គ្មានអ្នកណាមិនដឹងនោះថា មុននេះបន្តិចមានកាទាមទាពេញក្នុងសង្គមហ្វេសប៊ុក ស្នើអោយប្រគល់សត្វតោដែលជនជាតិចិនបានចិញ្ចឹមតាំងពីតូចអោយទៅបុរសម្នាក់នោះចិញ្ចឹមជាថ្មីវិញ បន្ទាប់ពីមានការចោទប្រកាន់ថា បុរសជនជាតិចិននេះបានចិញ្ចឹមសត្វតោ ដែលជាសត្វគ្រោះថ្នាក់មកចិញ្ចឹមក្នុងផ្ទះ បង្កការភ័យខ្លាចដល់អ្នកជិតខាង។ ក្នុងចំណោមអ្នកទាមទាយ៉ាងកក្រើកហ្វេសប៊ុកទាំងនោះក៏មានលោកស្រី សររាជិនី ម្នាក់ផងដែរ ដោយការស្នើសុំរបស់លោកស្រី មានការចែកចាយមិនតិចនោះទេ ខណៈដែលលោកស្រីក៏ជាតារាហ្វេសប៊ុកម្នាក់ដែលលេចធ្លោក្នុងការបញ្ចេញមតិយោបល់ និងធ្វើការសប្បុរសធម៌ នាពេលចុងក្រោយ។ លោកស្រីត្រូវបានគេចាត់ទុកថា ទទួលបានការគាំទ្រស្ទើរតែគ្រប់ឃ្លីបដែលលោកស្រីបាន Live ឬ បង្ហោះសារបញ្ចេញយោបល់ក្នុងរយៈពេលចុងក្រោយនោះផង ពិសេសពាក់ព័ន្ធនឹងករណីអវិជ្ជមានដែលផ្ទុះឡើងមួយចំនួន ក៏ដូចជាករណីដកហូតសត្វតោអាយុ១៨ខែមួយក្បាល ធ្វើអោយមានប្រតិកម្មពីមហាជននោះផង។ ជាមួយនឹងការប្រគល់សត្វតោនេះ ជូនដល់អ្នកចិញ្ចឹមវិញ គេឃើញលោកស្រីបញ្ចេញយោបល់ទាំងអួលដើមករ អមដោយអារម្មណ៍រំភើបចង់ស្រក់ទឹកភ្នែក បន្ទាប់ពីរូបភាពសត្វតោវិលចូលផ្ទះជាច្រើនសន្លឹក ត្រូវបានគេបង្ហោះ។ លោកស្រីបញ្ជាក់ថា បានឃើញកែវភ្នែករបស់សត្វតោក្រោយពេលត្រលប់ចូលផ្ទះ គឺលោកស្រីមានអារម្មណ៍ថា តោមិនខុសពីមនុស្ស ព្រោះនៅពេលបានទៅរស់នៅជាមួយម្ចាស់វិញ គឺតោបានបង្ហាញកាយវិកាសប្បាយ និង កក់ក្ដៅ ជាពិសេសនៅពេលបានដេកជុំជាមួយសត្វចិញ្ខឹមផ្សេងទៀត ដែលធ្លាប់រស់នៅជាមួយគ្នា។ លោកស្រីថា សត្វតោ គឺសត្វព្រៃមែន តែត្រូវបានផ្សាំអោយរស់នៅជាមួយមនុស្ស និង ជាមួយសត្វផ្សេងតាំងពឋិនៅតូច ដោយរបៀបរស់នៅ និង ការស៊ីចំណី ក៏ប្រៀបដូចជាសត្វស្រុកទៅហើយ ដូច្នេះសត្វនេះ មិនអាចទៅរស់នៅរបៀបជាសត្វព្រៃបានទេ បើទោះតោគឺជាសត្វសាហាវ។ លោកស្រីរំភើបចិត្តតាំងពីពេលសម្ដេចនាយករដ្ឋមន្ត្រីសម្រេចអោយប្រគល់សត្វតោនេះ ប្រគល់អោយម្ចាស់វិញ ហើយលោកស្រីកាន់តែរំភើបចង់ស្រក់ទឹកភ្នែក នៅពេលឃើញកែវភ្នែកតោ និង កាយវិកាតោ ក្រោយពេលដឹកយកទៅដល់ក្នុងផ្ទះ។ លោកស្រីថា ការសម្រេចរបស់សម្ដេចនាយករដ្ឋមន្ត្រី គឺជាអ្វីដែលបងប្អូនអ្នកតាមដានករណីនេះ ចង់បាន ហើយលោកស្រីក៏មានតែម្រាមដៃដប់សំពះអរគុណចំពោះការសម្រេចចិត្តដោះលែងអោយទៅរស់នៅម្ចាស់ដូចដើមក្នុងពេលនេះផងដែរ។ លោកស្រីថា គ្រាន់តែបានដឹងថា សម្រេចប្រកាសអោយតោបានត្រលប់ទៅវិញ គឺលោកស្រីសម្រានមិនលក់តែម្ដង ហើយបើទោះមិនធ្លាប់បានមើលថែ ឬ ជួបសត្វតោនេះ ដោយផ្ទាល់ តែលោកស្រីដឹងថា សត្វតោក៏មិនខុសពីមនុស្សដូចគ្នា គឺពិតជាសប្បាយចិត្ត និង រំភើប ក្រោយពេលបានមករស់នៅកន្លែងដើម ដែលមានទាំងការមើលថែត្រឹមត្រូវ និង មានទាំងអាហារគ្រប់គ្រាន់បែបនេះ។ លោកស្រីថា សត្វតោនេះ បើបណ្ដោយអោយរស់នៅក្នុងព្រៃ គឺអាចនឹងពិបាករស់ ឬ អាចស្លាប់ដោយសារមិនចេះរបៀបរស់នៅជាសត្វព្រៃ ហើយលោលស្រីគ្មានអ្វីជាការថ្លែងអំណរគុណចំពោះសម្ដេចនាយករដ្ឋមន្ត្រី ក្រៅពីអារម្មណ៍រំភើប និង ម្រាមដៃ១០សំពះអរគុណជំនួសសត្វតោនោះឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here