ទម្លាយការពិតជុំវិញលុយ៥០០០ដុល្លារ ដែលគេចោទថា យករត់ការដោះលែងមន្ត្រីគយ

0

មកទល់ពេលនេះ ករណីចោទប្រកាន់របស់ លោក សិទ្ធិ កូសាំងស៊ិន ជាមន្ត្រីគយនៅខេត្តកោះកុង ដែលជាម្ចាស់រណ្ដៅដីមួយកន្លែងផង លើលោក ឃាង វុធពៅ ដែលជាគូរកស៊ីជាមួយគ្នាថាបានយកលុយពីខ្លួន៥០០០ដុល្លារ ទៅរត់ការដើម្បីអោយមានការដោះលែងលោក ពីមន្ត្រីកងរាជអាវុធហត្ថ និង ព្រះរាជអាជ្ញានៅខេត្តព្រះសីហនុនោះ នៅតែក្ដៅគគុក។ យ៉ាងណាក៏ដោយកាលពីព្រឹកថ្ងៃទី៣០ ឧសភា ឆ្នាំ២០២១ ភាគីអ្នកដែលរងការចោទប្រកាន់បានចេញមុខបំភ្លឺ។

លោក ឃាង វុធពៅ បានឆ្លើយតបនឹងអ្នកសារព័ត៌មានថា រវាងលោក និង លោក សិទ្ធិ កូសាំងស៊ីន ដែលបានចោទប្រកាន់លោក មានទំនាក់ទំនងគ្នាមួយរយៈមកហើយ ដោយលោក សិទ្ធិ កូសាំងស៊ីន គឺជាម្ចាស់រណ្ដៅដី ដែលទទួលខុសត្រូវក្នុងការផ្ដល់រណ្ដៅដីសម្រាប់អោយក្រុមហ៊ុនចិនជីកធ្វើផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តព្រះសីហនុ ហើយលោកគឺជាអ្នកសម្របសម្រួលការងារដឹកជញ្ជូនដីនោះ ដើម្បីផ្គត់ផ្គង់ផ្លូវល្បឿនលឿន។ លោកមានការភ្ញាក់ផ្អើល ដែលលោក សិទ្ធិ កូសាំងស៊ីន ចោទថាលោកយកលុយចំនួន៥០០០ទៅរត់ការ នៅពេលលោក សិទ្ធ កូសាំងស៊ីន ត្រូវបានចាប់ខ្លួន ទាំងដែលក្នុងពេលនោះគឺលោកបានទៅជួយអះអាងដើម្បីអោយមានការដោះលែងនោះ។ ថវិកាដែលលោក កូសាំងស៊ីន ជាមន្ត្រីគយចោទថា៥០០០ដុល្លារនោះ ការពិតគឺចំនួន៤០០០ដុល្លារទេ ហើយនោះមិនមែនជាថវិកាអោយដោយផ្ទាល់នោះទេ តែជាថវិកាដែលបានពីអាជីវកម្មរណ្ដៅដី ដែលឈ្មោះ កូសាំងស៊ីន តម្រូវអោយលោកយកមកប្រើការសម្រួលបញ្ហានៅរណ្ដៅដី ដែលត្រូវបានមន្ត្រីជំនាញចុះត្រួតពិនិត្យ ហើយបណ្ដាលអោយដំណើរការដឹកជញ្ជូនដីមានការរាំងស្ទះនោះ។ លោកថា នោះគឺជាការលាបពណ៌ និងបង្ខូចឈ្មោះលោកធ្វើអោយមានការយល់ច្រលំ ទាំងដែលលោកគឺគ្រាន់តែដឹងថាមានការឃាត់ខ្លួន ក៏ទៅជួយពន្យល់ថា លោក កូសាំងស៊ីន គឺជាមនុស្សល្អ និង ដើម្បីអោយមានការដោះលែងនោះ។ ជាមួយគ្នានោះ លោកក៏បានឆ្លើយតបទៅនឹងការអះអាងរបស់លោក កូសាំងស៊ីនថា រវាងលោក និង មេប៉េអ៊ឹមខេត្តព្រះសីហនុ និង ព្រះរាជ្ញាខេត្តព្រះសីហនុ គឺជាបងប្អូនធម៌នឹងគ្នានោះថា លោក មិនដែលស្គាល់ ឬ មានទំនាក់ទំនងគ្នាណាមួយនោះទេ។ លោកហ៊ានទាំងស្បថចំពោះបារមីលោកយាយម៉ៅពេជ្រនិល ជុំវិញការលើកឡើងរបស់ខ្លួន ដើម្បីបង្ហាញពីភាពស្អាតស្អំនោះផងដែរ។ លោកក៏បានបង្ហាញពីឯកសារមួយចំនួន ដើម្បីបង្ហាញថាការចោទប្រកាន់របស់ លោក កូសាំងស៊ីន គឺជារឿងខុសពីការពិតនោះផង។ យ៉ាងណាមិញ លោកអះអាងថា ការចេញមុខបំភ្លឺនៅក្នុងពេលនេះ មិនចង់បន្តរឿងវែងឆ្ងាយណាមួយជាមួយលោក កូសាំងស៊ីននោះទេ ពោលគឺគ្រាន់តែចង់បំភ្លឺសាធារណជនកុំអោយមានការភាន់ច្រលំព្រោះតែប៉ុណ្ណោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here