កាលពីល្ងាចថ្ងៃទី 17 ខែ មករា ឆ្នាំ2023 មុននេះផលិតកម្ម LD pictures បានធ្វើពិធីបើកសម្ភោធភាពយន្តរឿង « អំណោយស្នេហ៍ថ្ងៃណាត់ជួប» ដែលជាស្នាដៃទី4របស់ផលិតករលោក នួន ម៉ូលីន នៅក្នុងផលិតកម្មLD។ នៅក្នុងកម្មវិធីនេះផងដែរក៏មានការជួបជុំពីសំណាក់តារាសិល្បៈប្រុសស្រីចាស់ក្មេងល្បីៗ ក៏ដូចជាការចាក់បញ្ចាំងភាពយន្តថ្មីនេះទស្សនាជុំគ្នានៅក្នុងរោងកុន Legend ផ្សារទំនើបEden បឹងកក់ផងដែរ។
សាច់រឿងមនោសញ្ចេតនាស្នេហា លាយឡំជាមួយសារអប់រំដ៏កម្រមួយនេះត្រូវបានអ្នកនិពន្ធលើកឡើងថា ចំណាយពេលរហូតដល់4ឆ្នាំនៅក្នុងការនិពន្ធក៏ដូចជាផលិតទម្រាំបានលេចរូបរាង្គជាស្ថាបពរនៅក្នុងថ្ងៃនេះ ដោយប្លង់ថតនីមួយៗសុទ្ធសឹងតែអ្នកដឹកនាំសម្រាំងយកនូវគុណភាព ជាពិសេសប្លង់នៅក្នុងទឹកដែលជាប្លង់សំខាន់ និង ចំណាយថវិការក៏មិនតិចនោះដែរ ព្រមទាំងប្រថុយជាមួយនឹងអាយុជីវិតតួសម្ដែង និង cameraman ដើម្បីផ្ដិតយកទិដ្ឋភាពមួយដ៏កម្រជូនដល់អ្នកទស្សនា។
អ្វីដែលកាន់តែពិសេសរឿង « អំណោយស្នេហ៍ថ្ងៃណាត់ជួប » ក៏មានផ្សារភ្ជាប់ជាមួយនឹងភាសារកាយវិការ (សម្រាប់ទំនាក់ទំនងជាមួយមនុស្សគថ្លង់) ដែលជាស្ថានភាពថ្មីមួយមិនធ្លាប់មានពីមុនមកនៅក្នុងភាពយន្តខ្នាតធំរបស់ប្រទេសកម្ពុជា ក៏ដូចជារសជាតិថ្មីមួយទៀតសម្រាប់តួអង្គសម្ដែង ហើយក៏ជាផលវិបាកមួយ ក្នុងការចាប់យកនូវភាសារកាយវិការ។ ប៉ុន្តែទោះជាយ៉ាងណាក៏តួអង្គសំខាន់ៗនៅក្នុងរឿងអ្នកស្រី ស្វែង សុជាតា, លោក វី យ៉ារ៉ូ និង កញ្ញា ចិនចិន អាចធ្វើបាននិងត្រាប់តាមយ៉ាងរលូនក្រោមការបង្ហាត់បង្រៀនយ៉ាងយកចិត្តទុកដាក់ពីសំណាក់អ្នកជំនាញ។
សាច់រឿងមនោសញ្ចេតនាដែលថ្មីស្រឡាង ជាមួយអភិនីហារឆ្លងពេលវេលា មានគ្រប់រសជាតិ សើច ឌឺដងគ្នា និង កម្សត់ លាយលំជាមួយនឹងទំហំនៃក្តីស្រឡាញ់រវាងម្តាយ និង កូន ក៏ដួចជាសារមួយអប់រំឱ្យមនុស្សគ្រប់គ្នាចេះស្រឡាញ់ខ្លួនឯង លើកទឹកចិត្តខ្លួនឯង កុំអស់សង្ឃឹមនៅក្នុងជីវិត។ រឿងនេះផងដែរក៏មានការចូលរួមសម្ដែងពីសំណាក់កំពូលតារាប្រុសលោក ទេព រិន្ទដារ៉ូ, អ្នកស្រី ស្វែង សុជាតា, លោក គិត មនោរម្យ, កញ្ញា ចិនចិន, លោក វី យ៉ារ៉ូ និង វត្តមានតារាកិត្តិយសជាច្រើនទៀត។
រឿង « អំណោយស្នេហ៍ថ្ងៃណាត់ជួប » នឹងមានចាក់បញ្ចាំងនៅថ្ងៃទី19 ខែ មករា ឆ្នាំ2023 ឆាប់ៗខាងមុននេះនៅគ្រប់រោងភាពយន្តទាំងអស់។