ពិតជារំភើបជំនួស កីឡាករកម្ពុជា ព្រំ សំណាង យ៉ាងខ្លាំង ដែលត្រូវបានមហាជនខ្មែរ បង្ហាញការអបអរលើសពីការរំពឹងទុក ដោយក្រៅពីបង្ហាញការសាទរ ក៏មានអ្នកស្នេហាវិស័យកីឡា និងជាអ្នកគាំទ្រលោកជាច្រើន ប្រកាសបរិច្ចាគជូនលោក ដើម្បីជាការលើកទឹកចិត្ត។ ក្នុងចំណោមការបរិច្ចាគនូវរង្វាន់លើកទឹកចិត្តជាច្រើន ក្រោយពីលោកវាយឈ្នះកីឡាថៃ នៅព្រឹត្តិការណ៍ Thai Fight កាលពីថ្ងៃ៥ កុម្ភៈ នោះ ការប្រកាសបរិច្ចាគរបស់ក្រុមហ៊ុន សុក្រឹតលែន រៀលអ៊ីស្ទេត កំពុងធ្វើអោយមានការសាទរចំពោះ ជ័យជម្នះរបស់ ព្រំ សំណាង ជាងគេ ដោយសារតែក្រុមហ៊ុនដែលធ្លាប់ប្រគល់ដីមួយឡូតិ៍ជូនដល់កីឡាករ ធឿន ធារ៉ា កាលពីវ៉ៃថៃឈ្នះដូចគ្នានេះ ក៏ប្រកាសប្រគល់ដីអោយមួយឡូតិ៍ផងដែរ អោយទុកជាទ្រព្យ។

យោងតាមប្រកាសរបស់លោក នង បូរ៉ា និង លោក ម៉ម គីមលី ដែលគេស្គាល់ថាគឺជា ម្ចាស់គម្រោង និង នាយកប្រតិបត្តិ ក្រុមហ៊ុន សុក្រឹតលែន រៀលអ៊ីស្ទេត បានបញ្ជាក់ព្រមគ្នាថា ដើម្បីជាការលើកទឹកចិត្តដល់ ព្រំ សំណាង ដែលបានទៅប្រកួត Thai Fight ហើយវាយឈ្នះកីឡាករថៃក្នុងទឹកទី១ គឺលោកនឹងប្រគល់ដីមួយឡូតិ៍អោយដូចគ្នានឹង ធឿន ធារ៉ា ដើម្បីអោយកីឡាកេរូបនេះ មានទ្រព្យជាដីមួយឡូតិ៍ក្នុងគម្រោងរបស់លោកទុកជាទ្រព្យ។ ប៉ុន្តែដីឡូត៍ដែលក្រុមហ៊ុនលោកនឹងប្រគល់ជូននេះ មិនមែនស្ថិតនៅផ្លូវជាតិលេខ៤ នៅក្បែរគីរីរម្យទេ គឺក្រុមហ៊ុនលោកនឹងផ្ដល់ជូនក្នុងគម្រោងថ្មី ដែលស្ថិតនៅខេត្តព្រះសីហនុ ដែលក្រុមហ៊ុនលោកនឹងបើកសម្ពោធក្នុងពេលដ៏ខ្លី។ លោក នង បូរ៉ា បញ្ជាក់ថា ក្រោយការប្រកាសនេះ លោកនឹងអញ្ជើញកីឡាករ ព្រំ សំណាង អោយមកទទួលលិខិតស្នាម ហើយនៅថ្ងៃបើកសម្ពោធ លោក នឹងអញ្ជើញកីឡាកររូបនេះ ទៅប្រគល់ដីឡូតិ៍ជូនដោយផ្ទាល់តែម្ដង។ មិនខសគ្នាដែរ លោក ម៉ម គីមលី ក៏បញ្ជាក់ថា បើលោក និង ក្រុមហ៊ុនលើកទឹកចិត្តជាថវិកាគឺមិនបានច្រើននោះទេ តែបើផ្ដល់ជូនជាដីឡូតិ៍ គឺព្រំ សំណាង ទុកលក់ក៏បានចំណេញ ហើយទុកសង់ផ្ទះក៏បានរស់នៅ និង ជាទ្រព្យធំ សម្រាប់ទៅថ្ងៃអនាគត។

ជាមួយនឹងការប្រកាសនេះ បានធ្វើអោយម្នាក់ៗ ចាប់អារម្មណ៍នឹងការយកចិត្តទុកដាក់ របស់ លោក នង បូរ៉ា និង លោក ម៉ម គីមលី ដែលជាម្ចាស់ក្រុមហ៊ុនសុក្រឹតលែន យ៉ាងខ្លាំង ដោយសារតែក្នុងរយៈពេលចុងក្រោយ គឺក្រៅពីពង្រីកអាជីវកម្ម ក៏បានបរិច្ចាគធនធានជាច្រើន ជួយដល់សង្គម ដូចជាបរុច្ចាគជូនអ្នកខ្សត់ខ្សោយ ជាពិសេសគឺតែងតែបរិច្ចាគដីឡូតិ៍ដល់កីឡាករ ដែលធ្វើអោយអ្នកឈ្នះកាន់តែមានកម្លាំងចិត្ត និង មិនខុសពីជួយលើកកម្ពស់ជីវភាពដល់កីឡាករ ក្រោយការប្រកួតឈ្នះ។

LEAVE A REPLY

Please enter your comment!
Please enter your name here