កាលពីព្រឹកថ្ងៃទី១៩ តុលា ឆ្នាំ២០២២ សិល្បករសិល្បការិនីគ្រួសារតារាកម្ពុជា និង Impulse Phnom Penh ប្រមាណជាង៧០រូប បានចូលរួមកិច្ចពិភាក្សា ស្ដីពី ការចូលរួមផ្សព្វផ្សាយ ការបង្ការ និងទប់ស្កាត់ ការចម្លងមេរោគអេដស៍ ក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការង កាកបាទក្រហមកម្ពុជា និង ជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ តំណាងដ៏ខ្ពង់ខ្ពង់របស់សម្ដេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និង ការអភិវឌ្ឍន៍នៅកម្ពុជា។ ក្នុងកម្មវិធីក៏មានការចូលរួម ពីឯកឧត្តមបណ្ឌិត្យ ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង ជាគណៈទីប្រឹក្សា ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និង ថ្នាក់ដឹកនាំកាកបាទក្រហមសាខាខេត្តកណ្ដាលជាច្រើនរូប។

សិល្បករសិល្បការិនីដែលបានចូលរួមនៅក្នុងថ្ងៃនោះ រួមមានតារាសម្ដែង ពិធីករ ពិធីការិនី តារាកំប្លែង និង តារាចម្រៀងជាដើម ដោយវត្តមានសិល្បករទាំងនេះ ជាការដឹកនាំដោយគ្រួសារតារាកម្ពុជា និង Impulse Phnom ។ លោកជំទាវ ម៉ែន នារីសោភ័គ បានបង្ហាញនូវការសាទរយ៉ាងខ្លាំងចំពោះវត្តមានចូលរួមរបស់សិល្បករសិល្បការិនីទាំងអស់ ដោយលោកជំទាវយល់នេះ គឺជាចូលរួមមួយដ៏សំខាន់ ដើម្បីអោយសិល្បករសិល្បការិនីទាំងនេះ កាន់តែមានចំណេះដឹង និង បានរួមចំណែកជួយបំផុស ពីបញ្ហាអេដស៍ កុំអោយបន្តរីករាលដាល និង បញ្ឈប់ការរីករាលដាលទាំងស្រុង ត្រឹមឆ្នាំ២០២៥។ លោកជំទាវថា នេះគឺជាជំហានទី១ ហើយក្នុងពេលបន្តបន្ទាប់ ក្រុមឥស្សជនឆ្នើមថ្នាក់ជាតិ ដែលលោកមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជាប្រធាន នឹងបន្តផ្ដល់អោយសិល្បករសិល្បការិនីអោយចូលបែបនេះបន្តទៀត ដោយសារតែសកម្មភាពរបស់សិល្បករ គឺមានឥទ្ធិពលខ្លាំងសម្រាប់មហាជន។

លោកបណ្ឌិត វ៉ា សុភ័ក្ត្រ ប្រធានការិយាល័យការពារជំងឺឆ្លង និង មិនឆ្លង កាកបាទក្រហមកម្ពុជា និង លេខា ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានលើកឡើងថា វត្តមានចូលរួមរបស់សិល្បករសិល្បការិនី នឹងរួមចំណែកផ្សព្វផ្សាយកាន់តែមានប្រសិទ្ធភាពទៅកាន់មហាជន ដើម្បីបញ្ឈប់នូវការរើសអើង ពីអ្នកផ្ទុកមេរោគអេដស៍ និង លើកទឹកចិត្តអោយយុវវ័យ យកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព ដើម្បីបញ្ជៀសពីការឆ្លងមេរោគអេដស៍។ លោកកាន់តែសប្បាយចិត្តនៅពេលសិល្បករសិល្បការិនី ភាគច្រើនសុទ្ធតែមានការយល់ដឹងពីបញ្ហាអេដស៍ និង បានតាំងចិត្តចូលរួមយ៉ាងផុលផុស ពីបញ្ហានេះ ក្នុងនាមជាអ្នកសិល្បៈ។

បន្ថែមពីលើកិច្ចសំណេះសំណាល គណអធិបតី ក៏ផ្ដល់កិត្តិយសថតរូបជាមួយសិល្បករ ផ្ដល់លិខិតសរសើរជូនដល់អ្នកចូលរួម និង បានទទួលអាហារថ្ងៃត្រង់ជុំគ្នាមួយពេល ដើម្បីបង្កើតនូវអនុស្សាវរីយ៍រវាងគណអធិបតី និង សិល្បករសិល្បការិនីដែលរួមផងដែរ៕


LEAVE A REPLY

Please enter your comment!
Please enter your name here