នៅទីបំផុតការប្រកួតពានផ្នែកតន្ត្រី និង ចម្រៀងក្លាស៊ិក របស់សាលាស្រណោះតន្ត្រីសម្រាប់ឆ្នាំ២០២៦ បានរកឃើញម្ចាស់ពានសំរិទ្ធិ ពានប្រាក់ ពានមាស និង Champion ធំជាផ្លូវការហើយ កាលពីថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២៦ ដោយការប្រកួតសម្រាប់ឆ្នាំនេះ គឺរកបានម្ចាស់ពានប្រាក់ និង មាសរហូតដល់ជាង៧០រូប ដែលអាចបន្តទៅប្រកួតនៅក្រៅប្រទេស។

លោក សូរ ស្រណោះ នាយកសាលាស្រណោះតន្ត្រី បានថ្លែងបញ្ជាក់ថា ការប្រកួតដែលបានធ្វើឡើងនេះថ្វីត្បិតតែជាការប្រកួតនៅក្នុងស្រុកក៏ពិតមែន ប៉ុន្តែសម្រាប់ការប្រកួតប្រជែងគឺសុទ្ធតែឆ្លងកាត់ដំណាក់កាលដូចគ្នានឹងការប្រកួតនៅលើឆាកអន្តរជាតិ និង សុទ្ធតែមានគណកម្មការជាអ្នកឯកទេសបរទេសមកដាក់ពិន្ទុដូចគ្នាដែរ។

ដូច្នេះហើយទើបការប្រកួតដែលបានធ្វើឡើងគឺម្ចាស់ពានមាស និង ម្ចាស់ Champion សុទ្ធតែមានសមត្ថភាពខ្លាំងដែលលោកហ៊ាននិយាយថាបើចេញទៅប្រកួតតំណាងប្រទេសគឺមិនចាញ់ច្រាបគេឡើយ។ អ្នកឈ្នះពានប្រាក់ ពានមាស និង Champion ដែលទើបរកឃើញ នឹងត្រូវចេញទៅប្រកួតនៅប្រទេសម៉ាឡេនៅអំឡុងខែ៨ និង ចេញទៅអាមេរិកក្នុងព្រឹត្តិការណ៍ធំនៅអំឡុងខែ៧។ លោកយល់ថាគឺជាមោទនភាពដែលកម្ពុជាអាចមានធនធានផ្នែកតន្ត្រី និង ចម្រៀងក្លាស៊ិក ហើយជាធនធានវ័យក្មេង និង កាន់តែច្រើនដែលអាចស្មើមុខស្មើមាត់នឹងបេក្ខភាពខ្លាំងៗនៅក្រៅប្រទេស។

លោកមានជំនឿចិត្តថា ម្ចាស់ Champion គឺកុមារី ហេង ថាវរី នឹងនាំមុខមាត់ថ្មីកាន់តែខ្ពស់នៅលើឆាកអន្តរជាតិនាសហរដ្ឋអាមេរិក ហើយម្ចាស់ពានមាស និង Champion រង ឆ្នាំនេះក៏ពិតជាអាចដណ្ដើមបានពានមាស ឬអាចឈានដល់ពានធំផង សម្រាប់ការប្រកួតនៅក្នុងប្រទេសម៉ាឡេស៊ីខាងមុខ។

គួរបញ្ជាក់ផងដែរថា ការប្រកួតរបស់សាលាស្រណោះតន្ត្រីនេះ ក៏មានវត្តមានកូនប្រុសសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង មានវត្តមានកូនៗ ចៅៗរបស់ថ្នាក់ដឹកនាំមួយចំនួនចូលប្រកួតផងដែរ ដែលបង្ហាញថាគឺជាយកចិត្តទុកដាក់ និងបង្ហាញពីការរីកចំរើនក្នុងវិស័យតន្ត្រី និង ចម្រៀងក្លាស៊ិកនៅកម្ពុជា ព្រោះតែមានការលើកទឹកចិត្តកាន់តែច្រើនអោយកូនៗ និង កុមារៗកាន់តែច្រើន ស្រលាញ់ និងលើកស្ទួយក្នុងវិស័យមួយនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here