កាលពីថ្ងៃទី២ ធ្នូ ឆ្នាំ២០២២ ប្រទេសសិង្ហបុរី បានធ្វើជាម្ចាស់ផ្ទះ បើកប្រកួតតន្ត្រីអន្តរជាតិ ដោយមានប្រទេសមកពីអាមេរិក និង អាស៊ាន រហូតដល់១១ប្រទេស ចូលរួមប្រកួតប្រជែង។ ក្នុងចំណោមប្រទេសដែលចូលរួមនោះ លោក សូ ស្រណោះ ដែលជានាយកសាលាស្រណោះតន្ត្រី ក៏បានដឹកនាំសិស្សរបស់ខ្លួន ចំនួន២១រូបចូលប្រកួតផងដែរ ដោយកូនសិស្សទាំងអស់ទទួលបានពានមាស និង ពានប្រាក់ទាំង២១រូបត្រលប់មកវិញ។
លោក សូ ស្រណោះ បានរៀបរាប់ថា ហេតុផលដែលធ្វើអោយកូនសិស្សដែលលោកបញ្ជូនទៅទាំង២១រូប សុទ្ធតែទទួលបានពានមាស ពានប្រាក់ ត្រលប់មកវិញ គឺដោយសារតែកូនសិស្សដែលលោកជ្រើសទៅ គឺសុទ្ធតែបានបង្វឹកយ៉ាងយកចិត្តទុកដាក់យ៉ាងតិច៤ខែ ហើយអ្នកដែលសាលាជ្រើសទៅ គឺសុទ្ធតែច្បាស់ភាគច្រើនថា អាចដណ្ដើមបានពាន។ ជាលទ្ធផលគឺលោកសប្បាយចិត្តដែលកូនសិស្សទាំងនេះ បានលើកមុខមាត់ជាតិ នៅលើឆាកអន្តរជាតិ ដោយទទួលបានទាំង២១រូប ត្រលប់មកវិញ។ លោកក៏កាន់មោទនភាពផងដែរ នៅពេលគណកម្មការអន្តរជាតិ បានផ្ដល់ឱកាសអោយលោកធ្វើជាគណកម្មការផ្ដល់ពិន្ទុ ដែលធ្វើអោយលោកស្មើមុខស្មើមាត់ នឹងគណកម្មការផ្ដល់ពិន្ទុមកពីទូទាំងពិភពលោក និង ធ្វើអោយកម្ពុជាមានសំលេងមួយ នៅក្នុងឆាកអន្តរជាតិ។ ក្នុងពេលខាងមុខលោកក៏នឹងដឹកនាំកូនខ្មែរបែបនេះ ទៅប្រកួតតន្ត្រីនៅក្នុងប្រទេសផ្សេងទៀតផងដែរ ដើម្បីអោយកូនខ្មែរដែលមានសមត្ថភាព បានឈ្នះពានបន្តបន្ទាប់៕