មកទល់ពេលនេះ កីឡាករ ប្រាក់ មុន្នីឧត្តម នៅតែចាត់ទុកថា បាល់ទាត់គឺជាអ្វីដែលលោកនឹងតស៊ូ ហើយបើទោះជាក្នុងពេលនេះ លោកមានវ័យកាន់តែជ្រេ គឺវ័យជាង៣០ឆ្នាំ នាឆ្នាំ២០២១ នេះយ៉ាងណាក្ដី ក៏លោកនៅតែចាត់ទុកថាបាល់ទាត់ គឺជាអាយុជីវិត។ លោកនិយាយថាគ្រួសាររបស់លោក គឺស្ទើរតែជាអ្នកកីឡា និង បម្រើនៅក្នុងវិស័យមួយនេះទាំងអស់ ទើបលោកទទួលបានការជំរុញអោយក្លាយជាកីឡាករបាល់ទាត់ហើយស្គាល់ភាពជោគជ័យ មកដល់បច្ចុប្បន្ន។ លោកមានអ៊ុំប្រុសជាអតីតកីឡាករបាល់ទាត់ ដែលបច្ចុប្បន្នគឺជា នាយកបណ្ដុះបណ្ដាលបច្ចេកទេស នៅក្នុងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានអ៊ំស្រីគឺជា អតីតកីឡាការិនីបាល់ទះ ដែលបច្ចុប្បន្នគឺជាពិធីការិនីកីឡា និង មានបងប្អូនជីដូនមួយជាច្រើននាក់ សុទ្ធតែជាកីឡាករ និង ជាកីឡាការិនីដែលភាគច្រើនគឺជាជម្រើសជាតិ។

លោក ប្រាក់ មុន្នីឧត្តម កើតនៅថ្ងៃទី២៤ ខែ សីហា ឆ្នាំ១៩៩៤ នៅរាជធានីភ្នំពេញ មានកម្ពស់1ម៉ែត្រ 73។ បច្ចុប្បន្នលោកគឺជាកីឡាករខ្សែប្រយុទ្ឌស្លាប នៅក្នុងក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង និង មានលេខអាវគឺលេខ៧ ដែលលេខសម្គាល់នេះ គឺលោកស្រលាញ់ និង មិនប្ដូរ ដោយសារតែលោកស្រលាញ់ទម្រង់លេងរបស់ អតីតកីឡាករ ដេវីត ប៊េកខាំ ដែលពាក់អាវលេខ៧ដូចគ្នាដែរនោះ។ ឆ្នាំ 2009 លោកបានលេងអោយក្រុមជម្រើសជាតិអាយុក្រោម១៩ ឬ U19 ដោយរកបានគ្រាប់បាល់ជាច្រើននៅក្នុងការប្រកួត ហើយបន្តបន្ទាប់មក ក៏លេងអោយក្រុមជម្រើសជាតិ អាយុក្រោម 22ឆ្នាំ ឬ U22 និង U23 ដែលកាន់តែធ្វើអោយកេរ្តិ៍លោកល្បីល្បាញ។ លោកមានប្រវត្តិជួយអោយក្រុមជម្រើសជាតិព្រះខ័នរាជស្វាយរៀងលើកពាន Metphone Cambodia League ជាលើកលើកដំបូងនៅឆ្នាំ ២០១៣ និងជួយអោយក្រុមរបស់លើកខ្លួនលើកពាន សម្ដេច Hun Sen Cup ជាច្រើនលើក ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ក្នុងឆ្នាំ២០១៥ លោកទទួលបានពានស្បែកជើងមាស និង ក្លាយជាកីឡាករដែលលេងល្អបំផុតប្រចាំឆ្នាំ ជាអ្នកទាត់បាល់បានល្អជាងគេ ដោយទោះជាមានវត្តមានកីឡាករល្អៗថ្មី ក៏លោកនៅតែមានកេរ្តិ៍ឈ្មោះល្បីល្បាញ។ លោករៀបការ ជាមួយនឹងនារីជាកូនស្រីអ្នកជំនួញម្នាក់ ឈ្មោះ ប្រាក់ ស្រីរ័ត្ន កាលពីថ្ងៃទី២២ មករា ឆ្នាំ២០១៧ ដោយទទួលបានកូនស្រីម្នាក់។ ក្រោយគម្រោងចូលនិវត្តន៍នៅក្នុងវ័យ៣៥ឆ្នាំ លោកក៏នឹងរំពឹងថា នឹងបានរួមចំណែកជួយបង្ហាត់ក្មេងៗ ក្នុងនាមជាគ្រូបង្វឹកបាល់ទាត់នាពេលនោះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here