ក្នុងពិធីបើកសង្ក្រាន្តខ្មែរ នៅបាងកក កាលពីថ្ងៃទី14 មេសា ឆ្នាំ2024 រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានទៅចូលរួមធ្វើជាគណអធិបតីនៅក្នុងពិធីតែម្ដង ដើម្បីទៅជួបដោយផ្ទាល់ ជាមួយបងប្អូនកូនខ្មែរ ដែលជាពលករនៅក្នុងប្រទេសថៃ។
ក្រៅពីបង្ហាញភាពស្និទ្ធិស្នាលដោយមិនប្រកាន់ខ្លួនជាមួយនឹងការថតរូប និង នៅសប្បាយៗជាមួយបងប្អូនខ្មែរពលករនៅក្នុងពិធីនោះ ឯកឧត្តមក៏កោតសរសើរចំពោះអ្នកមកចូលរួមលេងសង្ក្រាន្តខ្មែរនៅបាងកកទាំងនោះផងដែរ ថាបានរួមចំណែកថែរក្សា និង ការពារវប្បធម៌ខ្មែរ ដោយជួបជុំមកលេងល្បែងប្រជាប្រិយខ្មែរ និង រាំលេងយ៉ាងសប្បាយ ក្នុងនាមជាខ្មែររួមឈាម ដែលធ្វើអោយសង្ក្រាន្តដែលបានរៀបចំទាំងមូល មានភាពអឹកអធឹក។
ឯកឧត្តមក៏សរសើរចំពោះឯកអគ្គរាជទូតខ្មែរ ប្រចាំនៅបាងកកផងដែរ ដែលបានរៀបចំសង្ក្រាន្តនេះឡើង ដើម្បីអោយបងប្អូនខ្មែរ ដែលជាប់បម្រើការនៅទីនោះ បានជួបជុំគ្នា ជំនួសអោយការមិនបានមកស្រុកកំណើត។ នៅក្នុងឱកាសនោះ ឯកឧត្តមក៏បានជូនពរ និង លើកទឹកចិត្តអោយបងប្អូនខ្មែរ ដែលនៅបម្រើការនៅក្នុងប្រទេសថៃទាំងអស់ បង្កើនជំនាញ និង ទេពកោសល្យ ដើម្បីក្រោយពេលត្រលប់ទៅស្រុកកំណើតវិញ អាចបង្កើតអាជីវកម្មខ្លួនឯង ឬ មានជំនាញមួយផ្ទាល់ខ្លួន ដើម្បីវិវត្តន៍ខ្លួន និង ជីវភាព។
លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង ជាចាងហ្វាងសារព័ត៌មាន ផ្ទះតារា និង ក្រុមការងារ ដែលបានទៅចូលរួមនៅក្នុងសង្ក្រាន្តនោះ ក៏សម្ដែងការចាប់អារម្មណ៍ផងដែរថា សង្ក្រាន្តដែលបានរៀបចំឡើងនោះ បានផ្ដល់ឱកាសអោយបងប្អូនខ្មែរ ជាពលករនៅក្នុងទីក្រុងបាងកកទាំងបានជួបជុំគ្នា និង បានរួមចំណែកកម្សាន្តសប្បាយជាមួយនឹងការចូលរួមអភិរក្ស និង ថែរក្សា នូវអ្វីដែលជារបស់ខ្មែរ បើទោះជាពលករខ្មែរទាំងនោះ មិនបានមកលេងស្រុកសប្បាយៗក្នុងឱកាសចូលឆ្នាំ។
លោកក៏សរសើរពីការយកចិត្តទុកដាក់លើបងប្អូនពលករ ពីសំណាក់ឯកឧត្តម ហេង សួរ និង អគ្គរាជទូតនៅក្នុងប្រទេសថៃផងដែរ ដែលកាន់តែធ្វើអោយបងប្អូនជាពលករនៅក្នុងប្រទេសនោះ មិនឯកោ ហើយកាន់តែមានកម្លាំងចិត្ត ក្នុងការផ្លាស់ប្ដូរជីវភាព និង ជំនាញ សម្រាប់អនាគត។