ក្រោយបញ្ចប់ការប្រកួតតន្ត្រី និង ចម្រៀង នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលលោក សូ ស្រណោះ បានបញ្ជូនពីកម្ពុជា ពេលនេះ លទ្ធផលផ្លូវការបានទទួលយ៉ាងមោទនភាពតែម្ដង ដោយតំណាងកូនខ្មែរទាំង១៤រូប គឺសុទ្ធតែបានពានត្រលប់មកវិញទាំងអស់។ ក្នុងនោះមាន៤រូបទទួលបានពានមាសតែម្ដង។

លោក សូ ស្រណោះ ដែលជាគ្រូបង្វឹក និង ជានាយកសាលាស្រណោះតន្ត្រី ដែលបានបញ្ជូនទៅ បានថ្លែងប្រាប់ថា ក្រោយបញ្ចប់ការប្រកួតនៅកោះបាលី កាលពីថ្ងៃទី២៩ កញ្ញា ឆ្នាំ២០២៣ តំណាងប្រទេសកម្ពុជា ពិតជាទទួលបាននូវមុខមាត់មិនអន់ជាងបណ្ដាប្រទេសទាំងជាង១០ដែលបានចូលរួមនោះទេ ដោយកម្ពុជា ទទួលបានពានមាស៤ ពានប្រាក់៩ និង សំរិទ្ធិ១ លើវិញ្ញាចម្រៀង និង ព្យាណូ ដែលសូម្បីតែបរទេស និង គណកម្មការបរទេស ក៏សរសើរពីសមត្ថភាពរបស់តំណាងកម្ពុជា។ លោកថា បើទោះជាក្នុងចំណោមតំណាងកម្ពុជាទាំង១៤រូប មានបរទេស២រូប ដែលសិក្សានៅសាលាស្រណោះតន្ត្រី តែលទ្ធផលដែលទទួលបានគឺនៅតែជាមុខមាត់ជាតិ ដោយសារពួកគាត់ទាំងពីរទៅប្រកួតក្នុងនាមជាកម្ពុជា ហើយកូនខ្មែរចំនួន១២រូប ដែលទៅប្រកួតដូចគ្នា ក៏សុទ្ធតែទទួលបានពាន តំណាងកម្ពុជា៕


LEAVE A REPLY

Please enter your comment!
Please enter your name here