យាយប៉េងប៉ោះ ខ្លោចចិត្តអាណិតក្រុមការងារដែលមានទុក្ខបណ្ដាក់គ្នា

0

ដំណឹងអកុសលរបស់លោក ទឹន ចំរើន ដែលត្រូវគេស្គាល់ថាគឺជាក្រុមការងារសប្បុរសធម៌របស់លោកយាយប៉េងប៉ោះ និង ជាអ្នកសារព័ត៌មានមួយរូប បានធ្វើអោយមេក្រុម គឺអ្នកស្រី ប៉េងប៉ោះ មានអារម្មណ៍រន្ធត់ចិត្តជាពន់ពេក ដោយសារតែលោក ចំរើន ជួបទុក្ខផ្ទួនៗ ដោយទើបតែត្រូវយាយបង្កើតមរណភាព ស្រាប់តែឪពុកបង្កើតនៅក្នុងពេលនេះ មានជម្ងឺធ្ងន់ធ្វើទុក្ខទៀត។ ក្រុមអ្នកសិល្បៈមួយចំនួនត្រូវគេឃើញបង្ហាញសកម្មភាពបរិច្ចាគថវិកាឈឺឆ្អាលដល់លោកនោះផង បន្ទាប់ពីអ្នកស្រី ប៉េងបោះ ធ្វើការបំផុសបំផុល។

អ្នកស្រី ប៉េងប៉ោះ ដែលជាមេក្រុមសប្បុរសធម៌ យាយដូងយាយប៉េងប៉ោះ និងជាតារាសម្ដែងបែបកំប្លែងមួយរូបនិយាយថា លោក ទឹន ចំរើន ក្នុងមួយរយៈចុងក្រោយនេះ ជួបទុក្ខផ្ទួនៗគួរអោយអាណិតយ៉ាងខ្លាំង បន្ថែមពីលើជីវភាពខ្វះខាតដែលលោកបានជួបនាពេលកន្លងមក។ ប៉ុន្តែអ្វីដែលអ្នកស្រី សរសើ គឺសមាជិកក្រុមការងារមួយនេះ មានទឹកចិត្តសប្បុរសធម៌លើសពីអ្នកមានទ្រព្យឆ្ងាយណាស់ ដោយសុខចិត្តធ្វើការក្នុងបាបារាំងយកលុយមកធ្វើសកម្មភាពសប្បុរសធម៌ជាមួយអ្នកស្រីតាំងពីមិនទាន់ស្និទ្ធិគ្នា និង សុខចិត្តធ្វើអ្នកសារព័ត៌មាន ចុះថតការងារផ្សេងៗ ជួយដល់ក្រុមទុរគតជន ដោយមិនគិតពីប្រាក់កម្រៃ។ អ្នកស្រីថា នៅស្រុកកំណើត គ្រួសាររបស់លោកចំរើន គ្រាន់តែជាអ្នកខ្សត់ខ្សោយមួយប៉ុណ្ណោះ ដោយជារៀងរាល់ខែ លោកចំរើនត្រូវខំរកលុយផ្ញើទៅឪពុក និងអ្នកផ្ទះផង និង ខំរកលុយដើម្បីតស៊ូរស់នៅនៅភ្នំពេញផង។ ក្រោយពេលកូវីតផ្ទុះឡើង អ្នកស្រីថា បាបារាំងត្រូវបានបិទ ធ្វើអោយលោក ចំរើន មានការប៉ះពាល់យ៉ាងខ្លាំង តែលោកចំរើននៅតែប្រឹងតស៊ូ ដោយថែមទាំងសកម្មក្នុងកិច្ចការសប្បុរសធម៌ជាមួយអ្នកស្រី មិនដែលដាច់នោះផង។ អ្នកស្រីកាន់តែ ខ្លោចចិត្តនៅពេលដែល យាយបង្កើតរបស់លោក ទើបតែទទួលមរណភាពកាលពីថ្ងៃទី២០ កញ្ញា ឆ្នាំ២០២០ ស្រាប់តែក្នុងពេលនេះ ឪពុករបស់លោក បែរជាធ្លាក់ខ្លួនធ្វើទុក្ខធ្ងន់ស្របគ្នាទៅទៀត ដោយសារតែជម្ងឺទឹកនោមប្រៃ លើសឈាម និង ជម្ងឺច្រើនមុខផ្សេងទៀត ដែលឈឺរ៉ាំរ៉ៃយូរឆ្នាំមកហើយ។ អ្នកស្រីក៏ថ្លែងអំណរគុណ ដល់ក្រុមសិល្បករផងដែរ ថល់ក្រុមសិល្បករមួយចំនួន និង អ្នកស្គាល់រាប់អានលោកចំរើនទាំងអស់ ដែលបានបរិច្ចាគថវិកាជួយចែករំលែកទុក្ខលំបាករបស់លោកចំរើន នៅក្នុងពេលនេះ។ អ្នកស្រីថា លោកចំរើនមិនទាន់រកថវិកាជួយសង់ផ្ទះនៅស្រុកអោយបានសមរម្យផង ក៏ត្រូវមកជួបរឿងទុក្ខសោកផ្ទួនៗនៅក្នុងពេលនេះទៀត។ បន្ថែមពីលើនោះអ្នកស្រី ក៏ផ្ដល់កម្លាំងចិត្តអោយលោកចំរើន រឹងមាំ និងកុំតក់ស្លុតនឹងអ្វីដែលកំពុងកើតឡើងផងដែរ ដោយអ្នកស្រីជឿថា អំពើល្អដែលលោកចំរើន បានធ្វើកន្លងមកនឹងជួយអោយលោកបានធូរពីការលំបាកនេះ ក្នុងពេលឆាប់ៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here