កាលពីថ្ងៃទី១១ ធ្នូ ឆ្នាំ២០២៣ ថ្នាក់ដឹកនាំវិទ្យាល័យហ៊ុនសែនបូរី១០០ខ្នង បានរៀបចំពិធីប្រគល់ប័ណ្ណសរសើរ និង រង្វាន់ ជូនដល់សិស្សដែលប្រលងជាប់និទ្ទេសA របស់សាលាទាំង១១រូប និង ជូនដល់សិស្សឆ្នើម ពីលេខ១ ដល់លេខ៣ ប្រចាំសាលា ដែលទើបបញ្ចប់ការសិក្សា ដើម្បីជាការលើកទឹកចិត្ត។ សិស្សឆ្នើមសរុបជាង១០០នាក់ បានទទួលសម្ភារៈសិក្សា និង ប័ណ្ណសរសើរ ខណៈដែលសិស្សនិទ្ទេសA ទាំងអស់ គឺបានទទួលនូវប័ណ្ណសរសើរ សៀវភៅ សម្ភារៈសិក្សា និង ថវិកាលើកទឹកចិត្តជាច្រើន។ អ្វីដែលគួរកត់សម្គាល់ គឺថវិកាលើកទឹកចិត្តមួយភាគធំ គឺបានពីការឧបត្ថម្ភរបស់លោកគ្រូអ្នកគ្រូ ដែលជាអ្នកបង្ហាត់បង្ហាញសិស្សនិទ្ទេសA ទាំងនោះដោយផ្ទាល់ ដែលមានន័យថា លោកគ្រូអ្នកគ្រូ មិនត្រឹមតែចែករំលែកនូវចំណេះដឹង ធ្វើអោយសិស្សទទួលបានលទ្ធផលល្អក្រោយបញ្ចប់ការសិក្សាប៉ុណ្ណោះទេ តែក៏បានលើកទឹកចិត្តសិស្សដែលទទួលបាននិទ្ទេសA ជាទឹកប្រាក់លើកទឹកចិត្តផងដែរ។

លោក ភោគ ផលបុណ នាយកវិទ្យាល័យ បានលើកឡើងថា វេទិកាដែលបានធ្វើឡើងនេះ គឺជាការលើកទឹកចិត្ត ដល់សិស្សនិទ្ទេសA និង សិស្សឆ្នើមរបស់សាលា ហើយក៏បង្ហាញយ៉ាងច្បាស់ថា នេះគឺជាលទ្ធផល ដែលកើតចេញពីការប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ និង ការប្រឹងប្រែងរបស់សាលា ដើម្បីលើកមុខមាត់ស្ថាប័ន។ លោកនាយកក៏ជូនពរអោយសិស្សនិទ្ទេសA និង សិស្សឆ្នើមដែលទើបបញ្ចប់ការសិក្សាទាំងអស់ ទទួលបានជោគជ័យ និង ក្លាយជាធនធានដ៏ល្អនៅក្នុងសង្គម ក្រោយពីបោះជំហានចូលមហាវិទ្យាល័យផងដែរ៕



LEAVE A REPLY

Please enter your comment!
Please enter your name here