កាលពីថ្ងៃទី១៣ មីនា ឆ្នាំ២០២៣ មុននេះ តារាសម្ដែង កញ្ញា ញឹម ចាន់ថន បានរៀបចំខួបកំណើតវ័យ៤៣ឆ្នាំ ដោយមានសិល្បករចូលរួមយ៉ាងច្រើនកុះករ។ ពិធីនេះក៏ធ្វើផ្គួបជាមួយ ពិធីសម្ពោធភោជនីយដ្ឋាន យីហោ កន្លែអូន ដែលកញ្ញាបានរៀបចំនៅលើកប៉ាល់ធំមួយ ដែលកញ្ញាបានបោះទុនអស់ច្រើនម៉ឺនដុល្លារនោះផងដែរ។
តារាសិល្បៈប្រមាណជាង១០០នាក់ ត្រូវគេឃើញបង្ហាញខ្លួននៅក្នុងពិធីនេះ ខណៈដែលកញ្ញាបានប្រកាសថាខ្លួនមានវ័យ៤៣ឆ្នាំ ប៉ុន្តែសម្រស់គឺមើលទៅក្មេងជាងវ័យ។ នៅថ្ងៃខួបកំណើតនោះ កញ្ញាក៏បានបើកទូកដើម្បីអោយភ្ញៀវបានទស្សនាតាមដងទន្លេ ដើម្បីអោយដឹងពីភាពរ៉ូម៉ាទិក របស់ភោជនីយដ្ឋាននេះផងដែរ ទើបធ្វើអោយភោជនីយដ្ឋានលើទូករបស់កញ្ញា ត្រូវបានគេសរសើរថា អេម។
កញ្ញាថា កប៉ាល់ដែលកញ្ញារៀបចំជាភោជនីយដ្ឋាននេះ គឺមានទាំង Band ទាំងតារាចម្រៀងច្រៀងកំដរ ហើយសម្រាប់មុខអាហារវិញ គឺមានគ្រប់មុខដូចហាងទូទៅដែរ ហើយតម្លៃគឺទាបជាងហាងលើគោកខ្លះនោះផង ទើបធ្វើអោយភោជនីយដ្ឋាននេះ មានភ្ញៀវកកកុញតាំងពីមុនបើកសម្ពោធ។ ហើយកញ្ញាក៏រំភើបចិត្តផងដែរ ដែលថ្ងៃខួបរបស់ខ្លួន មានតារាចូលរួមកុះករ ដែលនេះគឺជាការផ្ដល់កិត្តិយសដ៏ធំធេង ដល់កញ្ញា និង គ្រួសារ៕