មូលនិធិ”ផ្ទះតារា” យកជំនួយជូន២៣គ្រួសារ តាមបន្ទប់ជួលនៅស្ទឹងមានជ័យ

0

កាលពីល្ងាចថ្ងៃទី៤ មេសា ឆ្នាំ២០២១ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានដឹកនាំជំនួយរបស់មូលនិធិ”ផ្ទះតារា” ដែលលោកគៀរគរបាន ពីសប្បុរសជន២រូបគឺ ពីអ្កកនាង ស្រីអូនសម្រស់ធម្មជាតិ និងពីអ្នកនាង អ៉ឹម សុគន្ធា អគ្គនាយិកាក្រុមហ៊ុន HK7។ ជំនួយដែលមូលនិធិ”ផ្ទះតារា”យកទៅប្រគល់ជូនដល់អ្នករស់នៅនៅក្នុងបន្ទប់ជួល ក្នុងតំបន់ក្រហម ដែលបិទខ្ទប់នេះ រួមមាន អង្ករក្នុងមួយគ្រួសារ ២០គីឡូ មីមួយកេស និង ត្រីខមួយយួ១០កំប៉ុង។

លោក ផាត់ តារារដ្ឋ ប្រធានមូលនិធិនិយាយថា ដោយសារតែការបរិច្ចាគរបស់អ្នកនាង ស្រីអូន សម្រស់ធម្មជាតិ និង អ្នកនាង អ៉ឹម សុគន្ធា អគ្គនាយិកា ដែលបានបរិច្ចាគអោយមូលនិធិ”ផ្ទះតារា”ក្នុងម្នាក់១០០០ដុល្លារ ទើបធ្វើអោយមូលនិធិរបស់លោកមានលទ្ធភាពចាត់ចែងចំណាយ ក្នុងការធ្វើសប្បុរសធម៌ជូនដល់អ្នកខ្សត់ខ្សោយមួយចំនួន។ មកទល់ពេលនេះ មូលនិធិ”ផ្ទះតារា” បានប្រើថវិកាដែលសប្បុរសជននានាបូករួមទាំងសប្បុរសជននៅឯក្រៅប្រទេសបានផ្ដល់ខ្លះៗផង ជួយដល់ជនទីទ័លក្របានចំនួន១២៧គ្រួសារហើយ ដោយក្នុងនោះថវិកាមូលនិធិដែលអ្នកនាង ស្រីអូនសម្រស់ធម្មជាតិផ្ដល់ជូន ក៏ត្រូវបានមូលនិធិចាត់ចែងជាស្បៀងអាហារជូនដល់មណ្ឌលកុមារមួយកន្លែងចំនួន២លើក និងចំណាយទិញជាស្បៀងជូនដល់គ្រួសារបានចំនួន២៣គ្រួសាររួចមកហើយ។ ដោយឡែកថវិកាមូលនិធិរបស់អ្នកនាង អ៉ឹម សុគន្ធា អគ្គនាយិកាក្រុមហ៊ុន HK7 ក៏ត្រូវបានប្រើក្នុងការសាងសង់ដំបូលផ្ទះ និង ជញ្ជាំងផ្ទះអោយគ្រួសារមួយ និង ប្រើសម្រាប់ទិញស្បៀងចែកជូនដល់ពលរដ្ឋខ្សត់ខ្សោយចំនួន៤០គ្រួសារបន្តទៀត។

លោក ផាត់ តារារដ្ឋ បន្តថា ប្រសិនបើគ្មានម្ចាស់ជំនួយទាំងអស់ ក៏មូលនិធិ”ផ្ទះតារា”របស់លោក មិនមានលទ្ធភាពជួយសាងសង់ផ្ទះជូនអ្នកខ្សត់ ជូនស្បៀងកុមារកំព្រា២លើក និង ចែកស្បៀងជាអង្ករ មី និង ត្រីខ ដែលមានចំនួនច្រើនៗជូនដល់គ្រួសារនីមួយៗ បានដល់ជាង១២០គ្រួសារមកទល់ពេលនេះនោះដែរ។ អ្វីដែលលោកមានមោទនភាព គឺស្បៀងដែលលោកប្រគល់ជូន សុទ្ធតែជូនដល់អ្នកខ្វះខាតចំគោលដៅភាគច្រើន ដោយលោកបញ្ជាក់ថានេះគឺជាអ្វីដែលលោក និង ម្ចាស់ជំនួយចង់បាន។

LEAVE A REPLY

Please enter your comment!
Please enter your name here