ខាត់ សុឃីម រៀបរាប់ពីសម្ដីប្រថ្នូលរបស់ឪពុក មុនពេលលោកទទួលអនិច្ចកម្ម

0

ជារឿងមួយដ៏ក្រៀមក្រំសម្រាប់ការបាត់បង់អ្នកមានគុណរបស់គ្រួសារត្រកូលខាត់ ដែលសូម្បីតែពាក្យលានិងដង្ហើមចុងក្រោយក៏មិនទាន់នោះ តារាចម្រៀង អ្នកនាង ខាត់ សុឃីម បានបង្ហាញអារម្មណ៍ក្ដុកក្ដួលសោកសង្រេងយ៉ាងខ្លាំង ព្រមទាំងហួសចិត្ត នឹងរឿងរ៉ាវប្រផ្នូលមួយចំនួន បន្ទាប់ពី ឪពុករបស់អ្នកនាង ទទួលមរណភាពក្នុងវ័យ68ឆ្នាំ កាលពីថ្ងៃទី22 មិថុនា ឆ្នាំ2020។ យ៉ាងណាមិញអ្នកនាងក៏សម្ដែងអារម្មណ៍រំភើបចិត្តផងដែរ ដែលឪពុករបស់អ្នកនាងមានញាតិមកច្រើន ដែលធ្វើអោយអ្នកនាង មិននឹកស្មាន។

អ្នកនាង ខាត់ សុឃីម និយាយថា មុនពេលឪពុកទទួលមរណភាពមួយខែ ឪពុករបស់អ្នកនាង តែងតែទន្ទេញជាប់មាត់ថា ចាំមើលនៅពេលលោកស្លាប់ នឹងមិនអោយកូនចៅណាពិបាកនោះទេ តែអាចម៍នោមក៏មិនអោយបម្រើដែរ ហើយបើទោះជាម្ដាយរបស់អ្នកនាង ពន្យល់ថាកុំនិយាយពាក្យអពមង្គលបែបនឹង ក៏លោកនៅតែនិយាយដាក់ត្រចៀកភរិយា។ ជាមួយនឹងការនិយាយជាប្រថ្នូលនោះ អ្នកនាងថា លោកឪពុករបស់អ្នកនាង ក៏ទទួលមរណភាពដោយមិនអោយកូនចៅណាមួយពិបាកមែន ដោយពេលលោកទទួលមរណភាព គឺសូម្បីតែភរិយារបស់លោកក៏មិនទាន់ដង្ហើមផង។

អ្នកនាងថា លោកទទួលមរណភាពដោយសារបញ្ហាលើសឈាមហើយអាចនឹងគាំងបេះដូង ខណៈដែលជម្ងឺនេះ គឺមានជាប្រចាំមកហើយ ប៉ុន្តែលោកព្យាយាមទ្រាំមិនអោយកូនចៅដឹង។ អ្នកនាងថា អ្នកនាងក៏សម្ដែងហួសចិត្តមួយទៀតផងដែរ ដែលឪពុករបស់អ្នកនាង ធ្លាប់មានសភាពធ្ងន់ និងចូលសង្គ្រោះបន្ទាន់ច្រើនលើកមកហើយ ប៉ុន្តែមិនដែលអី តែបែរជាមកអី ក្នុងពេលដែលលោកមើលទៅដូចរឹងមាំហើយ។ អ្នកនាងថា នៅក្នុងពេលខ្លះកំពុងលេងភ្លេង គឺឪពុករបស់លោកត្រូវដឹកទៅសង្គ្រោះបន្ទាន់ក៏មានដែរ ប៉ុន្តែគ្រប់លើកដែលកូនចៅភ័យបារម្ភឡើងព្រលឹងចេញក្រៅខ្លួនទាំងនោះ បែរជាឆ្លងផុតរហូត បែរជាលោកមកទទួលមរណភាពក្នុងពេលដែលគ្មានធ្វើទុក្ខអីសោះ និង មើលទៅដូចរឹងមាំ។

អ្នកនាងថា លោកបានទាំងប្រកែកនឹងភរិយាមិនលេបថ្នាំលើសឈាមក្នុងប៉ុន្មានថ្ងៃហ្នឹងនោះផង ដោយសារតែលោកយលើថាសុខភាពរបស់ខ្លួនជាហើយ។ អ្នកនាង ខាត់ សុឃីម បានបន្តទៀតថា ពិធីបុណ្យសពរបស់ឪពុកមិនឯកោទេ ដោយមានញាតិចុះឡើងព្រោងព្រាត តាំងពីឪពុកចែកឋាននោះផង។ អ្នកនាងនិយាយថា នៅពេលឪពុកអ្នកនាងទទួលមរណភាព ទើបដឹងថាមានអ្នកអាណិតស្រលាញ់ឪពុកអ្នកនាងច្រើន ដោយទាំងអ្នកភូមិ និងអ្នករាប់អានលោកជិតឆ្ងាយសុទ្ធតែសម្រុកមកចូលរួម ខណៈដែលអ្នកខ្លះទ្រហ៊ោយំបោកខ្លួន ដែលអ្នកនាងឃើញហើយក៏រំភើបជំនួសឪពុក។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី23 មិថុនា ឆ្នាំ2020 លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារគ្រួសារតារាកម្ពុជា ក៏បានដឹកនាំសិល្បការិនីមួយក្រុមទៅចូលរួមរំលែកទុក្ខផងដែរ ដោយអ្នកនាងក៏បានចាត់ទុក្ខថានេះគឺជាយកអាសារជួយគ្នាក្នុងនាមជាអ្នកជ្រកក្នុងវិស័យសិល្បៈតែមួយ។

LEAVE A REPLY

Please enter your comment!
Please enter your name here