ពេញមួយថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០២៤ ម្ចាស់ហាងសាបាយឌី ឬ សួស្ដីវាងច័ន្ទ ដែលជាហាងលក់អាហារឡាវដ៏ល្បីមួយ នៅភ្នំពេញថ្មី ដែលថៅកែជាជនជាតិឡាវ បានបើកហាងទទួលក្មេងៗ និង លោកគ្រូអ្នកគ្រូ នៅក្នុងមណ្ឌលកុមារស្នាមញញឹមនៃក្ដីសង្ឃឹមកុមារ ដើម្បីអោយពួកគេបានទៅហែលទឹក និង បានញាំអាហារគ្រប់ប្រភេទប្រចាំហាង ដែលនេះគឺទង្វើល្អយ៉ាងខ្លាំង សម្រាប់កុមារទុរគត។
លោកស្រី ប៉ូ ស្រីគង្គ អនុប្រធានសមាគមស្នាមញញឹមនៃកុមារ បានលើកឡើងថា ហេតុផលដែលនាំអោយក្មេងៗនៅក្នុងមណ្ឌល បានមកហែលទឹកលេង និង មកញាំអីនៅក្នុងហាងនេះ គឺដោយសារតែមួយរយៈពេលមុន ម្ចាស់ហាងសាបាយឌី បានទៅដល់មណ្ឌល ហើយដោយសារក្ដីអាណិត ទើបលោកស្រីជាថៅកែឡាវនោះ ស្នើអោយក្មេងៗទាំងអស់នៅក្នុងមណ្ឌល មកលេងនៅក្នុងហាង និង មកញាំអាហារមួយឆ្អែតទាំងព្រឹក ទាំងល្ងាច ដើម្បីអោយក្មេងៗបានសប្បាយរីករាយ។
លោកស្រីថា ទឹកចិត្តម្ចាស់ហាងជាជនជាតិឡាវ និង ក្រុមការងារ ពិតជាស្រលាញ់ក្មេងៗណាស់ ទើបផ្ដល់ឱកាស អោយក្មេងៗជាង១០០នាក់នៅក្នុងមណ្ឌលបានមកលេង និង បានញាំឆ្អែត។ អ្វីដែលលោកស្រី ចាប់អារម្មណ៍ គឺម្ចាស់ហាងបានយកចិត្តទុកដាក់ជាមួយក្មេងៗ និង បានទាំងបើកឱកាសអោយក្មេងៗបានមកលេងទីនេះសារជាថ្មី ដើម្បីជាការចែករំលែកក្ដីស្រលាញ់។
នៅក្នុងថ្ងៃនោះ សមាមស្នាមញញឹម ក៏ផ្ដល់លិខិតសរសើរជូនថៅកែជនជាតិឡាវ និង ក្រុមកាងារ ជាថ្លែងអំណរគុណ ហើយខាងសប្បាយឌី ក៏បានជូនលិខិតសរសើរដល់ប្រធានសមាគមកុមារកំព្រាវិញផងដែរ ដើម្បីបង្កើតទំនាក់ទំនងរវាងគ្នាអោយកាន់តែល្អ។