២៧គ្រួសារទទួលជំនួយផ្ទាល់ពីមូលនិធិ”ផ្ទះតារា”លើកនេះ សុទ្ធតែអ្នកកម្សត់ក្នុងបន្ទប់ជួល

0

កាលពីល្ងាចថ្ងៃទី៥ មេសា ឆ្នាំ២០២១ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានដឹកនាំជំនួយរបស់មូលនិធិ”ផ្ទះតារា” ដែលលោកគៀរគរបាន ពីសប្បុរសជន២រូបគឺ ពី អ្នកនាង អ៉ឹម សុគន្ធា អគ្គនាយិកាក្រុមហ៊ុន HK7 និងពីលោក ជា សុភ័ក្ត្រ ដែលជាអ្នកច្នៃទូរបាញ់អាល់កុលនៅកម្ពុជា យកទៅចែកជូនដល់ពលរដ្ឋទៀតហើយ។ ជំនួយដែលមូលនិធិ”ផ្ទះតារា”យកទៅប្រគល់ជូនដល់អ្នករស់នៅនៅក្នុងបន្ទប់ជួល ក្នុងតំបន់ក្រហម ដែលបិទខ្ទប់នៅកណ្ដាលភ្នំពេញនេះ រួមមាន អង្ករក្នុងមួយគ្រួសារ ១០គីឡូ មីមួយកេស និង ត្រីខមួយយួ១០កំប៉ុង។

លោក ផាត់ តារារដ្ឋ ប្រធានមូលនិធិនិយាយថា ដោយសារតែការបរិច្ចាគរបស់អ្នកនាង អ៉ឹម សុគន្ធា អគ្គនាយិកា ដែលបានបរិច្ចាគដល់មូលនិធិ”ផ្ទះតារា” និងការផ្ដល់ជាមី២០កេស និង ត្រីខ២០យួរ របស់លោក ជា សុភ័ក្ត្រ ទើបធ្វើអោយមូលនិធិរបស់លោកមានលទ្ធភាពចាត់ចែងអំណោយយកមកចែកជូនដល់ក្រុមកម្មករ និង អ្នករើសអេតចាយ នៅភូមិចំនួន២ គឺភូមិចម្ការឪឡឹក នៅខាងក្រោយវត្តតាំងក្រសាំង ពោធិ៍ចិនតុង និង នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញ ផ្សារដីហុយនេះ។ មកទល់ពេលនេះ មូលនិធិ”ផ្ទះតារា” បានប្រើថវិកាដែលសប្បុរសជននានាបូករួមទាំងសប្បុរសជននៅឯក្រៅប្រទេសបានផ្ដល់ខ្លះៗផង ជួយដល់ជនទីទ័លក្របានចំនួន១៥៤គ្រួសារហើយ ដោយក្នុងនោះថវិកាមូលនិធិ មួយផ្នែកត្រូវបានមូលនិធិចាត់ចែងទិញជាស្បៀងអាហារជូនដល់មណ្ឌលកុមារមួយកន្លែងបានចំនួន២លើក និងមួយផ្នែក ប្រើក្នុងការសាងសង់ដំបូលផ្ទះ និង ជញ្ជាំងផ្ទះជួយដល់គ្រួសារមួយផង។ ទាំង២៧គ្រួសារ ដែលទទួលបានអំណោយដោយផ្ទាល់គឺជាអ្នករស់នៅតាមបន្ទប់ជួល ដោយម្នាក់ៗបង្ហាញអោយដឹងនូវទុក្ខលំបាកគួរអោយអាណិត ខណៈដែលអ្នកខ្លះប្រាប់ថាខ្លួនអត់បាយហូប ដោយហូបតែមីហុតទឹក និង ខ្លះហូបមួយពេលខានពេល មួយរយៈមកហើយ។ អ្វីដែលគួរអោយសង្វេគ គឺក្រុមអ្នកទទួលនូវតំបន់ទាំងពីរស្ទើរតែបង្ហូរទឹកភ្នែកគ្រប់ៗគ្នាពេលបានឃើញអំណោយ ដែលលោក ផាត់ តារារដ្ឋ ជាប្រធានមូលនិធិ លោក រុន ណាកូ និង កញ្ញា វង្ស សុម៉ាលីន ដែលជាសហការីរបស់មូលនិធិ យកទៅដល់មាត់ទ្វារផ្ទះ ។

LEAVE A REPLY

Please enter your comment!
Please enter your name here