រយៈពេល2ថ្ងៃ ថ្ងៃទី28 និង 29 មេសា គ្រួសារតារាកម្ពុជា បានដឹកនាំសិល្បករចំនួន6រូប ទៅទស្សនកិច្ចនៅក្នុងប្រទេសថៃ។ ក្រៅពីចូលរួមសម្ដែងសិល្បៈ តំណាងអោយប្រទេសកម្ពុជា តារាដែលទទួលបានការផ្ដល់កិត្តិយសទាំងអស់ ក៏បានទទួលការស្វាគមន៍អោយបំពេញទស្សនកិច្ចនៅតាមតំបន់មួយចំនួន នៅខៅយ៉ៃ នៅខេត្តនគររាជសីម៉ា និង ខេត្តនគរនាយក ដែលបង្កើតបាននូវអនុស្សាវរីយ៍ដ៏ច្រើនផងដែរ។
លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានលើកឡើងថា តារាសិល្បៈ ដែលទទួលបានការអញ្ជើញរួមមាន លោកជំទាវ រីយ៉ា សមាជិកគ្រួសារតារាកម្ពុជា, លោក រុន ណាកូ ពិធីករផ្ទះតារា, អ្នកនាង យិន ស្រីពៅ តារាសម្ដែង, អ្នកនាង ពេជ្រ ឆដា តារាសម្ដែង, អ្នកនាង សាណា សមាជិកគ្រួសារតារាកម្ពុជា និង អ្នកនាង ស្រីមាន តារាសម្ដែង។ ដំណើរកម្សាន្តក្រោមការស្វាគមន៍យ៉ាងកក់ក្ដៅ របស់ក្រុមហ៊ុន The Strong Winner នេះ គ្រួសារតារាកម្ពុជា ត្រូវបានគេអញ្ជើញអោយទៅកម្សាន្តនៅតំបន់កម្សាន្តខៅយ៉ៃ ទៅទស្សនាវត្តមុន្នីវង្ស ក្នុងខេត្តនគរនយក ទស្សនារូងស្ដេចនាគដ៏ល្បី កម្សាន្តនៅតាមវត្តល្បីៗ និង ទៅកម្សាន្តលេងទឹកនៅតំបន់ល្បីមួយ ក្នុងខេត្តនគរនាយក។ ដំណើរកម្សាន្តនេះ ក៏បានបង្កើតនូវបទពិសោធន៍មួយថ្មី ដល់អ្នកសិល្បៈ និង បង្កើតនូវភាពរីករាយ ក្រោយពីបញ្ចប់បេសកកម្មផងដែរ។
គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលចុងក្រោយ គ្រួសារតារាកម្ពុជា ទទួលបានការអញ្ជើញអោយដឹកនាំសិល្បៈ ទៅសម្ដែងសិល្បៈតំណាងប្រទេស និង ទៅទស្សនកិច្ចនៅក្រៅប្រទេសញឹកញាប់ ពិសេសនៅក្នុងប្រទេសថៃ និង វៀតណាម។ ទាំងនេះសុទ្ធែជាឱកាសដែលជួយអោយគ្រួសារតារាកម្ពុជា បានរួមចំណែកផ្សព្វផ្សាយវប្បធម៌ និង បន្សាយសកម្មភាពក្រុម អោយអន្តរជាតិស្គាល់ពីកម្ពុជាកាន់តែខ្លាំង។