កាលពីរសៀលថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០២៣ តារាសម្ដែង២រូប គឺ ញឹម ចាន់ថន និង ណាតាយ៉ា ត្រូវបានមជ្ឈមណ្ឌលកែសម្ផស្សធំមួយ គឺ ហ្គាងវ៉ូ តែងតាំងជា BA. តែម្ដង ដើម្បីអោយអ្នកទាំងពីរធ្វើជាតារាតំណាងពេញមួយឆ្នាំ។ ពិធីនេះត្រូវបានធ្វើឡើងនៅគ្លីនិកហ្គាងវ៉ូ ដោយមានវត្តមានអ្នកចូលរួមអបអរផងដែរ។
លោកស្រី សឿន សាវឌី ឬទ្ធី អគ្គនាយិកាក្រុមហ៊ុន ហ្គាងវ៉ូ បានថ្លែងបញ្ជាក់ថា កន្លងមកមជ្ឈមណ្ឌលកែសម្ផស្ស ហ្គាងវ៉ូ ក៏មានតារាតំណាងផងដែរ ដោយគ្រាន់តែមិនមានពិធីប្រកាសដូចពេលនេះ។ ដោយឡែកមូលហេតុ ដែលនាំលោកស្រី ជ្រើសយកតារាសម្ដែង ញឹម ចាន់ថន និង ណាតាយ៉ា ជាតារាតំណាង ក៏ព្រោះតែអ្នកទាំងពីរ គឺជាអតិថិជនស្រាប់ ដែលធ្លាប់ទទួលសេវាកម្មពីគ្លីនីករបស់លោកស្រី ស្របពេលដែលអ្នកទាំងពីរក៏ជាតារាដែលមានទីផ្សារខ្លាំង និង និងមានសន្ទុះនៅក្នុងសិល្បៈ។
លោកស្រីថាវត្តមានរបស់តារាទាំងពីរ គឺពិតជាធ្វើអោយគ្លីនីកកាន់តែមានការទទួលស្គាល់ ក្នុងពេលដែលក្នុងគ្លីនីកទាំងមូល ក៏មានសេវាកម្មជាច្រើនស្រាប់ ជាពិសេសសេវាកម្មវះកាត់ក្បាលពោះអោយមានរាង 6pack ឬ រាបស្មើស្អាត វះកាត់ដើមទ្រូង និង ព្យាបាលច្រមុះខូចជាដើម ដែលសេវាទាំងនេះ មានការទទួលស្គាល់ខ្លាំងពីអតិថិជន។
លោកស្រីថា តារាដែលចេញចូលគ្លីនីកគឺមានច្រើនណាស់ ប៉ុន្តែក្នុងចំណោមទាំងនោះ ញឹម ចាន់ថន និង ណាត់តាយ៉ា គឺជាតារាដែលខាងក្រុមហ៊ុម ពេញចិត្តអោយក្លាយជា BA ជាងគេ ទើបក្រុមហ៊ុនសប្បាយចិត្តក្នុងការសហការ ហើយឈានដល់ពិធីចុះកិច្ចព្រមព្រៀងនេះ។ ក្នុងរយៈពេលមួយឆ្នាំនេះ ក្រៅពីផ្ដល់នូវតម្លៃខ្លួន គ្លីនិកក៏នឹងថែទាំរូបសម្រស់របស់តារាទាំងពីរអោយស្អាតពីចុងជើងដល់ចុងសក់ ពេញរយៈពេលមួយឆ្នាំបន្ថែមផងដែរ ដើម្បីអោយ BA ទាំងពីរកាន់តែស្អាតក្នុងនាមជាតារាតំណាង។