នារាត្រីថ្ងៃព្រហស្បតិ៍ ទី 03 ខែ វិច្ឆិកា ឆ្នាំ 2022 ត្រូវនឹងថ្ងៃទី2នៃ ព្រឹត្តិការណ៍ មួយម៉ឺនអាល័យ រៀបចំឡើងដោយក្រុម ព្រះសូរិយា ដែលមានលោក យៀង វណ្ណឌី ជាប្រធាន ប្រារព្វឡើងជាលើកទី6 ដើម្បីថ្វាយព្រះអាល័យ ក្នុងខួបគម្រប់10 ព្រះវស្សា នៃការយាងសោយព្រះទិវង្គត់ និង 100 ព្រះវស្សា នៃទិវាប្រសូត ព្រះករុណាព្រះបរមរតនៈកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្នុងបរិវេណសកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានសមាគមនារីកម្ពុជា ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ អមដោយវត្តមានសិល្បៈករសិល្បការិនីកិត្តិយសមកពីក្រុម គ្រួសារតារាកម្ពុជា រួមគ្នាស្លៀកសម្លៀកបំពាក់ទម្រង់បុរាណនាទស្សវត្ស៍ឆ្នាំ90 និង ប្អូនៗនិស្សិតជាច្រើនបានចូលរួម។

ព្រឹត្តិការណ៍នេះដែរបានប្រារព្ធធ្វើឡើងរយៈពេលចំនួន3ថ្ងៃ គឺចាប់ពីថ្ងៃទី02 រហូតដល់ថ្ងៃទី04 ខែវិច្ឆិកា ឆ្នាំ2022 នេះចាប់ពីម៉ោង8ព្រឹកតទៅ។ កម្មវិធីនេះប្រារព្ធឡើង ដើម្បីតបស្នងព្រះគុណរបស់សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលទ្រង់បានលះបង់គ្រប់បែបយ៉ាង និងទាមទារស្វែងរកយុត្តិធម៌គ្រប់វិស័យ ដើម្បីទទួលបានឯករាជ្យជូនប្រជាជនទាំងមូល។ នៅក្នុងកម្មវិធីទាំងមូលក៏មានការ ចាក់បញ្ចាំងខ្សែភាពយន្តដែលជាស្នាព្រះហស្ថដ៏អស្ចារ្យ៤រឿង គឺ រឿងព្រៃប្រសិទ្ធិ៍ ផលិតនៅឆ្នាំ 1967 រឿង « ឆាយាលើអង្គរ » ផលិតនៅឆ្នាំ1968 រឿង « សន្ធិប្រកាស » ផលិតនៅឆ្នាំ1969 និង រឿង « ផ្កាកុលាបនៃភ្នំបូកគោ » ផលិតនៅឆ្នាំ1969។ ក្នុងនោះ វិស័យខែ្សភាពយន្តខ្មែរ ត្រូវបានគេចាត់ទុកថាជា « សិល្បៈទី៧នៃកម្ពុជា » ដែលមានព្រះអង្គជាចលករដ៏សំខាន់បំផុត ដែលធ្វើឲ្យវិស័យភាពយន្តខ្មែរមានគុណភាព និងមានភាពល្បីល្បាញ ទូទាំងប្រទេស និងនៅលើឆាកអន្តរជាតិ។ មិនត្រឹមតែបញ្ចាំងភាពយន្តប៉ុណ្ណោះទេ ក៏មានការប្រគំតន្រ្តី « រាជសង្គមនិយមខ្មែរ » ចូលរួមសម្ដែងដោយក្រុម Music Art School ក្រោមអធិបតីយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ ព្រះនាងតូច នរោត្តម ជេនណា ទ្រង់ថ្វាយព្រះសំនៀងបំពេរអារម្មណ៍ជូនភ្ញៀវកិត្តិយស ដែលប្លែក និង អស្ចារ្យ ដើម្បីរំលឹកឡើងវិញនូវបទចម្រៀងក្នុងសម័យសង្គមរាស្រ្តនិយម ដែលត្រូវបានបាត់បង់ដោយសាររបបខ្មែរក្រហមទៀតផង។

អ្វីដែលគួរឱ្យសរសើរកម្មវិធីមួយនេះផងដែរ ក៏ត្រូវបានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ប្រទានព្រះរាជទ្រព្យ ចំនួន 1000$ លោកជំទាវ ម៉ៅម៉ាល័យ កែ គឹមយ៉ាន ចំនួន 1000$ ព្រមទាំង សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ក៏បានឧបត្ថម្ភថវិកា ចំនួន10លានរៀល ជូនដល់កម្មវិធី ហើយក្នុងនោះ ស្ថាប័ន សារព័ត៌មាន ផ្ទះតារា និង គ្រួសារតារាកម្ពុជា ក៏បានចូលរួមសហការណ៍ក្នុងការបំផុស និង ផ្សព្វផ្សាយ ក៏ដូចជាចែករំលែកនូវអនុស្សាវរីយ៍ដ៏គួរឱ្យចងចាំមួយនេះជូនដល់បងប្អូនប្រជាជនខ្មែរនៅក្នុងបណ្ដាញសារព័ត៌មានផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here