ភាពយន្តរឿង”លោកគ្រូប្រពន្ធល្អ” រំពឹងជោគជ័យទាំងក្នុង និង ក្រៅស្រុក

0

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងពិធីប្រកាសសម្ពោធរឿង”លោកគ្រូប្រពន្ធល្អ” កាលពីថ្ងៃទី៣ តុលា ឆ្នាំ២០២២ វិរៈសិល្បករជើងចាស់ លោក ព្រហ្ម ម៉ាញ បានបង្ហាញពីអារម្មណ៍រីករាយយ៉ាងខ្លាំង ដោយលោកបញ្ជាក់ថាភាពយន្តដែលលោកសម្ដែងជាតួឯកនេះ នឹងគ្រោងយកទៅផ្សព្វផ្សាយក្នុងមហោស្រពភាពយន្តអន្តរជាតិនៅក្រៅប្រទេស និង ត្រៀមដាក់បញ្ចាំងលក់សំបុត្រនៅតាមរោង នាបណ្ដាប្រទេសមួយចំនួន។ លោកថា ភាពយន្តនេះផលិតករកងចក្រភាពយន្ត ក្រោមការសហការជាមួយផលិតកម្មដើមត្នោត របស់លោក ឆាយ បូរ៉ា បានបញ្ជាក់ពីគម្រោងរួចហើយ ថានឹងយកភាពយន្តនេះ ទៅកាន់ឆាកអន្តរជាតិ។

លោកថានេះមិនមែនជាស្នាដៃលើកដំបូង ដែលលោកបានសម្ដែងនោះទេ តែគឺជារឿងដំបូងដែលលោកបានសម្ដែងជាតួឯក និង ជារឿងដែលលោកបានសម្ដែង ក្រោយល្បីជាតារាអាយ៉ៃ។ លោកថា កាលពីមុនសង្គ្រាម លោកបានសម្ដែងកុនជាច្រើនរឿងណាស់ តែមិនល្បីនោះទេ ទើបលោកមានអារម្មណ៍រីករាយយ៉ាងខ្លាំង ដែលត្រូវបានផលិតករជ្រើសអោយសម្ដែងជាតួលោកគ្រូ ដែលធ្វើអោយលោកពេញចិត្តយ៉ាងខ្លាំង ព្រោះជាការសម្ដែងដែលត្រូវនឹងជំនាញជាគ្រូកន្លងមករបស់លោកដែលតែងតែបង្ហាត់អាយ៉ៃ និង សិល្បៈផ្សេងៗផងដែរ។ ក្នុងរឿងនេះ ក៏បានបន្សល់នូវប្លង់ដែលធ្វើអោយលោកតែងតែអួលដើមករគ្រប់ពេលនឹកដល់ផងដែរ គឺប្លង់ដែលត្រូវបាននាយកសាលាបណ្ដេញចេញ ហើយធ្វើអោយលោកត្រូវបោះបង់អាជីពដែលលោកស្រលាញ់។

មិមខុសពីការលើកឡើង លោក ឆាយ បូរ៉ា ដែលជាអ្នកដឹកនាំសម្ដែងមួយរូប បានអះអាងថាភាពយន្តគឺពិតជាបានត្រៀមខ្លួនដើម្បីឆ្ពោះទៅកាន់ទីផ្សារពិតប្រាកដមែន ទើបស្នាដៃមួយនេះ ត្រូវបានផលិតកម្មរបស់លោក និង ផលិតកម្មកងចក្រ សម្រិតសម្រាំងទាំងគុណភាព និង ស្ដង់ដា ព្រោះតែចង់អោយមានការទទួលស្គាល់ក្នុងពេលឆ្ពោះទៅកាន់ទីផ្សារខាងក្រៅនេះឯង។ ភាពយន្តនេះត្រូវបានកំណត់ដាក់លក់សំបុត្រគ្រប់រោងចាប់ពីថ្ងៃទី៥ តុលា តទៅ ហើយគម្រោងនាំយកទៅក្រៅប្រទេស មិនទាន់កំណត់ថ្ងៃច្បាស់នៅឡើយទេ។ លោកក៏បង្ហាញមោទនភាពខ្ពស់ផងដែរ ដែលក្នុងពិធីសម្ពោធរឿងនេះ គឺមានតារាសិល្បៈ និង ភ្ញៀវកិត្តិយសចូលរួមកុះករ ហើយក្នុងពិធីដាក់បញ្ចាំងសាកល្បងកាលពីប៉ុន្មានថ្ងៃមុន ក៏មានអ្នកបានទស្សនាជាច្រើនសរសើរថាភាពយន្តនេះល្អមើល។

LEAVE A REPLY

Please enter your comment!
Please enter your name here