ពេជ្រ វត្តីសារ៉ាវឌ្ឍី បានមមាញឹកជាមួយ ការងារសិល្បៈ នៅក្រៅប្រទេស ក្រោយពេលជាប់នារីកំពូលទាំង១០ ការប្រកួតលក្ខណៈ អន្តរជាតិ។ ពេលនេះ ការបែកហ្វេន នៅកម្ពុជា បាន ត្រឡប់មកជាថ្មីដោយនាង បានវិលមកមាតុភូមិវិញតាមការសន្យាកាលពីថ្ងៃទី២ មករា ឆ្នាំ២០២៣។
ហ្វេនៗឬអ្នកគាំទ្របាន មកកកកុញ មុខព្រលានយន្តហោះភ្នំពេញ ដែលធ្វើអោយ វត្តីរំភើប ស្មានមិនដល់។
ក្រោយបញ្ចប់ការប្រកួត Miss Grand International 2022 នៅប្រទេសឥណ្ឌូនេស៊ី បេក្ខភាពបវរកញ្ញាតំណាងប្រទេសកម្ពុជាគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី ទទួលបានតំណែងរង លំដាប់ទី ៥ Fifth Runner Up Miss Grand International 2022 និងបានទទួលការងារជាហូរហែអស់មួយរយៈធំនៅក្នុងប្រទេសថៃ។ កញ្ញាមានអ្នកគាំទ្រជាជនជាតិថៃជាច្រើននាក់ដែលស្រឡាញ់ពេញចិត្តពេញថ្លើម និងគាំទ្ររូបកញ្ញាអស់ពីបេះដូង រហូតធ្វើឱ្យពិបាកនឹងឈានជើងចាកចេញពីប្រទេសថៃដូចគ្នា។
ទោះជាយ៉ាងណា អ្នកគាំទ្រកម្ពុជាក៏បានទន្ទឹង រងចាំចំពោះវត្តមាន ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្នុងការត្រលប់មកទឹកដីកំណើតវិញតាំងពីថ្ងៃបញ្ចប់ការប្រកួតនៅលើវេទិការអន្តរជាតិមកម្ល៉េះ ប៉ុន្តែដោយសារ វត្តី មានកុងត្រាជាមួយស្ថាប័ន MGI នៅប្រទេសថៃទើបកញ្ញាមកអាចត្រឡប់មកកម្ពុជាវិញភ្លាមៗ។
កាន់តែធ្វើឱ្យអ្នកគាំទ្ររំភើបខ្លាំងបំផុតនៅពេលទទួលដំណឹងថា ពេជ្រ វត្តីសារ៉ាវឌ្ឍី ចាកចេញពីប្រទេសថៃ នាម៉ោង ៤ រសៀលល្ងាចនេះដែលមកដល់កម្ពុជាប្រមាណម៉ោង ៧ និង ៣០នាទីយប់ ហើយគ្រប់គ្នារំពឹងថាអ្នកចូលរួមរង់ចាំទទួលកញ្ញា បានផ្ដល់កម្លាំងចិត្តឱ្យកញ្ញានៅមុខច្រកចេញពីព្រលានយន្តហោះភ្នំពេញអន្តរជាតិផងដែរ៕