ចាត់ទុកថាគឺជោគជ័យធំមួយ ដែលលោក សូ ស្រណោះ ក្នុងនាមជានាយកសាលាស្រណោះតន្ត្រី ត្រូវបានគណកម្មការកម្មវិធីប្រកួតប្រជែងផ្នែកតន្ត្រី និង ចម្រៀងធំមួយរបស់សហរដ្ឋអាមេរិក ផ្ដល់សិទ្ធិអោយបញ្ជូនបេក្ខភាពតំណាងពីប្រទេសកម្ពុជា អោយទៅប្រកួតក្នុងកម្មវិធីនោះ ខណៈដែលការប្រកួតតន្ត្រី ដែលរៀបចំដោយសហរដ្ឋអាមេរិកនោះ គឺមានបេក្ខភាពមកពីទូទាំងពិភពលោក លើកលែងកម្ពុជា គឺមិនធ្លាប់មានឱកាសបានចូលរួមទាល់តែសោះ។
លោក សូ ស្រណោះ បានបង្ហាញនូវមោទនភាព ដែលសាលាទទួលបានសិទ្ធិរយៈពេល៣ឆ្នាំ ក្នុងការរៀបចំការប្រកួតនៅក្នុងប្រទេសកម្ពុជា ដើម្បីស្វែងរកអ្នកខ្លាំង អោយតំណាងកម្ពុជា ដើម្បីចេញទៅប្រកួត។ លោកថា សាលារបស់លោក ត្រូវទទួលសិទ្ធិរៀបចំការប្រកួត ដោយក្នុងដំណាក់កាលដំបូងនេះ គឺសាលា ស្រណោះតន្ត្រីនឹងប្រកាសជ្រើសរើសបេក្ខជន ដោយទទួលពាក្យពីថ្ងៃទី១៤ មីនា តទៅ ហើយបញ្ឈប់នៅថ្ងៃទី២២ មីនា នេះ។ បេក្ខជនបេក្ខនារី ដែលមានសមត្ថភាពផ្នែកតន្ត្រីព្យាណូ និង តន្ត្រីផ្សេងទៀត គឺអាចដាក់ពាក្យដោយស្មើភាព ដោយការប្រកួតដ៏សំខាន់មួយនេះ នឹងប្រលងជ្រើសរើសផ្ដាច់ព្រ័ត្រ នៅថ្ងៃទី២៦ មីនា ខាងមុខ ក្រោមវត្តមានគណកម្មការផ្ដល់ពិន្ទុមកពីប្រទេសមួយចំនួន ដែលជាដៃគូរបស់សាលាស្រណោះតន្ត្រី។ ការប្រកួតនេះ មិនកំណត់ចំនួនជ័យលាភីនោះទេ ពោលគឺអោយខ្លាំង អោយតែមានសមត្ថភាពសាលាជ្រើសយកទាំងអស់ ហើយទើបបង្វឹកអោយកាន់តែខ្លាំង ដើម្បីអោយអ្នកឈ្នះទាំងអស់បញ្ចេញសមត្ថភាពរៀងៗខ្លួន ហើយផ្ញើជាឃ្លីប ទៅកាន់គណកម្មការនៅអាមេរិក។
លោកថាអ្នកប្រកួតឈ្នះនៅថ្ងៃទី២៦ នេះ ត្រូវឆ្លងកាត់ការវាយតម្លៃមួយតង់ទៀត ក្រោយពេលផ្ញើឃ្លីបអោយខាងគណកម្មការអាមេរិកត្រួតពិនិត្យ ហើយប្រសិនបើគ្មានបញ្ហានឹងត្រូវចេញប្រកួតនៅរដ្ឋស៊ីកាហ្គោ សហរដ្ឋអាមេរិក នាខែកក្កដាខាងមុខ ជាមួយនឹងជាង១០០ប្រទេសនៅទូទាំងពិភពលោក។ លោកចាត់ទុកថា គឺជាមោទនាភាពដ៏ធំដែលការប្រកូតផ្នែកតន្ត្រីរបស់ពិភពលោកមួយនេះ នឹងមានវត្តមានបេក្ខភាពពីអាមេរិក ដែលលោក សូ ស្រណោះ ចាត់ទុកថាគឺជាមុខមាត់របស់កូនខ្មែរ ព្រោះតាមរយៈការផ្ដល់ឱកាសរបស់គណកម្មការអាមេរិក គឺកូនខ្មែរ នឹងមានលទ្ធភាពលើកទង់ជាតិលើឆាកអន្តរជាតិ ដ៏ធំមួយនេះ។ ហើយប្រសិនបើកូនខ្មែរ ដែលសាលាសម្រាំងបាន ស្រាប់តែឈ្នះមេដាយណាមួយទៀតនោះ គឺនឹងកាន់តែលើកមុខមាត់ជាតិ លើវិស័យតន្ត្រី និង ចម្រៀង។ នៅឆ្នាំ២០២៣នេះ លោកក៏ទទួលសិទ្ធិបញ្ជូនកូនសិស្ស អោយទៅប្រកួតនៅប្រទេសឥណ្ឌូនេស៊ីផងដែរ។
លោកថាមិនយូរទេ សាលាស្រណោះតន្ត្រីនឹងស្វែងរកអ្នកខ្លាំងតំណាងអោយប្រទេស ហើយលោកក៏ទទូចផងដែរ អោយយុវវ័យក្រោម២២ឆ្នាំ ដែលគិតថាខ្លួនមានសមត្ថភាព ចូលរួមដាក់ពាក្យអោយបានច្រើន ដោយមិនចំពោះតែសិស្សរបស់សាលាទេ ដើម្បីអាចស្វែងរកអ្នកខ្លាំង ទៅដណ្ដើមមុខមាត់ លើឆាកអន្តរជាតិ។