ប្រកាសបញ្ចាំងភាពយន្តរឿង”ជួបស៊យ វគ្គ៣” ភ្លាម ផលិតករថាកំពុងត្រៀមវគ្គ៤

0

ចាត់ទុកថា គឺជាប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលផលិតករភាពយន្តខ្នាតធំ ហ៊ានផលិតរឿងដែលមានសាច់រឿងប្រទាក់ក្រឡាគ្នាដល់ទៅ៣វគ្គបន្តបន្ទាប់គ្នា ខណៈដែលមានភាពយន្តខ្មែរខ្នាតធំតិចណាស់ ដែលមានដល់វគ្គទី៣។ ភាពយន្តរឿង”ជួបស៊យ វគ្គ៣” ថែមទាំងត្រូវបានផលិតកររំពឹងថា នឹងនៅតែកើបលុយដូចវគ្គទី១ និង វគ្គទី២ នោះផង។ ភាពយន្តនេះ ត្រូវបានប្រកាសបើកសម្ពោធកាលពីថ្ងៃទី១ វិច្ឆិកា ដោយគ្រោងនឹងលក់សំបុត្រគ្រប់រោងនៅថ្ងៃទី៣ វិច្ឆិកា ក្នុងឆ្នាំ២០២២នេះ។

លោក លៀក លីណា អ្នកចាត់ការទូទៅប្រចាំផលិតកម្ម LD បានថ្លែងបញ្ជាក់ថា ហេតុផលដែលផលិតរបស់លោកសម្រេចចិត្តនៅបង្កើតភាពយន្តរឿង”ជួបស៊យ” ដល់វគ្គទី៣ នេះ គឺដោយសារតែសម្អាងថា ភាពយន្តមួយនេះ នៅតែមានសាច់រឿងប្រទាក់ក្រឡាគ្នា និង ជាភាពយន្តមួយដែលផលិតកម្មសម្អាងថា នៅមានអ្នកចង់ទស្សនា ស្របពេលដែលឆ្អឹងរឿងដ៏សំខាន់ក្នុងភាពយន្តនេះ គឺនៅតែមានតម្លៃ ដើម្បីទាក់ទាញអ្នកទស្សនា។ លោកថា ភាពយន្តរឿង”ជួបស៊យ” គឺជារឿងកំប្លែងស្ងួត និង បង្កប់ដោយខ្លឹមសារអប់រំតាំងពីវគ្គទី១ ហើយដោយសារតែស្នាដៃនេះ មានឆ្អឹងរឿងល្អ និង មានតួសម្ដែងស្នូលសុទ្ធតែជាតារាឆ្នើមៗប្រចាំផលិតកម្មនោះហើយ ទើបធ្វើអោយ LD បន្តចំណាយទុនបង្កើតសាច់រឿងវគ្គ ដោយសាច់រឿងនៅក្នុងវគ្គនេះ គឺកាន់តែល្អសើច ល្អមើល និង ទាក់ទាញជាងវគ្គមុនៗ។ លោកថា ផលិតកម្មនឹងនៅតែបន្តយុទ្ធសាស្ត្របង្កើតសាច់រឿងបន្តវគ្គពីភាពយន្តមួយចំនួន ជាពិសេសភាពយន្តដែលធ្លាប់ជោគជ័យ។ លោកក៏ប្រកាសពីគោលបំណងបង្កើត”ជួបស៊យ”វគ្គ៤ បន្តទទៀត ប្រសិនបើការដាក់បញ្ចាំងវគ្គ៣ ត្រូវបានបញ្ចប់ដោយជោគជ័យ។ លោកថាវគ្គ៣នេះ នឹងដាក់បញ្ចាំងគ្រប់រោង ចាប់ពីថ្ងៃទី៣ វិច្ឆិកា តទៅ ពោលគឺចំនឹងអំឡុងពិធីបុណ្យអុំទូកតែម្ដង ដោយលោកដាក់ការរំពឹងថា នឹងកើបលុយខ្លាំងមិនចាញ់វគ្គ១ និង វគ្គ២ ឡើយ ជាពិសេសជាមួយនឹងការបន្ថែមតួអង្គ និង ការបង្កើតចំណោទបញ្ហារឿង ដែលកាន់តែទាក់ទាគនៅក្នុងស្នាដៃនេះ។ អ្វីដែលលោកកាន់តែសប្បាយចិត្ត គឺថ្ងៃសម្ពោធដែលបានធ្វើឡើងនៅផ្សារទំនើបអ៊ីអន១នោះ គឺមានតួសម្ដែងសំខាន់ៗ និង តារាកិត្តិយសយ៉ាងច្រើនកុះករ ចូលរួម។ លោកថា ក្នុងឈុតឆាកថ្មី រឿងស៊យរបស់តួអង្គនឹងនៅតែបន្តកើតឡើង ប៉ុន្តែដើម្បីអោយជ្រាបកាន់តែច្បាស់ថា តើតួអង្គទាំងនោះជួបរឿងគួរអោយអស់សំណើចអ្វីខ្លះ គឺមានតែទៅទស្សនាគ្រប់រោង។ ភាពយន្តនេះ ក៏ត្រូវបានផលិតក្នុងកម្រិតកាន់តែល្អជាងមុន ដើម្បីលើកស្ទួយវិស័យភាពយន្តខ្មែរផងដែរ។

លោក ប៉ុក បូរ៉ាក់ ប្រធាននាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ ដែលអញ្ជើញជាគណអធិបតី បានបង្ហាញការសាទរចំពោះផលិតកម្ម LD ដែលនៅតែរំលេចស្នាដៃថ្មីដើម្បីភាពយន្តខ្មែរ។ លោកកាន់តែបង្ហាញការចាប់អារម្មណ៍ថែមទៀត នៅពេលផលិតករខ្មែរ ដែលបង្កើតអោយមានភាពយន្តជាវគ្គៗ ហើយថែមទាំងផលិតរហូតដល់វគ្គ៣។ លោកក៏កាន់តែសាទរ បើផលិតកម្មនេះ បន្តផលិតដល់វគ្គ៤ ប៉ុន្តែលោកស្នើអោយមានឈុតឆាក និង សាច់រឿងប្លែកៗ។

LEAVE A REPLY

Please enter your comment!
Please enter your name here