កាលពីរសៀលថ្ងៃទី 11 ខែ កុម្ភះ ឆ្នាំ2023 មុននេះវត្តមានតារាសម្ដែង តារាចម្រៀង និង តារាបង្ហាញម៉ូដប្រុសស្រីល្បីៗជាច្រើនដួងបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសដោយស្ម័គ្រចិត្តនៅក្នុងកម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌ និង ប្រគល់ថវិការដែលបានមកពីរការរៃអង្គាសនៃយុទ្ធនាការ Sakada’s Album for life ជូនទៅដល់មន្ទីរពេទ្យ កុមារអង្គរ ប្រចាំខេត្តសៀមរាប។

កម្មវិធីនេះផងដែរត្រូវបានរៀបចំឡើងដោយលោក ទ្រី សក្កដា និង អ្នកស្រី អ៉ឹម សុគន្ធា ដែលត្រូវបានគេស្គាល់ថាជាម្ចាស់ Brand គ្រឿងសម្អាងម៉ាកល្បី HK7 និង ជាអ្នកគ្រប់គ្រងជំនាន់ថ្មីនៃកម្មវិធី Missgrand Cambodia 2023 ព្រមទាំងវត្តមានកិត្តិយសពីសំណាក់លោក ង៉ែត ពិសេស នាយករងផ្ទាល់នៃមន្ទីរពេទ្យ កុមារអង្គរ។

លោក ទ្រី សក្កដា ស្ថាបនិក Sakada’s Album for life បានបង្ហាញពីអារម្មណ៍រំភើបយ៉ាងខ្លាំងចំពោះវត្តមានបងប្អូនសិល្បៈករសិល្បៈការិនីដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធី ក៏ដូចជាបណ្ដារ sponsor ទាំងអស់ដែលបានចូលរួមទ្រទ្រង់ឧបត្ថមគាំទ្រ និង ជួយបំផុសយ៉ាងពេញទំហឹងជាមួយនឹងការបង្កើតឱ្យមានយុទ្ធនាការមួយនេះឡើង។

លោកក៏អរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមជាចំណែកក្នុងការបរិច្ចាគថវិការផ្ទាល់ខ្លួនរបស់បងប្អូនប្រជាជនខ្មែរមកកាន់គម្រោងរបស់លោកម្នាក់បន្តិចៗ និង តាមរយៈវីដេអូបទចម្រៀង « ពូជខ្មែរថ្លៃថ្នូរ » ដែលលោកអះអាងថាជាបទចម្រៀងដំបូងបំផុតរបស់លោកដែលអាចរកប្រាក់ចំណូលខ្ទង់ពាន់ដុល្លារជូនដល់មន្ទីរពេទ្យ កុមារអង្គរ។ លោក ទ្រី សក្កដា ក៏ទទូចសូមឱ្យបងប្អូនប្រជាជនខ្មែរនៅតែបន្តគាំទ្រ និង ជួយបរិច្ចាគថវិការតិចក្ដីច្រើនមិនថា 1$-2$ ក្ដីរបស់បងប្អូនខ្មែរដើម្បីជួយដល់កុមារដែលត្រូវការ ការជួយសង្គ្រោះជីវិត និង បន្តជីវិតជាមួយនឹងសុខភាពល្អ ក៏ដូចជាផ្នែកមួយនៃការជួយលើកស្ទួយវិស័យសុខាភិបាលនៅប្រទេសយើងឱ្យកាន់តែមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួយសង្គ្រោះជីវិតមនុស្សមិនថាក្មេងឬចាស់។

អ្នកស្រី អ៉ឹម សុគន្ធា បានមានប្រសាន៍ថា នេះគឺជាយុទ្ធនាការមួយដ៏អស្ចារ្យ និង ជាប្រយោជន៍មួយដ៏ចាំបាច់សម្រាប់ប្រជាជនខ្មែរយើងក្នុងការចែករំលែកក្ដីស្រឡាញ់ ក៏ដូចជាការបង្ហាញឱ្យឃើញពីទឹកចិត្តឈឺឆ្អាលដល់ក្មេងៗកុមារកម្ពុជាដែលពួកគាត់ត្រូវការ ការជួយសង្គ្រោះជាចាំបាច់ក្នុងការបន្តរជីវិតរស់នៅ។ ថ្វីត្បិតតែថវិការដែលប្រមូលមកបាន នៅមិនទាន់គ្រប់គ្រាន់ជាមួយនឹងតម្រូវការប្រចាំថ្ងៃរបស់មន្ទីរពេទ្យ ប៉ុន្តែវាក៏ជាផ្នែកមួយនៃការបង្ហាញឱ្យឃើញពីទឹកចិត្តសប្បុរស និងជ្រះថ្លាររបស់ឈាមជ័រជាជនជាតិ ខ្មែរស្រឡាញ់ខ្មែរ។

លោកស្រីបន្តរថា ខ្លួននឹងបន្តគាំទ្រយ៉ាងពេញទំហឹងជាមួយនឹងយុទ្ធនាការសប្បុរសធម៌មិនចំពោះតែមន្ទីរពេទ្យ កុមារអង្គរ នោះទេ លោកស្រីនឹងចូលរួមបំផុសបំផុលនូវសកម្មភាពមនុស្សធម៌ ក៏ដូចជាគៀងគរ និង ដឹកនាំអ្នកសិល្បៈឱ្យចូលរួមធ្វើមនុស្សធម៌ឱ្យបានកាន់តែច្រើនបន្តទៀតទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។

គួរបញ្ជាក់ផងដែរថា ថវិការដែលប្រមូលបានពីយុទ្ធនាការ Sakada’s Album for life គិតត្រឹមថ្ងៃទី 11 ខែកុម្ភះ ឆ្នាំ2023 នេះ មានចំនួន 171.298.000.00៛ ឬ ស្មើរនឹង 41.780.00 USD ត្រូវបានប្រគល់ជូនដោយផ្ទាល់ទៅកាន់លោក ង៉ែត ពិសេស នាយករងនៃមន្ទីរពេទ្យ កុមារអង្គរ នៅក្នុងកម្មវិធីនេះផ្ទាល់តែម្ដង។ ក្រៅពីកម្មវិធីប្រគល់ថវិការសប្បុរសធម៌ក៏មានការដើរបង្ហាញម៉ូដគ្រឿងសម្អាង HK7 ពីសំណាក់តារា Model ល្បីៗ ព្រមទាំងមានការប្រគុំតន្ត្រីដែលមានការចូលរួមជាកិត្តិយសពីតារាចម្រៀងដូចជា៖កញ្ញា វី ឌីណែត, DJ ឃ្លាំង, លោក ទុំ សុវត្ថិ, លោក នួន សុធារក្ស, លោក ម៉ាដូណា, ក្រុមសម្ដែងលោក ប៉ីប៉ីឌី និង ការសម្ដែងល្ខោនខោលដ៏អស្ចារ្យ ព្រមជាមួយនឹងតារាកិត្តិយសល្បីៗជាច្រើនរូបផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here