នាព្រឹកថ្ងៃទី 28 ខែ មេសា ឆ្នាំ2024 មុននេះ ផលិតកម្ម LD Entertainment បានប្រារព្ធធ្វើពិធីសន្និសីទសារព័ត៌មានស្ដីអំពីការផលិតខ្សែភាពយន្ត2រឿងដែលមានចំណងជើងថា « ផ្ទះព្រាយកន្លង» និង រឿង « អ្នកតាកំបុតក្បាល » ក្នុងពេលតែមួយ។ នេះគឺជាប្រភេទភាពយន្តខ្នាតធំបែប អបិយជំនឿ រន្ធត់ព្រឺព្រួចថ្មីបន្ថែមទៀតដែលផលិតកម្ម LD បានសម្រេចផលិត និង កំពុងតែចាប់ផ្ដើមដំណើរការថតព្រមគ្នាទាំងពីររឿងផងដែរ។

លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD បានបញ្ជាក់ថា មិនក្រោម10រឿងនោះទេដែលលោកត្រៀមនឹងបញ្ចេញដាក់បញ្ចាំងនៅតាមរោងកុន នៅក្នុងឆ្នាំ2024នេះ។ ចំពោះការផលិតជាប្រភេទសាច់រឿង Horror Movies ម្ដងចំនួន2ក្នុងពេលតែមួយនេះក៏មិនមែនជាឧបសគ្គចំពោះផលិតកម្មនោះដែរ ដោយសារ LD មានក្រុមការងារច្រើន និង ធនធានគ្រប់គ្រាន់ ក្នុងការចាត់ចែងផលិត ព្រមទាំងដឹកនាំសម្ដែង ដើម្បីបម្រើអារម្មណ៍ទស្សនិកជនឱ្យបានទាន់ពេលវេលា។ មិនតែប៉ុណ្នោះគុណភាពនៃសាច់រឿងគឺនៅតែល្អ ថ្មីៗ ប្លែកៗ និង មិនជាន់គ្នាពីមួយរឿងទៅមួយរឿង។

លោកបន្ថែមថា ថ្វីបើការផលិតសាច់រឿងពីរទន្ទឹមគ្នាបែបនេះក៏ពិតមែន ប៉ុន្តែផ្ទៃរឿងគឺមិនដូចគ្នានោះទេហើយការបំផុសគំនិតអប់រំ សិល្បវប្បធម៌នៅក្នុងសាច់រឿងនីមួយៗក៏បង្កប់នូវអត្ថន័យ និង ទំនៀមទម្លាប់នៃជំនឿរបស់ខ្មែរតូចៗជាច្រើនផ្នែកដែលអ្នកទស្សនា នៅក្នុងយុគសម័យថ្មីពុំធ្លាប់ចាប់អារម្មណ៍ ឬ ពុំដែលដឹងទាល់តែសោះលុះត្រាតែចាស់ៗជំនាន់ដើម។

ហើយក៏ជារសជាតិថ្មីមួយទៀតដែលអ្នកនិពន្ធចង់លើកយកមកបង្ហាញ។ រីឯតួអង្គសម្ដែងនៅក្នុងរឿងទាំងពីរនេះក៏ប្រជុំទៅដោយតារាប្រុសស្រីល្បីៗ និង មានកេរ្តិ៍ឈ្មោះបោះសម្លេងនៅលើទីផ្សាភាពយន្ត និង ការគាំទ្រពីសំណាក់មហាជនផងដែរ។

លោក អឿន សុខន អ្នកវិនិយោគមួយផ្នែកធំមួយនៅក្នុងផលិតកម្ម LD បានមានប្រសាសន៍ថា ថ្វីបើរឿងទាំងពីរពុំទាន់លេចរូបរាងជាផ្លូវការ ប៉ុន្តែលោកមានចក្ខុវិស័យខ្ពស់ និង សង្ឃឹមយ៉ាងមុតមាំថា ភាពយន្តខ្មែរប្រភេទភ័យរន្ធត់ទាំងពីរនេះ នឹងមានទីផ្សាផ្ទុះខណៈសាច់រឿងដែលលោកបានមើលឃើញនោះគឺមានភពប្លែកពីភាពយន្តដ៏ទៃ ហើយអ្នកនិពន្ធរបស់ LD គឺសុទ្ធសឹងតែមានស្នាដៃ និង ធ្លាប់បានផលិតរឿងផ្ទុះៗជាច្រើនលើកច្រើនសាររួចមកហើយ។

ជាក់ស្ដែងដូចជារឿង « ប្រវត្តិស្នេហ៍នាងនាថ » ដែលទើបតែបញ្ចប់ការថត នៅមិនទាន់សម្ភោធដាក់បញ្ចាំងតាមរោងភាពយន្តនៅឡើយក្ដី ក៏លោកហ៊ានធានាថានឹងទទួលបានការគាំទ្រពីសំណាក់អ្នកទស្សនាយោងតាមប្រភេទនៃសាច់រឿង និង កម្រិតគុណភាពនៃការផលិត។ ហេតុដូច្នេះហើយទើបលោកនៅតែបន្តជួយគាំទ្រ និង នៅតែចាប់ដៃសហការជាមួយផលិតកម្ម LD ដើម្បីឱ្យលោកបានក្លាយជាផ្នែកមួយជួយលើកតម្កើងភាពយន្ត ឬ វិស័យកុនខ្មែរឱ្យកាន់តែមានកេរ្តិ៍ឈ្មោះបោះសម្លេងទាំងនៅក្នុងស្រុក និង នៅក្រៅប្រទេសផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here