កាលពីរសៀលថ្ងៃទី១២ តុលា ឆ្នាំ២០២០ លោក កុយ ស៊ីឌឿន ដែលត្រូវបានគេស្គាល់ថាគឺជាសិល្បកររៀមច្បងមួយរូប បានដឹកនាំក្រុមគ្រួសារ យកថវិកាចំនួន១ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយដល់អ្នករងគ្រោះដោយទឹកជំនន់។ នៅជាទឹកចិត្តសប្បុរសធម៌គួរអោយសរសើររបស់លោក និង ភរិយា ខណៈដែលក្នុងពេលនេះ គ្រោះទឹកជំនន់ជនលិចបណ្ដាខេត្តមួយចំនួនកំពុងតែកើតឡើងនៅកម្ពុជា។

លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរហទី១ កាកបាទក្រហមកម្ពុជា បានថ្លែងក្នុងជំនួននារសៀលថ្ងៃច័ន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២០នេះ ថា អំណោយជាថវិកាចំនួន ១០,០០០ដុល្លារ (មួយម៉ឺនដុល្លារអាមេរិក) ពីលោក កុយ ស៊ីឌឿន និងលោកស្រី ហួត សុភាព (ក្រុមហ៊ុន ឌីភីប៊ីយូធី និងវិទ្យុឌីភី) គឺជាការរួមចំណែកមួយដ៏សំខាន់ សម្រាប់ជួយដល់ដល់អ្នករងគ្រោះនៅក្នុងពេលនេះ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក កុយ ស៊ីឌឿន និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ដែលបាននាំយកថវិកាមកឧបត្ថម្ភជាបន្តបន្ទាប់ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រេីប្រាស់ក្នុងករណីចាំបាច់ ជាពិសេសក្នុងស្ថានភាពគ្រោះទឹកជំនន់នៅតាមបណ្តាខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជា។

លោក កុយ ស៊ីឌឿន បានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលបានអនុញ្ញាតឱ្យចូលរួមចំណែកការងារមនុស្សធម៌ និងចែករំលែកក្តីស្រឡាញ់ជាមួយកាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលការលំបាកដល់អ្នកដែលត្រូវការជំនួយជាចាំបាច់ ជាពិសេសអ្នក ដែលរងគ្រោះដោយគ្រោះទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ។ លោកថាលោកបានបរិច្ចាគជួយដល់កាកបាទក្រហមកម្ពុជា តាំងពីអំឡុងឆ្នាំ២០១២មកម្លេះ ដោយគ្រប់សកម្មភាពរបស់កាកបាទក្រហម គឺជាអ្វីដែលលោកយល់ថា មានតុល្យភាពក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋ នៅពេលមានទុក្ខ។ ជាគម្រោងលោកនឹងបន្តបរិច្ចាគក្នុងពេលបន្តបន្ទាប់ទៀត ដើម្បីបានរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា។


ឆ្លើយតបនឹងគ្រោះទឹកជំនន់ដែលកំពុងយាយីនាពេលបច្ចុប្បន្ននេះ លោកស្រីអគ្គលេខាធិការរងទី១ បានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈ រួមជាមួយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បាននិងកំពុងប្រើប្រាស់នូវកម្លាំងសរុប មធ្យោបាយសរុប ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឱ្យរួចផុតពីគ្រោះថ្នាក់ និងទៅដល់ទីទួលសុវត្ថិភាព។

ក្រៅពីការជួយសង្គ្រោះប្រជាពលរដ្ឋដល់ទីទួលសុវត្ថិភាព កាកបាទក្រហមកម្ពុជា ដែលមានកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្ត បានធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន និងរស់នៅមានអនាម័យស្អាត បរិភោគទឹកឆ្អិនឬអាហារដែលចម្អិនបានល្អ ជៀសវាងជំងឺរាតត្បាតនានាដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ។


LEAVE A REPLY

Please enter your comment!
Please enter your name here