មកទល់ម៉ោងនេះ តារាសម្ដែង លោក ធុង ប៉េត្រូ បានសម្ងំធ្វើបុណ្យសពបងប្រុសទី១របស់ខ្លួន ទាំងបេះដូងរន្ធត់ ខណៈដែលលោកបញ្ជាក់ថា ភាគីរថយន្តដែលបុកបណ្ដាលអោយបងលោកស្លាប់ នៅតែគ្មានតម្រុយ។ យ៉ាងណាមិញលោកជឿជាក់ថា ក្រុមមន្ត្រីសមត្ថកិច្ចពិតជាអាចរកឃើញជនបង្ក ដើម្បីអោយវិញ្ញាណបងប្រុសលោក ទទួលបានយុត្តិធម៌។
លោក ធុងប៉េត្រូ បានអោយដឹងដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងបងប្រុសរបស់លោក និងភាគីខាងរថយន្តដែលរត់គេចខ្លួនបាត់នោះ បានកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ តាមផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៣-១៩៤ ស្ថិតនៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ នេះជាករណីរថយន្តបុកម៉ូតូជនរងគ្រោះ ហើយភាគីរថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ បានបើករត់គេចខ្លួនបាត់ស្រមោល។ ជនរងគ្រោះដែលត្រូវជាបងប្រុសបង្កើតរបស់តារាសម្ដែងមានឈ្មោះហៅក្រៅ និងជាឈ្មោះក្នុងសិល្ប:ថា ធុង ប៉េត្រូ គឺមានឈ្មោះ ទុយ កុសល ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅផ្ទះ៦៧៧ ស្ថិតក្នុងភូមិស្ដៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ជិះម៉ូតូ ម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1H-2429 ។ លោកធុង ប៉េត្រូ បានពោលយ៉ាងកំសត់ថា បងប្រុសរបស់លោកដែលទទួលមរណភាពនេះ ជាមនុស្សស្លូតបូតខ្លាំងណាស់។
ហើយឥឡូវនេះ បងប្អូនកូនចៅក្រុមគ្រួសារ បានកំពុងស្រែកយំស្ដាយស្រណោះបងប្រុសរបស់លោកខ្លាំងណាស់ ម្នាក់ៗស្ទើរតែគ្មានស្មារតីក្នុងខ្លួនឡើយ។មនុស្សធ្លាប់តែនៅជាមួយក្រុមគ្រួសារ តែបែរជាឃ្លាតឆ្ងាយលែងវិលវិញត្រឹមមួយប៉ប្រិចភ្នែក ដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយជនបង្កក៏រត់គេចខ្លួនបាត់ទៀត តើនរណាអាចទទួលយកបាន?។ជាចុងក្រោយ តារាសម្ដែង ធុង ប៉េត្រូ នៅតែទទូចដល់សមត្ថកិច្ចមេត្តាជួយរកយុត្តិធម៌ជូនបងប្រុសរបស់លោកផង ខណៈដែលសមត្ថកិច្ចកំពុងតែស្រាវជ្រាវស្វែងរកភាគីខាងរថយន្ដបង្ក ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕