អាចចាត់ទុកថា គឺជាវិធានការគំរូមួយ ដែលគណគ្រប់គ្រងវិទ្យាល័យមួយនៅភ្នំពេញ គឺវិទ្យាល័យហ៊ុនសែនបូរី១០០ខ្នង បានអនុវត្តផែនការមួយ ហើយអនុវត្តបានយ៉ាងជោគជ័យទៅទៀត ក្នុងការដកហូតមិនអោយសិស្សគ្រប់កម្រិតនៅក្នុងសាលាយកទូរស័ព្ទមកសាលា ឬ ប្រើប្រាស់ទូរស័ព្ទក្នុងបរិវេណសាលា ដោយកំណត់អោយផ្តិតមេដៃ និង ធ្វើកិច្ចសន្យាពីសំណាក់អាណាព្យាបាលសិស្សជាហូរហែរ ដើម្បីពង្រឹងគុណភាពវិន័យ។ ក្នុងករណីនៅតែមិនគោរព ក្រុមប្រឹក្សាវិន័យក៏ ឈានដល់ការបណ្ដេញចេញផងដែរ ប្រសិនបើសិស្សព្រហើនមិនអនុវត្តន៍គោលការរបស់សាលា។

ជាការកត់សម្គាល់ គឺវិទ្យាល័យមួយនេះ មានវិន័យល្អស្ទើរតែគ្រប់កម្រិត ទាំងឯកសណ្ឋានសិស្ស និង សីលធម៌របស់សិស្សក្នុងសាលា។ ការងារដ៏ជោគជ័យនេះ លោក ភោគ ផលបុណ ជានាយកធំ និង នាយករង៣រូបទៀតរួមមាន លោក ម៉ី សុមុនី, លោក ដុក ដារ៉ា, និង លោក ម៉ៅ សុខណា ក៏បានរៀបចំក្រុមការងារសម្របសម្រួល សម្រាប់ក្មេង និង អាណាព្យាបាលសិស្ស ដោយផ្ដល់លេខទូរស័ព្ទអោយប្រើប្រាស់ក្នុងការិយាល័យ ដើម្បីអោយអាណាព្យាបាលសិស្ស អាចទាក់ទងមកកាន់កូនៗ ឬ អាចអោយសិស្សទាក់ទងទៅកាន់ឪពុកម្ដាយវិញ ក្នុងមានការចាំបាច់។ ជារៀងរាល់ថ្ងៃគេឃើញក្រុមប្រឹក្សាវិន័យរបស់សាលា ដើរត្រួតពិនិត្យតាមថ្នាក់ ដើម្បីប្រាកដថា សិស្សគ្មានលាក់ទូរស័ព្ទ ឬ លួចប្រើទូរស័ព្ទ ក្នុងបរិវេណសាលា ខណៈដែលសាលានេះ ក៏តឹងរឹងចំពោះសិស្សដែលលាបក្រែមម្សៅ ឬ យកគ្រឿងតុបតែងខ្លួនដាក់តាមកាតាប គួរអោយសរសើរ។

លោក ភោគ ផលបុណ និង លោក ម៉ី សុមុនី បានថ្លែងក្នុងកិច្ចប្រជុំប្រចាំកាលពីដើមខែមករា ឆ្នាំ២០២៤ថា ដោយមើលឃើញថា ការអនុញ្ញាតិអោយសិស្សយកទូរស័ព្ទមកសាលា បង្កអោយគុណភាពរៀននៅក្នុងថ្នាក់មានការធ្លាក់ចុះ សិស្សគ្មានវិន័យ ទើបថ្នាក់ដឹកនាំវិទ្យាល័យទាំងមូល សម្រេចអញ្ជើញអាណាព្យាបាលសិស្សអោយមកប្រជុំ ហើយជាលទ្ធផលគឺអាណាព្យាបាលសាទរយ៉ាងខ្លាំង ដោយពួកអស់លោកទាំងនោះ ក៏អះអាងថាពេលខ្លះក៏ពិបាកហាមប្រាបកូនៗ ចំពោះការប្រើទូរស័ព្ទ មិនស្គាល់ពេលវេលានេះផងដែរ។ លោក ភោគ ផលបុណ ជានាយកវិទ្យាល័យ ក៏ទាមទាអោយលោកគ្រូអ្នកគ្រូ ជួយសង្កេតសិស្សគ្រប់ម៉ោងបង្រៀន ហើយរាយការណ៍មកសាលា ប្រសិនបើមានសិស្សណាលួចប្រើទូរស័ព្ទ ឬ លួចយកទូរស័ព្ទចូលក្នុងសាលា។

លោកនាយកបានមានប្រសាសន៍ថា ក្នុងថ្នាក់នីមួយៗ អ្នកមានសិទ្ធិយកទូរស័ព្ទមកតាម គឺមានតែ៣នាក់ប៉ុណ្ណោះ គឺប្រធានថ្នាក់ និង អនុប្រធាន២នាក់ ដោយអ្នកទាំង៣ ជាអ្នកសម្របម្រួលប្រសិនបើមានការទំនាក់ទំនងណាបន្ទាន់ ហើយក៏ជាអ្នកទទួលខុសត្រូវថតរូបសកម្មភាពក្នុងថ្នាក់គ្រប់ម៉ោង បញ្ជូនមកកាន់ក្រុមប្រឹក្សាវិន័យ។ លោក ភោគ ផលបុណ ក៏ព្រមានចំពោះបុគ្គលិកក្រោមឱវាទ ដែលឧស្សាហ៍សុំច្បាប់ និង អ្នកដែលអាចបង្ខំក្មេងអោយរៀនគួរជាមួយផងដែរ ដោយលោកចាត់ទុកថានោះគឺជាទង្វើបគ្មានការទទួលខុសត្រូវ និង ទាមទាអោយកែប្រែ ប្រសិនបើមិនចង់ទទួលវិធានការក្ដៅ។ វិធានការដែលគេកម្រឃើញនៅតាមតាមវិទ្យាល័យរដ្ឋនេះ កំពុងធ្វើអោយវិទ្យាល័យហ៊ុនសែនបូរី១០០ខ្នង ជាប់ឈ្មោះជាវិទ្យាល័យនៅភ្នំពេញ ដែលបានដាក់ចេញនូវវិធានការគំរូៗជាច្រើន ក្នុងការលើកកម្ពស់គុណភាពសិក្សា ស្របពេលដែលវិទ្យាល័យនេះ ក៏ផលិតបានសិស្សពូកែ និង សិស្សនិទ្ទេសA កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ គួរអោយកត់សម្គាល់។

LEAVE A REPLY

Please enter your comment!
Please enter your name here