កាលពីព្រឹកថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០២៣ នាស្ថានីយ៍ទូរទស្សន៍ហង្សមាស ព្រែកឯង រាជធានីភ្នំពេញ បាន ប្រារព្ឋ នូវពិធីក្រុងពលីថតរឿងបុរាណបែបប្រវត្តិសាស្ត្រ រឿង«អប្សរាមហាអង្គរ» ។ បណ្តាសិល្បករចាស់ថ្មី ថ្នាក់ដឹកនាំទូរទស្សន៍ហង្សមាស និងក្រុមការងារទាំងអស់បានមកប្រមូលផ្តុំគ្នា សូត្រមន្តសុំសុខសិរីក្នុងឱកាសថតរឿងថ្មីមួយនេះ អោយទទួលបានជោគជ័យ និងរលូនទៅមុខ។ ស្នាដៃដ៍ល្អនេះមានការផ្ចិតផ្ចង់ខ្លាំងណាស់ ដោយផលិតករគិតគូឡើងតាំងពី២០ឆ្នាំមុន។
បើតាមការរៀបរាប់របស់លោកហ្វៃ សំអាង ផលិតករ និងជាអ្នកដឹកនាំរឿង បានបញ្ជាក់នាឱកាសក្រុងពលីថា នេះជាស្នាដៃលើកទី១នៃការផលិតរឿងបែបប្រវត្តិសាស្ត្រមួយនេះ ដែលលោកស្រឡាញ់និងចង់អោយមានយូរមកហើយ។ សាច់រឿងនេះលោកខំសម្រិតសម្រាំង ច្រើនឆ្នាំសរសេរទុក ប្រមូលខ្លឹមសារ គិតមុនគូ។ ក្រោមការឯកភាពចំណាយសព្វយ៉ាងពី លោកអគ្គនាយកទូរទស្សន៍ហង្សមាស បើកផ្លូវទើបយើងមានឱកាសផលិតរឿងដ៍ល្អមួយនេះឡើងបាន។ រឿងនេះបង្ហាញនូវរសជាតិសិល្បៈខ្មែរជំនាន់មុនសុទ្ឋសាធពោល តាំងពីជាង១ពាន់ឆ្នាំមុន។ លោកហ្វៃ សំអាងបន្តថា តួអង្គក្នុងសាច់រឿង «អប្សរាមហាអង្គរ» នេះ មានសរុប១០០តួ ដែលត្រូវឆ្លងកាត់ការធ្វើតេស្ត និង កាត់សម្លៀកបំពាក់ ។យើងពិបាកច្រើន ក្នុងការរៀបំតួអោយ ត្រូវជាមួយសម្លៀកបំពាក់។ យើងកាត់សម្លៀកបំពាក់ដែលថ្មី សមតាមរូបរាង និងឈុតខ្លះទៀត ត្រូវថែមថយតាម រូបរាងតួសម្តែង។ ក្នុង១ឈុតខ្លះរបស់ តួអង្គស្តេច និងព្រះនាងយើងចំណាយ ទឹកប្រាក់១នាក់៥០០ដុល្លារ ស្របពេលតួអង្គ១០០នាក់នេះជាទុនចំណាយធំ។ មិនទាន់បើកថតស្រួលបួលផង យើងចាយទុន២០មុឺនដុល្លារនាំមុខទៅហើយនេះមិនទាន់បូកផ្សំផែនការផ្សេងៗឡើយ។
គួរបញ្ជាក់ថារឿង«អប្សរាមហាអង្គរ» និងចំណាយពេលវេលាថតចំនួន១ឆ្នាំកន្លះ នេះនៅមិនទាន់គិតលើពេលវេលាកាត់តរូបភាព។ វណ្ណកម្មនេះ មានចំនួន៥០ភាគ ដែលត្រូវចំណាយថតគ្រប់ទីតាំងទាំងអស់នៅក្នុងប្រទេសកម្ពុជា។ វត្តមានតារាជាតួសម្តែង និង តួបង្ហាញវត្តមាននាឱកាសនោះមាន ៖ លោកទេព រិនដារ៉ូ នារីនរត្ន័គន្ឋា លី ម៉ារីណា នាយ កុយ នាយ ក្រឹម សារ៉ាយ សក្ខណា ប៉ូគីមថេង សុតធីតា លីវ ជីលី ពេជ្រ វត្តីសារ៉ាវឌ្ឍី អេដ វីន ឆឹម សក្កដា អុិន ម៉ូលីកា ទ្រីដារ៉ាវុធ ផាត់ ផាន់ណា និងតារាជាច្រើនទៀត។