គិតមកទល់ពេលនេះមរណៈភាពរបស់តារាកំប្លែងជើងចាស់លោកតា ម៉ៅ សាមឿន ហៅនាយ វីតាមីនសេ ឈានចូលដល់គម្រប់5ឆ្នាំហើយ ដោយលោកបានលាចាកលោកដោយសារតែរោគាពាធ កាលពីថ្ងៃទី29 ខែមីនា ឆ្នាំ2018 កន្លងទៅជាច្រើនឆ្នាំមកនេះ។ មរណៈភាពរបស់លោកបានធ្វើឱ្យប្រជាជនខ្មែរក៏ដូចជាអ្នកគាំទ្ររបស់មានការសោកស្ដាយ និង ចងចាំឈ្មោះលោកនៅក្នុងចិត្តជានិច្ចតាមរយៈកេរ្តិ៍ឈ្មោះបោះសម្លេង និង ទេពកោសល្យដ៏ប៉ិនប្រសព្វក្នុងវិស័យសិល្បៈកំប្លែង។
ជាថ្មីម្ដងទៀតតារាកំប្លែងអ្នកនាង មឿន និមល ហៅ ប៉េងប៉ោង ដែលត្រូវជាកូនស្រីបង្កើតរបស់លោកតា វីតាមីនសេ ក៏បានប្រកាសធ្វើពិធីធំដុំមួយដើម្បីគាស់រំលើងនូវកម្មវិធីគម្រប់ខួបនៃការលាចាកលោករបស់លោកឪពុកដែលនឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី 30 ខែមីនា ឆ្នាំ2023 ខាងមុខនេះ ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញាណក្ខន្ធលោកឪពុក ក៏ដូចជា ផ្គួបគ្នាជាមួយនឹងកម្មវិធីបុណ្យកតញ្ញូ ចម្រើនព្រះជន្មជូនដល់អ្នកម្ដាយដែលនៅមានព្រះជន្ម នៅក្នុងថ្ងៃតែមួយផងដែរ។
ក្នុងនោះអ្នកនាង ប៉េងប៉ោង និង ស្វាមី ដែលជាអ្នកផ្ដួចផ្ដើមនៅក្នុងកម្មវិធីបុណ្យ ក៏បានគោរពអញ្ជើញបងប្អូនមិត្តៗសិល្បករទាំងក្មេងទាំងចាស់ឱ្យទៅចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 30 ខែមីនា ឆ្នាំ2023 ខាងមុខនេះនៅក្នុងបរិវេណវត្ត « ព្រះបារមីវង្កដ្ធបូរី ហៅវត្ត ទួលក្រសាំង » ដោយក្ដីគោរពផងដែរដោយអ្នកនាងសង្ឃឹមថាមិត្តសិល្បករនឹងផ្ដល់កិត្តិយសអញ្ជើញជាភ្ញៀវកិត្តិយស ក៏ដូចជា ជាកម្មវិធីជួបជុំរំឮកអនុស្សាវរីយ៍ក្រោយកូវីដ19បានបិទបញ្ចប់។