មកស្គាល់ពីសមាសភាពបេក្ខភាពផ្លូវការទាំង3រូប ដែលត្រូវបានគណកម្មការរៀបចំការបោះឆ្នោត ក្រោមការជ្រោមជ្រែងរបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ជ្រើសជាបេក្ខភាពអោយឈរឈ្មោះជាប្រធានសមាគមសិល្បករខ្មែរ ដែលនឹងមានការបោះឆ្នោតក្នុងរង្វង់អ្នកសិល្បៈទ្រង់ទ្រាយធំ នាថ្ងៃទី2 ខែ5 ឆ្នាំ2024 នេះ នៅទីតាំងរាជបណ្ឌិតសភាកម្ពុជា ម្ដុំពោធចិនតុង។ បេក្ខភាពទាំង3រូបនេះ នឹងតំណាងអោយសិល្បករទូទាំងប្រទេស ដែលកំពុងត្រូវបានអ្នកសិល្បៈ និង មហាជនជជែកវែកញែក ក្រោយការប្រកាសអោយដឹងពីសមាសភាពជាសាធារណៈ ខណៈដែលប្រវត្តិ អតីតកាល និង បទពិសោធន៍របស់បេក្ខភាព2រូប គឺលោក គួច ខេវិន និង លោក ផាត់ តារារដ្ឋ ដែលមានឈ្មោះប្រកួតប្រជែង ជាមួយនឹងលោកជំទាវឧកញ៉ា ស្រីតូច ចំណាន ក៏ក្លាយជាចំណោទមួយ ដែលគេចង់ដឹងថាតើអ្នកទាំង2 មានអ្វីខ្លះ ទើបត្រូវបានជ្រើសអោយក្លាយជាបេក្ខភាពផ្លូវការ សម្រាប់តំណែងប្រធានសមាគមសិល្បករខ្មែរក្នុងអណ្ណត្តិទី6នេះ។

នៅក្នុងអណ្ណត្តិទី6នេះ សមាគមសិល្បករខ្មែរ នឹងធ្វើការបោះឆ្នោតជាផ្លូវការនៅថ្ងៃទី2 ខែ5 នេះហើយ ដោយរំពឹងថានឹងមានសិល្បករនៅទូទាំងប្រទេសនឹងចូលរួមកុះករ។ សមាសភាពឈរឈ្មោះនៅក្នុងអណ្ណត្តិនេះ មានតែ3រូបប៉ុណ្ណោះ ដែលត្រូវបានគណកម្មការក្រោមការរៀបចំរបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ សម្រេចជ្រើសជាបេក្ខភាពពេញសិទ្ធិអោយឈរឈ្មោះជាបេក្ខភាពប្រធានសមាគម បន្ទាប់ពីអ្នកទាំង3 អាចបំពេញឯកសារគ្រប់ជ្រុងជ្រោយត្រូវលក្ខណ្ឌរបស់គណកម្មការ និង ទាន់ពេលវេលា ហើយមានស្នាដៃ និង ប្រវត្តិរូបដឹកនាំសិល្បៈ ដែលគណកម្មការវិនិច្ឆ័យថាសមក្លាយជាបេក្ខភាពប្រធាន។

លោក ផាត់ តារារដ្ឋ គឺជាបេក្ខភាពម្នាក់ ក្នុងចំណោមបេក្ខភាពផ្លូវការទាំង3រូប ដែលត្រូវបានគណកម្មការប្រកាសទទួលស្គាល់ជាបេក្ខភាពពេញសិទ្ធិ។ លោកគឺជាស្ថាបនិកគ្រួសារតារាកម្ពុជា និង ជាចាងហ្វាងសារព័ត៌មានផ្ទះតារា។ លោកក៏ជាសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ និង ប្រវត្តិវិទ្យា ដែលធ្លាប់បានចូលរួមការងារជាមួយនឹងអង្គការសង្គមស៊ីវិល និង បានបណ្ដុះធនធានមនុស្សជាច្រើនជំនាន់ផងដែរ។ ខាងក្រោមនេះគឺជាស្នាដៃ និង ប្រវត្តិរូបបន្ថែមរបស់លោក។

លោក គួច ខេវិន គឺជាអតីតផលិតករដែលមានកេរ្តិ៍ឈ្មោះបោះសំលេងយ៉ាងខ្លាំង តាមរយៈដែលលោកបានបង្កើត និង កាន់កម្មវិធី នៅតាមបណ្ដាស្ថានីយ៍ទូរទស្សន៍ធំៗ។ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវប្បធ៌មនិងទស្សនវិជ្ជានៅសកលវិ ទ្យាល័មួយ នៅសហរដ្ឋអាម៉េរិក និង ចេះប្រើប្រាស់ភាសារហូតទៅដល់បាន៥ រួមមានភាសាខ្មែរ ចិន វៀតណាម បារាំង និងអង់គ្លេស។ លោក បានធ្វើការងារជាអ្នកដឹកនាំ ផលិតកម្មវិធីទូរទស្សន៍ឯកជនជាច្រើននៅក្នុងប្រទេស និងផលិតវីដេអូ និងបទចម្រៀងជាច្រើនផ្សព្វផ្សាយទៅក្រៅប្រទេស។ លោកសម្រេចចិត្តឈរឈ្មោះជាបេក្ខភាពមួយរូប ដើម្បីចូលរួមចំណែកលើកស្ទួយ អភិវឌ្ព្យន៍សិល្បៈវប្បធ៌មខ្មែរឲ្យរីកចម្រើនប្រកបដោយសេចក្តីថ្លៃថ្នូរ ។

លោកជំទាវឧកញ៉ា ស្រីតូច ចំណាន ឬ លោកជំទាវឧកញ៉ា ម៉ៅ ចំណាន។  ក្នុងចំណោមសមាសភាពដែលឈរឈ្មោះទាំង3 លោកជំទាវគឺជាបេក្ខភាពដែលមានប្រជាប្រិយភាពជាងគេ ដោយសារតែលោកជំទាវគឺជាអតីតតារាសម្ដែង និង ជាពិធីការិនី ដែលល្បីល្បាញស្រាប់មុនពេលបោះបង់សិល្បៈ។ លោកជំទាវមានទាំងភាពជាអ្នកគ្រប់គ្រង ជាអ្នកដឹកនាំ មានទាំងទ្រព្យធន និង កិត្តិយស ដែលគេរំពឹងថានឹងក្លាយជាប្រធានថ្មីដ៏មានសក្កានុពល ក្នុងការដឹកនាំសមាគមសិល្បករខ្មែរ។ លោកជំទាវក៏មានការប្រាស្រ័យទាក់ទងនៅក្នុងសង្គមទាំងមជ្ឈដ្ឋានសង្គមជាន់ខ្ពស់ និង ចង្កោមអ្នកសិល្បៈបានល្អផងដែរ មុនពេលត្រូវបានគណកម្មការជ្រើសជាបេក្ខភាពមួយរូបក្នុងចំណោម3រូប ដែលបានប្រកាស។

យ៉ាងណាមិញលោក ផាត់ តារារដ្ឋ និង លោក គួច ខេវិន មានមោទនភាពដែលបានក្លាយបេក្ខភាព ផ្នែកមួយនៅក្នុងសមាគម បើទោះជាអ្នកទាំងពីរមានលទ្ធផលបែបណាក៏ដោយ ដើម្បីរួមគ្នាដឹកនាំសមាគម អោយក្លាយជាប្រយោជន៍ដោយគ្មានការរិះគន់ ដល់អ្នកសិល្បៈ និង គ្រប់ជ្រុងជ្រោយ ដោយសារតែបេក្ខភាពទាំង3 នៅក្នុងអណ្ណត្តិនេះ គឺសុទ្ធតែមានស្នាដៃក្នុងការលើកស្ទួយសិល្បៈ និង មានឆន្ទៈខ្ពស់ ក្នុងការចង់ឃើញសមាគមកាន់តែមានប្រសិទ្ធិភាព ក្នុងការជួយអ្នកសិល្បៈគ្រប់ស្រទាប់វណ្ណៈ ដោយគ្មានបក្សពួក។

គួរបញ្ជាក់ផងដែរថា ការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរនៅក្នុងអណ្ណត្តិ នឹងត្រូវធ្វើឡើងនៅរាជបណ្ឌិតសភាកម្ពុជា នាព្រឹកថ្ងៃទី2 ខែ5នេះ ចាប់ពីម៉ោង 8ព្រឹកតទៅ។ សិល្បករដែលមានឈ្មោះបោះឆ្នោតក្នុងការជ្រើសរើសនេះ ត្រូវបានគណកម្មការកំណត់យកតែ600នាក់ប៉ុណ្ណោះ ដោយតម្រូវអោយមានការចុះឈ្មោះក្រោមការវាយតម្លៃពីគណកម្មការត្រឹមត្រូវ។ មកទល់ពេលនេះ ប្រធានបទពាក់ព័ន្ធនឹងការបោះឆ្នោតនេះ នៅតែជារឿងរ៉ាវដ៏គួរអោយចាប់អារម្មណ៍មួយ ពីសំណាក់ស្រទាប់មហាជនទូទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here