យោងតាម Poster ដែលបានបង្ហោះ គម្រោងត្រពាំងស្នេហ៍ដាក់ដាំ ដែលជាគម្រោងរីស៊តដ៏ល្បីរបស់ក្នុងខេត្តមណ្ឌលគីរី កំពុងធ្វើអោយកក្រើកស្រទាប់មហាជនយ៉ាងខ្លាំង ដោយសារតែគម្រោងដ៏ធំមួយនេះ ហ៊ានបោះទុនយកសុទ្ធតែតារាល្បីៗ និង រៀបចំកម្មវិធីបោះតង់អមដោយដំណើរកម្សាន្តជាទ្រង់ទ្រាយធំមិនធ្លាប់មាន ចំរដូវបុណ្យណូអែល និង ឆ្លងឆ្នាំ ដែលជាអំឡុងពេលមនុស្សចូលចិត្តដើរកម្សាន្ត។ គម្រោងបោះតង់ និង ការប្រគំតន្ត្រីដ៏ធំមួយនេះ បានប្រកាសធ្វើឡើងនៅថ្ងៃទី២៣ ទី២៤ និង ទី២៥ ធ្នូ ក្នុងឆ្នាំ២០២២នេះ ស្របពេលដែលគម្រោងអភិវឌ្ឍន៍ត្រពាំងស្នេហ៍ដាក់ដាំ ក៏មានកែប្រែពីដីលម្ហែកាយសម្រាប់តែលក់ជូនអតិថិជន ទៅជាតំបន់លម្ហែកាយដែលពេញនិយមខ្លាំង សម្រាប់ការបោះតង់ អាំងសាច់ និង សម្រាកលម្ហែកាយ សម្រាប់អ្នកបានទៅដល់ខេត្តមណ្ឌលគីរី។

អ្វីដែលកាន់តែកញ្ជ្រោលអ្នកចង់ទៅមណ្ឌលគីរីខ្លាំង គឺវត្តមានតារាដែលគម្រោងមួយនេះ បានជះលុយរៀបចំការប្រគំតន្ត្រី និង ដឹកនាំអោយមានដំណើរកម្សាន្ត ដើម្បីផ្ដល់ឱកាសអោយអ្នកចង់ទៅបោះតង់នៅគម្រោងរីសតត្រពាំងស្នេហ៍ដាក់ដាំ បានលម្ហែកាយ និង មានអនុស្សាវរីយ៍ ជាមួយបងប្អូនតារាសិល្បៈ ដែលនឹងមានវត្តមានរួមសុខរួមទុក្ខជាមួយអ្នកចូលរួម និង ប្រកាសខ្លួន ត្រៀមច្រៀងកំដរទាំង៣រាត្រី នៅក្នុងគម្រោងនោះផ្ទាល់តែម្ដង។

លោក ម៉ី រតនៈ ម្ចាស់គម្រោងដីឡូតិ៍លម្ហែកាយត្រពាំងស្នេហ៍ដាក់ដាំ ដែលជាការវិនោយោគរបស់ក្រុមហ៊ុនគ្រាប់ពេជ្រលែន បានថ្លែងបញ្ជាក់ថា ដោយសារតែគម្រោងអភិវឌ្ឍន៍មួយនេះ កាន់តែត្រូវបានកែច្នៃជាតំបន់កម្សាន្តប្រចាំនៅខេត្តមណ្ឌលគីរី និង ចង់អោយអ្នកចង់មកលេងនៅខេត្តដ៏មានសក្កានុពលខ្លាំងលើវិស័យទេសចរណ៍មួយនេះ បានមកលេងបោះតង់ អមដោយការតាំងពិពរណ៌ផលិតផល និង ការប្រគំតន្ត្រីក្នុងអំឡុងពេលណូអែល ទើបគម្រោងទាំងមូលរៀបចំកម្មវិធីនេះឡើង។

លោកថាតំបន់ដាក់ដាំ កំពុងក្លាយជាទីតាំងទៅកម្សាន្តច្រើនណាស់ នៅខេត្តមណ្ឌលគីរី ហើយដោយសារតែគម្រោងរបស់លោកគឺជាតំបន់រីស៊តមួយដ៏ធំនាថ្ងៃអនាគត និង កំពុងត្រូវបានរៀបចំជាកន្លែងបោះតង់ដ៏ធំ ទើបគ្រាន់តែប្រកាសគម្រោងភ្លាមក៏មានអ្នកចុះឈ្មោះចូលរួមដល់ខ្ទង់រយនាក់ ដែលគ្រាន់តែស្រម៉ៃក៏លោកបញ្ជាក់ថា គឺពិតជាសប្បាយ នៅពេលគម្រោងទាំងមូល នឹងត្រូវបានតំរៀប ដោយតង់ ដោយទិដ្ឋភាពអាំងសាច់ជុំគ្នា មើលតន្ត្រីអមដោយតារាល្បីៗរួមគ្នា ហើយស្ថិតក្នុងតំបន់ដែលមានទេសភាពស្អាត និង អាកាសធាត្រត្រជាក់ស្រួល។ នៅជុំវិញគម្រោងនេះ ក៏សុទ្ធតែជាកន្លែងកម្សាន្តដ៏ទាក់ទាញ និង ល្បីៗប្រចាំខេត្តមណ្ឌលគីរីផងដែរ ទើបគម្រោងត្រពាំងស្នេហ៍ដាក់ដាំ គ្រាន់តែប្រកាសអោយមានកម្មវិធីបោះតង់ភ្លាម គឺមានអ្នកចូលរួមច្រើន។ លោកថាគម្រោងបោះតង់ដ៏ធំ នៅថ្ងៃទី២៣ ទី២៤ និង ២៥ ធ្នូនេះ គម្រោងបានត្រៀមតង់រហូតដល់រាប់រយតង់ ដោយលោករំពឹងថាអ្នកមកលេងនៅក្នុងអំឡុងពេលនៃការរៀបចំនេះ ក៏នឹងកាន់តែស្គាល់ពីសក្កានុពលនៃគម្រោងត្រពាំងស្នេហ៍ដាក់ដាំ និង ខេត្តមណ្ឌលគីរីទាំងមូល។

បន្ថែមពីលើដំណើរកម្សាន្តទៅកាន់តំបន់សំខាន់ៗ ពីលើគម្រោងបោះតង់ដ៏ធំនេះ លោក និង ក្រុមការងារ ក៏នឹងរៀបចំអោយកម្មវិធីចែកអំណោយធំមួយ ដែលចូលរួមដោយផ្ទាល់ពីតារាសិល្បៈ ដើម្បីចែកជូននូវអាវរងារ ថវិកា និង គ្រឿងឧបភោគបរិភោគផ្សេងៗ ដែលគម្រោងជាអ្នកចំណាយ និង ទទួលបានពីសប្បុរសជន  ទៅដល់បងប្អូនជនជាតិភាគតិច និង ប្រជាជនខ្វះខាតនៅក្នុងសហគមន៍ផងដែរ ដើម្បីចែករំលែកក្ដីស្រលាញ់ក្នុងអំឡុងសប្បាយៗ ក៏ដូចជាចង់អោយតារាៗ និង អ្នកចូលរួមបោះតង់ បានរួមចំណែកធ្វើទាន និង បានដឹងពីសុខទុក្ខរបស់បងប្អូនជនជាតិភាគតិច ដោយមានការចូលរួមពីក្រុមហ៊ុនជាដៃគូដូចជា U-Well បរិច្ចាគផលិត លោក ឆាយ វិរៈយុទ្ធ បរិច្ចាគអង្ករ អាវរងារ និង តារាសិល្បៈបរិច្ចាគបន្តិចម្នាក់ៗ។

LEAVE A REPLY

Please enter your comment!
Please enter your name here