ក្រោយសម្រេចដកសិទ្ធិពីក្រុមហ៊ុនមហាហង្ស លោក អ៊ិន សុភិន នៅថ្ងៃទី ១ កុម្ភៈ ឆ្នាំ២០២៣ នេះ លោក ណាវ៉ាត់ អគ្គនាយក Miss Grand បានចុះមកធ្វើពិធីផ្ទេរសិទ្ធិ ជូនដល់លោកស្រី អ៊ឹម សុគន្ធា អគ្គនាយិកក្រុមហ៊ុន HK7 ដើម្បីអោយក្លាយជាអ្នកទទួលសិទ្ធិរៀបចំផ្ដាច់មុខ ជាផ្លូវការហើយ ដោយកម្មវិធីនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានបវរកញ្ញា Miss Grand International ចំនួន៣រូប និង វត្តមានអ្នកសារព័ត៌មានជាច្រើនស្ថាប័ន។
នៅក្នុងពិធីប្រគល់សិទ្ធិនោះ លោក ណាវ៉ាត់ បានប្រកាសថា ចាប់ពីឆ្នាំ២០២៣តទៅ គឺមានតែក្រុមហ៊ុន HK7 មួយគត់ ដែលមានសិទ្ធិលើកម្មវិធី Miss Grand Cambodia ហើយលោកក៏សង្ឃឹម និង ជឿជាក់ថា លោកស្រី និង ក្រុមការងារថ្មី ក៏នឹងផលិតបវរកញ្ញាតំណាងកម្ពុជា ដែលមានសមត្ថភាព ដែលអាចទទួលបានលទ្ធផលល្អលើឆាកអន្តរជាតិផងដែរ។
លោកស្រី អ៊ឹម សុគន្ធា បានបង្ហាញពីការតាំងចិត្តថា បើទោះជាលោកស្រីមិនធ្លាប់មានបទពិសោធន៍ក្នុងការរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនេះ ប៉ុន្តែលោកស្រីបានរៀបចំក្រុមការងារ ដែលសុទ្ធតែមានសមត្ថភាព និង អាចទុកចិត្តបាន ដែលអាចដំណើរការជ្រើសរើស និង រៀបចំការប្រកួត Miss Grand Cambodia សម្រាប់ឆ្នាំ២០២៣ អោយល្អរួចអស់ទៅហើយ មុនពេលលោកស្រីត្រូវបានលោកណាវ៉ាត់ ធ្វើពិធីប្រគល់សិទ្ធិជាផ្លូវការនេះ។