ពិតជាអធឹកអធមណាស់កម្មវិធីហែរអង្គកឋិនរបសអ្នកឧកញ៉ាបណ្ឌិត្យ ទ្រី ភាព និង លោកជំទាវ គៀន ស្រីនាង នៅវត្តវាំងចាស់

0

កាលពីថ្ងៃទី១៥ តុលា ឆ្នាំ២០២០ អ្នកឧកញ៉ាបណ្ឌិត្យ ទ្រី ភាព និង លោកជំទាវ គៀន ស្រីនាង បានធ្វើអង្គកឋិនទានធំមួយ ដង្ហែរទៅវត្តហរិរក្សរាជិនី ហៅ វាំងចាស់ ដែលស្ថិតក្បែរភ្នំឧត្តុង្គ ដោយពិធីដង្ហែរអង្គកឋិន ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៦ តុលា មុននេះ។ ក្នុងពិធីនេះក៏មានពុទ្ធបរិស័ទមកពីគ្រប់ទិសទីចូលរួមយ៉ាងច្រើនកុះករផងដែរ។

អង្គកឋិនទានដែលបានធ្វើឡើងនេះ គឺជារួមចំណែកក្នុងការលើកកម្ពស់ព្រះពុទ្ធសាសនាដ៏ថ្លៃថ្លាមួយ ជាពិសេសនៅក្នុងកាលៈទេសៈដែលកម្ពុជាកំពុងតែកើតមានជម្ងឺកូវីត១៩ និង គ្រោះទឹកជំនន់នៅទូទាំងប្រទេស ដែលបណ្ដាលអោយវត្តអារ៉ាមខ្លះមានការខ្វះខាត និង មិនមានលទ្ធភាពក្នុងការស្ដារហេដ្ឋារចនាសម្ព័ន្ធវត្តដែលរងផលប៉ះពាល់។ ការរួមចំណែកដង្ហែរអង្គកឋិនទានរបស់ អ្នកឧកញ៉ាបណ្ឌិត្យ ទ្រី ភាព និង លោកជំទាវ គៀន ស្រីនាង ក៏ជាការរួមចំណែកក្នុងការលះបង់នូវធនធានផ្ទាល់ខ្លួន ដើម្បីជួយអោយវត្តវាំងចាស់ ដែលជាទីអារ៉ាមល្បីល្បាញមួយក្នុងសម័យឧត្តុង្គ មានលទ្ធភាពក្នុងការផ្គត់ផ្គង់តម្រូវការក្នុងវត្តដែលមានការប្រឈមនៅក្នុងទីអារ៉ាមមួយនេះផងដែរ។ នៅក្មុងពិធីនោះ អ្នកឧកញ៉ាបណ្ឌិត្យ ទ្រី ភាព និង លោកជំទាវ គៀន ស្រីនាង ក៏បានចែកជូននូវអំណោយខ្លះជូនដល់លោកតាលោកយាយ ផងដែរ បន្ថែមពីលើការប្រគល់ថវិកាសង្កត់ត្រៃយ៍ ដែលបានពីការរ៉ៃអង្គាសពីញាតិញោមផ្សេងៗផងជាច្រើនម៉ឺនដុល្លារ ជូនដល់វត្ត។

អ្នកឧកញ៉ាបណ្ឌិត្យ ទ្រី ភាព បានថ្លែងបញ្ជាក់ថា អ្នកឧកញ៉ា និង ភរិយា ពិតជាមានទឹកចិត្តសប្បាយរីករាយយ៉ាងខ្លាំងដែលបានដឹកនាំធ្វើអង្គកឋិនទានមកកាន់វត្តវាំងចាស់នៅក្នុងឆ្នាំនេះ។ អ្នកឧកញ៉ា និង លោកជំទាវក៏ថ្លែងអំណរគុណចំពោះភ្ញៀវកិត្តិយស និងអ្នកដែលបានរួមចំណែកបុណ្យទាំងអស់នៅក្នុងអង្គកឋិននេះ ដោយកម្លាំងសាមគ្គីដែលបានរួមគ្នានោះហើយ ទើបធ្វើអោយអង្គកឋិនមួយនេះ ប្រព្រឹត្តទៅបានជោគជ័យ និងមានភាពគគ្រឹកគគ្រេង។ ក្នុងនោះផងដែរ លោកជំទាវ គៀន ស្រីនាង ក៏បានបញ្ជាក់ផងដែរថា លោកជំទាវ និង ស្វាមី ក៏បន្តគម្រោងជួយដល់វត្តវាំងចាស់ តាមលទ្ធភាពជាក់ស្ដែងក្នុងពេលបន្តបន្ទាប់ បន្ទាប់ពីបានធ្វើ និង ដង្ហែរអង្គកឋិនទាន ទៅកាន់វត្តវាំងចាស់ តាមប្រពៃណីដូនតាខ្មែរ ក្រោយចេញវស្សាមួយនេះផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here