កាលពីថ្ងៃទី២ មេសា ឆ្នាំ២០២២ លោក សូ ស្រណោះ នាយកសាលាស្រណោះតន្ត្រី បានធ្វើពិធីប្រគល់លិខិតបញ្ជាក់ការសិក្សាដល់សិស្សរហូតដល់ជាង៥០នាក់ ដែលបានសិក្សាចប់ជំនាញតន្ត្រី និង ចម្រៀងក្លាស៊ិក។ ក្នុងនោះក៏មានមួយចំនួនជាសិស្សបរទេសផងដែរ ទើបគេចាត់ទុកថា នេះគឺជាសាលាតន្ត្រីរបស់កម្ពុជា ដែលពោរពេញដោយមោទនភាពមួយ ព្រោះមានកូនជនជាតិបរទេសកាន់តែច្រើន ត្រូវបានសាលាមួយនេះផ្ដល់លិខិតបញ្ជាក់ការសិក្សាជូន។

លោក សូ ស្រណោះ បានលើកឡើងថា នេះគឺជាលើកទី៤ហើយ ដែលសាលារបស់លោកបានធ្វើពិធីប្រគល់វិញ្ញាប័ណ្ណបត្របញ្ជាក់ការសិក្សាជូន ដោយគិតមកដល់ពេលនេះ សាលារបស់លោកមានសិស្សបញ្ចប់ការសិក្សាលើជំនាញតន្ត្រី និង ចម្រៀងក្លាស៊ិក ប្រមាណជាង៥០០នាក់ហើយ ដោយក្នុងនោះប្រហែលជា១៥០នាក់ គឺជាជនជាតិបរទេស។ នៅក្នុងសាលារបស់លោករួមមានជំនាញលេងព្យាណូ ខ្លុយ វីយូឡុង និង ឧបករណ៍តន្ត្រីផ្សេងទៀតជាដើម ដោយក្រៅពីគ្រូបង្រៀនជាជនជាតិខ្មែរ ក៏មានគ្រូជាជនជាតិបរទេសផងដែរ។ លោកបានបង្ហាញនូវមោទនភាព ដែលសាលារបស់លោកកាន់តែទទួលបាននូវការគាំទ្រ ហើយមានជនជាតិបរទេសកាន់តែច្រើន បញ្ជូនកូនអោយមកសិក្សា ក្រៅតែពីក្មេងៗជាជនជាតិខ្មែរ។ លោកក៏នឹងបង្កើនស្ដង់ដារបង្រៀន ដើម្បីផ្ដល់ជូននូវជំនាញតន្ត្រី ដើម្បីអោយកាន់តែមានការទទួលស្គាល់ពីគុណភាពផងដែរ។ លោកថាក្មេងៗដែលទទួលបានលិខិតបញ្ចប់ការសិក្សាទាំងនេះ សុទ្ធតែជាធនធានតន្ត្រីករដ៏ល្អទៅថ្ងៃក្រោយ ហើយក្នុងចំណោមពួកគេ ក៏នឹងត្រូវបញ្ជូនអោយទៅប្រកួតផ្នែកតន្ត្រីដល់ក្រៅប្រទេស នាចុងឆ្នាំផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here