បើទោះជាបុណ្យចូលឆ្នាំខ្មែរ ស្ថិតនៅរយៈពេលវែងឆ្ងាយទៀតនៅឡើយ ក៏ទូរទស្សន៍ជាតិ ទទក បានរៀបចំថតកម្មវិធីសម្រាប់ចាក់ផ្សាយនៅ៣ថ្ងៃនោះរួចអស់ហើយ។ សកម្មភាពថតនេះ ត្រូវបានថតរហូតដល់រយៈពេល៣ថ្ងៃនៅវត្តប្ញស្សីស្រស់ នៅខេត្តកណ្ដាល ដោយមានសិល្បករសិល្បការិនីចូលរួមយ៉ាងច្រើនកុះករ។
លោក ប្រាក់ សារួន ប្រធានការិយាល័យសិល្បៈ ប្រចាំទទក ដែលជាអ្នកគៀងគរសិល្បករសិល្បការិនីអោយចូលរួមបានថ្លែងបញ្ជាក់ថា សកម្មភាពថតអបអរចូលឆ្នាំខ្មែរ នៅក្នុងឆ្នាំនេះ ទទក បានរៀបចំថតតាំងពីចម្ងាយតែម្ដង ដើម្បីមានពេលផលិតកម្មវិធីផ្សេងទៀត ម្យ៉ាងក៏ដើម្បីមានពេលកែកុននូវចំណុចខ្វះខាតដែលបានផលិតរួចផងដែរ។ កម្មវិធីដែលបានបញ្ចប់នេះ បានចូលរួមពីសិល្បៈស្ទើរគ្រប់ជំនាញតែម្ដង ដោយមានទាំងការច្រៀងរាំបទប្រពៃណី និង លេងល្បែង របាំ ប្រជាប្រិយផ្សេងៗ កម្មវិធីនេះ ក៏មានរំលេចនូវសិល្បៈបុរាណផ្សេងៗផងដែរ ក្រៅពីផ្ដោតលើល្បែងប្រជាប្រិយ និង ច្រៀងរាំសប្បាយៗ។ លោកក៏ថ្លែងអំណរគុណចំពោះការចូលរួមយ៉ាងសស្រាក់សស្រាំរបស់សិល្បករសិល្បការិនីយ៉ាងកុះករផងដែរ ខណៈដែលយប់ទី២ ត្រូវថតដល់ជិតភ្លឺ ក៏នៅតែសកម្មក្នុងការចូលរួម។ ក្នុងនោះលោកក៏សរសើរផងដែរ ចំពោះការអភិរក្សនូវសំលៀកបំពាក់ហូលផាមួង បែបខ្មែរ ដែលធ្វើអោយសកម្មភាពថតអបអរចូលឆ្នាំខ្មែរនេះ នៅតែមានតម្លៃ ក្រោយការផលិត។