បើទោះជារវល់ដកឃ្លាមិនរួច ពីអាជីវកម្មបើកភោជនីយដ្ឋាន តារាសម្ដែងអ្នកនាង ឈឹម អារីយ៉ា បែរជានៅតែប្រកាន់ជំហរ មិនទាន់ហក់ចូលការសម្ដែងសស្រាក់សស្រាំដូចមុន តែបែរជាឆ្លៀតពេលចែករំលែកក្ដីស្រលាញ់នៅតាមមណ្ឌលកុមារកំព្រាជារឿយៗទៅវិញ។

ជាក់ស្ដែងកាលពីថ្ងៃទី១៤ កុម្ភៈ ចំនឹងទិវារនៃក្ដីស្រលាញ់កន្លងទៅ អ្នកនាង បានដកខ្លួនពីការទទួលខុសត្រូវហាង ហើយទៅលេងជាមួយកុមារកំព្រា និង ទៅធ្វើចំណីចំណុកញាំជាមួយពួកគេ អមដោយការពាំនាំអំណោយយកទៅកាន់ទីនោះ គួរអោយសរសើរ ខណៈដែលអ្នកនាងថា គឺទោះជាមមាញឹកប៉ុណ្ណា ក៏ត្រូវតែឆ្លៀតពេលទៅលេងពួកគេអោយបានម្ដងពីរដង ហើយអ្នកនាងក៏បានអំពាវនាវអោយបន្តសកម្មភាពល្អៗបែបនេះជាមួយកុមារកំព្រាតាមមណ្ឌលនានាអោយបានសកម្មបន្ថែមផង ដោយសារតែកុមារកំព្រាទាំងនោះ គឺពួកគេភាគច្រើនខ្វះភាពកក់ក្ដៅ។

អ្នកនាង ឈឹម អារីយ៉ា បញ្ជាក់ថា អ្នកនាងរមែងទៅលេងជាមួយក្មេងៗនៅក្នុងមណ្ឌលកុមារកំព្រា ដែលអ្នកនាងទៅមួយនេះ ជាច្រើនលើកមកហើយ ដោយអ្នកនាងបានទាំងចាត់ទុកថាពួកគេគឺកូនដ៏គួរអោយអាណិត ដោយសារតែក្មេងៗភាគច្រើន ច្រើនតែត្រូវឪពុកម្ដាយបោះបង់ចោល។ អ្នកនាងថា ខ្លួនមានក្ដីសុខនៅពេលបានទៅកាន់មណ្ឌលកុមារកំព្រាម្ដងៗ ដូច្នោះហើយទើបអ្នកនាងរមែងដឹកនាំសិល្បករ និង មិត្តភក្តិទៅលេងទៅនោះ ដើម្បីអោយពួកគេបានឃើញពីសុខទុក្ខរបស់កុមារទាំងនោះ។ អ្នកនាងថា អ្នកមានធនធាន គួតបង្កើនការចែករំលែកក្ដីស្រលាញ់បែបនេះអោយបានច្រើន ហើយវាពិតជាមានន័យណាស់ នៅពេលដែលកុមារកំព្រាភាគច្រើន ត្រូវបានអ្នកមានមុខមាត់នៅក្នុងសង្គមយកចិត្តទុកដាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here