បានបញ្ចូលនូវបទចម្រៀងពិរោះៗ របស់តារាចម្រៀង នុត ដែលត្រូវជាប្អូនប្រុសបង្កើតរបស់តារាចម្រៀងម៉ានិតទៀតផង។

ចំពោះសាច់រឿងវិញគឺ​និយាយ​អំពីតួអង្គស្រីឈ្មោះថាដាលីសដែលមានទំងន់កូនក្នុងផ្ទៃ ហើយបានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យបាត់ការចងចាំ និង មានសតិប្រែ ជាកូនក្មេងអាយុ៧ឆ្នាំ។ ដោយសារភ្លើងប្រច័ណ្ឌលើសុគន្ធដែលជាប្តី នាងក៏រត់ចេញពីផ្ទះ ហើយក៏បានជួបនឹងបុរសចិត្តធម៌២រូបគឺ នាយក្រញាញ់ និង នាយស្វិតដែលម្នាក់ពិការភ្នែក និង ម្នាក់ទៀតពិការដៃជើង។ អ្នកទាំងបីបានរស់នៅកំសត់កម្រជាមួយគ្នា និង ពោរពេញ ដោយសំណើចក្នុងពេលតែមួយ។


សូមបញ្ជាក់ថាភាពយន្តនេះត្រូវបានសហការផលិតរួមគ្នារវាងផលិតកម្ម កងចក្រ ភីកឈ័រ និង ផលិតកម្ម អិមស៊ីអិនវីភីកឈ័រ។ ដូច្នេះកុំភ្លេចហៅមិត្តភក្តិទៅមើលជុំគ្នាអោយសោះ ណា ធានាថានឹងសើចសប្បាយ រំសាយអស់ទុក្ខកង្វល់ក្នុងរោងភាពយន្តតែម្តង។

LEAVE A REPLY

Please enter your comment!
Please enter your name here