ចាប់តាំងពីព្រាប សុវត្ថិ ដើរចេញពីហង្សមាស និងបានទៅចូលរួមជាមួយផលិតកម្ម Galaxy Navatra ជាផ្លូវការកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ មក ធ្វើឲ្យមហាជនខ្លះលើកឡើងថា លោកខេមរៈ សិរីមន្ត នឹងជិះសេះលែងដៃ ខ្លះទៀតថា ឡើងធ្វើស្ដេចត្រាញ់នៅហង្សមាស ជាដើម​ព្រោះថា មានតែអ្នកចម្រៀងរូបនេះទេ ដែលមានគីឡូខ្ពស់ជាងគេក្នុងការទៅជំនួសព្រាប សុវត្ថិ ដែលចាកចេញ។

រហូត មកទល់ពេលនេះ គេនៅតែរំពឹងមុតមាំថា ខេមរៈ សិរីមន្ត ប្រាកដជាក្លាយជាតួឯកនៅផលិតកម្មហង្សមាស ព្រោះ លោកឈលំដាប់ទី២សម្រាប់តួលេខតារាចម្រៀងប្រុស បន្ទាប់ពី ព្រាប សុវត្ថិ។ ជាក់ស្តែង សិរីមន្ត បានចេញចម្រៀងថ្មីៗ បន្តគ្នា មិនចាញ់រៀមច្បង ហើយក៏នៅមានបទល្អៗជាច្រើនទៀតដែលហង្សមាស ត្រៀមបំបុក។

យ៉ាងណាមហាជនបានមើលឃើញច្បាស់ថា គ្រាន់តែព្រាប សុវត្ថិ ដើរចេញភ្លាម ហង្សមាស បានលើកខេមរៈ សិរីមន្ដ ធ្វើជាតួឯកភ្លាមនោះ គឺចេញបទចម្រៀងទាក់ទងបុណ្យភ្ជុំបិណ្ឌបន្តកន្ទុយគ្នា មានដូចជាបទ ”ជូនម៉ែ១លានខែភ្ជុំ” , ”គុណពុកគុណម៉ែ” និងបទឆ្លងឆ្លើយជាមួយឱក សុគន្ធកញ្ញា “ភ្ជុំបិណ្ឌដល់ហើយ” ខណៈដែលព្រាប សុវត្ថិ មានតែ១បទប៉ុណ្ណោះ តដៃជាមួយខេមរៈ សិរីមន្ដ នោះគឺបទ ”ខែភ្ជុំជ្រូកយំពេញទ្រុង”។

អ្នកជំនាញធ្វើភ្លេង (Music Composer) ម្នាក់ បាននិយាយដោយមិនឲ្យដាក់ឈ្មោះថា យ៉ាងហោចណាស់ត្រូវការពេលវេលា៣ខែ ទៅ១ឆ្នាំ ទើបអាចមើលដឹងថា ខេមរៈ សិរីមន្ដ អាចយកតំណែងព្រាប សុវត្ថិ​ បានឬអត់ ព្រោះថា ពេលនេះ ព្រាប សុវត្ថិ ទើបចេញអីចឹងមើលមិនទាន់ដឹងទេ ប៉ុន្ដែហង្សមាស ចាប់ផ្ដើមលើកខេមរៈ សិរីមន្ដ ហើយដែលតាមលោកសន្និដ្ឋាន គឺទាំង MV របស់សិរីមន្ដ ផង ចាប់ពីបទក្រោយៗទៅ ដឹងតែមានការសម្រិតសម្រាំងជាងមុនហើយ ព្រោះកុំឲ្យចាញ់ Galaxy។

LEAVE A REPLY

Please enter your comment!
Please enter your name here