កាលពីថ្ងៃទី២ កុម្ភៈ ឆ្នាំ២០២៣ មុននេះ ក្រុមហ៊ុន S.O.K ដែលជាក្រុមហ៊ុននាំចូលផលិតផលធុងបាស់ និង គ្រឿងបំពងសំលេងគ្រប់ប្រភេទ មកពីអាមេរិក បានសម្រេចជ្រើសយកតារាចម្រៀង លោក Zono អោយក្លាយជាទូតសុឆន្ទៈ ឬ តារាតំណាងផលិតផលជាលើកទី២ បន្ទាប់ពីក្រុមហ៊ុននេះ បានតែងតាំងលោកកាលពីឆ្នាំមុនម្ដងហើយ ហើយទទួលបានផ្លែផ្កាក្នុងការពង្រីកទីផ្សារ។ ក្នុងឱកាសទទួលបានតំណែងជាថ្មីនេះ លោក Zono ក៏បានបង្ហាញពីការតាំងចិត្តសម្រាប់ការងារជា BA ក្នុងពិធីប្រគល់សិទ្ធិនេះ នៅចំពោះមុខភ្ញៀវកិត្តិយស និង តារាសិល្បៈ ដែលបានចូលរួមជាភ្ញៀវកិត្តិយសនាថ្ងៃនោះផងដែរ។
លោកស្រី ផេង ចេង អគ្គនាយិកាក្រយហ៊ុន បានថ្លែងបញ្ជាក់ថា ហេតុផលដែលលោកស្រី និង ស្វាមី សម្រេចជ្រើសយកលោក Zono អោយក្លាយជា BA សម្រាប់ឆ្នាំទី២ គឺដោយសារតែការងារក្នុងរយៈពេើកន្លងមក គឺលោក Zono បានជួយអោយផលិតផល កាន់តែមានការទទួលស្គាល់ និង មានការគាំទ្រនៅលើទីផ្សារ។ ម្យ៉ាងមកពីលោកក៏បំពេញការងារលើសពីតួនាទីជា BA ដែលលោកស្រីយល់ថាបានរួមចំណែកជួយអោយក្រុមហ៊ុន កាន់តែទទួលបានជោគជ័យផង ទើបលោកស្រីកាន់តែកក់ក្ដៅ ក្នុងការធ្វើការជាមួយ។
មិនខុសគ្នាដែរ លោក អេង រដ្ឋធី អគ្គនាយកក្រុមហ៊ុន S.O.K បានលើកឡើងថា ក្រៅពីលោក Zono ក្រុមហ៊ុនក៏បានជ្រើសយកតារាចម្រៀង លោក វង្ស តារារតនា ជាអ្នកផ្សព្វផ្សាយផ្នែកលក់ផងដែរ បន្ទាប់ពីលោកយល់ថា តារាទាំងពីរដួងនេះ ក៏ទទួលបានការគាំទ្រពីសំណាក់យុវវ័យ ក្រោយពីអ្នកទាំងពីរតែងតែសម្ដែងធ្វើជាស្រលាញ់ភេទដូចគ្នានោះ។ លោករំពឹងថាក្នុងឆ្នាំទី២នេះ លោក Zono ដែលជាតារាតំណាង និង តារាផ្សព្វផ្សាយ គឺពិតជាជួយអោយផលិតផលប្រេន S.O.K កាន់តែមានសន្ទុះ ស្របពេលដែលផលិតផលនេះ ក៏ជាផលិតផលមកពីអាមេរិក មានតម្លៃសមរម្យ តែជាផលិតផលធនមានគុណភាពល្អក្នុងការប្រើត្រាស់ ហើយជាផលិតផលមានសំឡេងងំពីរោះ និង ពេញនិយមស្រាប់ ព្រោះមានរូបរាងតូចធំច្រើនសណ្ឋាន ដែលស័ក្តសមដំណើរជិតឆ្ងាយ និង តម្រូវការ៕