កាលពីថ្ងៃទី១ មករា បើកឆាកឆ្នាំ២០២៣ លោកវណ្ណធូ ម្ចាស់ហាងលក់សំលៀកបំពាក់ Van Thou ដែលកំពុងជោគជ័យនឹងមុខជំនួញ បានរៀបចំពិធីបុណ្យចម្រើនព្រះជន្ម ឬ បុណ្យកត្តញូ ជូនដល់អ្នកមានគុណយ៉ាងអធឹកអធម នៅផ្ទះកំណើតស្ថិតនៅផ្សារអ្នកលឿង ខេត្តព្រៃ។ ពិធីនេះ ក៏ឃើញមានវត្តមានសិល្បករសិល្បការិនីជាច្រើនរូបចូលរួមផងដែរ។
លោក វណ្ណធូ បានរៀបរាប់ថា ដោយសារតែបងប្អូនរបស់លោកទាំង៦នាក់ ចង់ធ្វើបុណ្យធំមួយដើម្បីអោយលោកឪពុកអ្នកម្ដាយលោក សប្បាយចិត្ត ទើបគ្រួសារលោកឯកភាពធ្វើបុណ្យនេះឡើងចំថ្ងៃបុណ្យសាកល ស្របពេលលោកក៏អះអាងថា គ្រូចិនសែក៏ជ្រើសចំថ្ងៃនោះដើម្បីអោយធ្វើពិធី។ ពិធីបុណ្យចម្រើនព្រះជន្ននេះ លោកថា បងប្អូនលោកទាំងអស់ជាអ្នកចំណាយរួមគ្នា ដោយថវិកាដែលបានពីភ្ញៀវកិត្តិយសគឺលោក និង គ្រួសារប្រគល់ជូនអ្នកមានគុណទាំងអស់ ដោយមិនតម្រូវអោយយកមកទូទាត់នៅក្នុងពិធីឡើយ។ លោក ក៏បានចេញមុខអញ្ជើញភ្ញៀវ និង តារាសិល្បៈជាច្រើនតុ អោយមកចូលរួមដោយផ្ទាល់ផងដែរ ដើម្បីអោយពិធីទាំងមូលមានភាពអឹកអធឹក។
លោកថា សប្បាយចិត្ត នៅពេលបងប្អូនលោកឯកភាពគ្នាធ្វើបុណ្យជូនដល់អ្នកមានគុណ ហើយធ្វើអោយលោកឪពុកអ្នកម្ដាយរបស់លោកមានស្នាមញញឹម ក្នុងពេលអ្នកទាំងពីរនៅមានសុខភាពរឹងមាំ។ នៅក្នុងពិធីនេះ គ្រួសាររបស់លោកក៏មានការចែកទានជាថវិកា ជាក្រមា កន្សែង និង របស់ទ្រនាប់ដៃ ជូនដល់អ្នកចូលរួមទាំងអស់ត្រលប់ទៅវិញ ដែលធ្វើអោយភ្ញៀវដែលបានចូលរួម ហើយសុទ្ធតែបានកញ្ចប់កាដូត្រលប់ទៅវិញសរសើរមិនដាច់ពីមាត់ និង ជូនពរដល់គ្រួសាររបស់លោកនោះផង។ ពិធីនេះលោកថា បានរៀបចំចំនួន៩០តុ ហើយលោកក៏សប្បាយចិត្តណាស់ដែរ ពេលឃើញភ្ញៀវមកចូលរួមកុះករ៕