ក្នុងពិធីសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១ មីនា ឆ្នាំ២០២៣ មុននេះ ផលិតករ និង តួសម្ដែងក្នុងរឿង”ហាមបិទភ្នែក” បានបង្ហាញប្រតិកម្មរួមគ្នា ក្រោយពីមានការលើកឡើងថា ការបង្ហោះរបស់ផេករោងកុនទាំងអស់ ដែលបានបង្ហោះថាភាពយន្តរឿង”ហាមបិទភ្នែក” ដែលមានអ្នកទិញសំបុត្រទស្សនាកកកុញតាំងពីថ្ងៃដាក់លក់សំបុត្រថ្ងៃដំបូង គឺព័ត៌មាន Fake ។ ក្នុងនោះការលើកឡើងពីអ្នកខំមិន ដែលគេស្គាល់ថាគឺជាអ្នកផលិតភាពយន្តមួយចំនួន ដែលសរសេរថាភាពយន្តនេះ គឺបានពិន្ទុត្រឹម១លើ១០ ឬ ២លើ១០ ក៏ត្រូវបានផលិតករ ក្នុងភាពយន្តនេះសម្ដែងប្រតិកម្មផងដែរ។

លោកស្រី ប៊ុន ចាន់និមល ម្ចាស់ផលិតកម្មសាស្ត្រាហ្វៀម បានថ្លែងបញ្ជាក់ថា លោកស្រីយល់ថាម្ចាស់អាខោនដដែលៗ ដែលខំមិនថាភាពយន្តរឿង ហាមបិទភ្នែក គឺជារឿងមិនល្អបែបនេះបែបនោះ គឺភាគច្រើនសុទ្ធតែជាអាក់ខោន Fake ហើយអាក់ខោនខ្លះគឺជាអាក់ខោនដែលពាក់ព័ន្ធនឹងវិស័យផលិតកុនដូចគ្នា ដែលលោកស្រីយល់ថា គឺជាការបញ្ចេញមតិបែបជាន់ពន្លិចគ្នា។ លោកស្រីថា ខ្លួនទទួលយកមិនបានទេ ដែលអ្នកខំមិនលើកឡើងថា ភាពយន្តនេះមិនបាន១លើ១០ តែបើការប្រដូចគុណភាពនេះ ទៅនឹងភាពយន្តហូលីវូដ លោកស្រី៉ឯកភាព តែបើត្រឹមភាពយន្តក្នុងស្រុក ឬ ប្រទេសជិតខាង លោកស្រីយល់ថានេះគឺជាការជាន់ពន្លិច ដោយសារតែគ្រប់ភាពយន្តរបស់សាស្ត្រាហ្វៀម គឺគ្មានភាពយន្តណាមួយ ដែលអន់ស្នាដៃ ឬ មានការខំមិនថាទទួលយកមិនបាននោះទេ។ លោកស្រីទទូចអោយចូលទស្សនាអោយគ្រប់ជ្រុងជ្រោយ ព្រោះភាពយន្តរឿង ហាមបិទភ្នែក គឺលោកស្រីដែលមានបទពិសោធន៍ផលិតច្រើនឆ្នាំ ហ៊ានអះអាងថា ល្អមើលទាក់ទាញ និងមានគុណភាពយ៉ាងហោច៧លើ១០ ធៀបនឹងភាពយន្តបរទេស ហើយបើធៀបនឹងភាពយន្តរន្ធត់ៗក្នុងស្រុក គឺស្នាដៃនេះ អាចជាស្នាដៃល្អមួយ ដែលអ្នកស្រីជាអ្នកជំនាញវិស័យភាពយន្ត ហ៊ានអោយពិន្ទុរហូតដល់៩លើ១០នោះផង។ មិនខុសគ្នាដែរ ផលិតករ និង តួសម្ដែងផ្សេងទៀត ក៏បានចេញមុខអោយពិន្ទុ និង គុណសម្បត្តិដ៏ល្អនៃស្នាដៃនេះ ថាជារឿងដែលល្អដែលវិស័យភាពយន្តខ្មែរ កំពុងមានស្នាដៃដ៏ល្អនោះផង។ អ្នកនិពន្ធក្នុងរឿងនេះ ពន្យល់ថា ក្រៅពីបង្កប់នូវឈុតឆាកភ័យរន្ធត់តាំងពីដើមដល់ចប់ ភាពយន្តនេះ គឺបានអប់រំជាសំខាន់កុំអោយមនុស្សបិទភ្នែក នៅពេលឃើញអ្នកធ្លាប់ស្គាល់ ឬ អ្នកមានទុក្ខជួបរឿងមិនល្អ ព្រោះដោយសារតែភាពអាត្មានិយមនេះហើយ ដែលធ្វើអោយអ្នកមានបញ្ហាមានរឿងដល់ជីវិត ហើយទីបំផុតស្រមោលភ័យរន្ធត់ តែងតែតាមបន្លាចតួឯកស្រី ហើយចុងក្រោយគឺមានតែវិប្បដិនារី និង ស្ដាយក្រោយ។

ជាមួយនឹងការលើកឡើង អ្នកសារព័ត៌មានទាំងអស់ក៏ត្រូវបានផលិតករភាពយន្ត បើក Hall VIP មួយអោយអង្គុយទស្សនា ហើយឃើញថាសាច់រឿងភាពយន្តមួយនេះ គឺពិតជាល្អមើល និង ភ័យរន្ធត់ទាក់ភ្នែកតាំងពីដើមដល់ចប់ប្រាកដមែន។ ស្នាដៃនេះ កំពុងក្លាយជាភាពយន្តភ័យរន្ធត់ និង បង្កប់ខ្លឹមសារអប់រំដ៏ល្អឯកមួយ ក្នុងវិស័យភាពយន្តខ្មែរ ដែលគួរតែត្រូវបានលើកទឹកចិត្ត និង គាំទ្រ ដោយមិនគួរមានការខំមិនបំប៉ោងខ្លឹមសារ ដើម្បីអោយមានការភាន់ច្រលំ ពីទឹកដៃដ៏ល្អ ក្នុងការផលិតដ៏ល្អនេះឡើយ។ យ៉ាងណាមិញគេកត់សម្គាល់ឃើញថា គ្រប់ម៉ោងចាក់ផ្សាយភាពយន្តមួយនេះ គឺនៅតែមានអ្នកទស្សនាពេញៗ ដោយក្នុងម៉ោងខ្លះ ទិញសំបុត្រមិនបានទស្សនានោះផង។ តំណាងចែកចាយ និង តំណាងរោងកុនដែលចូលរួមក្នុងសន្និសីទនោះដែរ បញ្ជាក់ថា មកទល់ពេលនេះ ភាពយន្តរឿង ហាមបិទភ្នែក លក់សំបុត្របានជាង៣ម៉ឺនសំបុត្រហើយ ហើយក៏កំពុងជាប់លេខជាភាពយន្តខ្មែរ ដែលលក់សំបុត្របានច្រើនផ្ដាច់គេ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here